ខេត្តបាត់ដំបង ៖ ប្រឡាយបង្ហូរទឹកដ៏សំខាន់នៅចំណុច «អូរស្លាប៉ាង» ប៉ែកខាងលិចតំបន់«អាងកំពីងពួយ» ស្ថិតក្នុងស្រុកបាណន់ កំពុងប្រឈមនឹងការបាក់ដាច់ធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀងនៅប៉ែកខាងលើ ហើយត្រូវបានបើកបង្ហូរចូលអាងកំពីងពួយ ខណៈអាជ្ញាធរពុំទាន់អាចមានវិធានការទប់ទល់មាន តែបណ្ដែតបណ្ដោយតាមសន្ទុះទឹកតែប៉ុណ្ណោះ ។

ទំនប់ប្រឡាយបង្ហូរទឹកដ៏ធំនេះ សាងសង់ដោយមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានតភ្ជាប់ពីសំណង់ទ្វារទឹក «អូរដូនពៅ» ស្ថិតនៅឃុំឃ្លាំងមាស ស្រុកបវេល ឆ្ពោះទៅកាន់ «អាងកំពីងពួយ» ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ។ បើតាមអាជ្ញាធរមូលដ្ឋានប្រឡាយមេដ៏មានសារសំខាន់មួយខ្សែនេះ សម្រាប់នាំទឹកពីសំណង់ទ្វារទឹក «អូរដូនពៅ» ចូលទៅក្នុង«អាងកំពីងពួយ» ។ ប៉ុន្តែនៅពេលនេះ ទំនប់អមប្រឡាយបញ្ជូនទឹកនេះមួយកន្លែង នៅចំណុច«អូរស្លាប៉ាង» ស្ថិតក្នុង ឃុំតាគ្រាម ស្រុកបាណន់ កំពុងរងការខូចខាតធ្ងន់ធ្ងរដោយសារកម្លាំងទឹកហូរបុកផ្ដាច់ ។

អ្នកភូមិអូរស្លាប៉ាងបានប្រាប់កោះសន្តិភាព កាលពីថ្ងៃទី១៧ កញ្ញា ថា គេឃើញមានទឹកតិចទីចនៅតាមវាលស្រែ តែទឹកបានហូរបុកខ្លាំងនៅក្នុងប្រឡាយ ដែលតភ្ជាប់ពីទ្វារទឹកសំណង់ «អូរដូនពៅ» ហូរចូលក្នុងអាងកំពីងពួយ ។ ប្រជាពលរដ្ឋបាននិយាយថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មន្ត្រីជំនាញបានបើកទ្វារទឹកសំណង់ «អូរដូនពៅ» ដើម្បីនាំទឹកចូលក្នុង«អាងកំពីងពួយ» ទើបធ្វើឲ្យទឹកមានសន្ទុះខ្លាំងរហូតហូរបុកផ្ដាច់ទំនប់អមប្រឡាយនៅចំណុច«អូរស្លាប៉ាង» ។

ពាក់ព័ន្ធនឹងករណីនេះ អភិបាលស្រុកបាណន់ លោក ស្រេង សុខា បានថ្លែងប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១៨ កញ្ញា ថា ក្រោយទទូលបានព័ត៌មាននេះ កាលពីថ្ងៃទី១៧ កញ្ញា អាជ្ញាធរឃុំ និងមន្ត្រីជំនាញបានចុះទៅកាន់កន្លែងកើតហេតុ (ទំនប់ដាច់) ដើម្បីពិនិត្យស្ថានភាពទឹកជាក់ស្ដែង ។ លោកថា បើតាមការពិនិត្យជាក់ស្ដែង ស្ថានភាពទឹកហាក់មានសន្ទុះខ្លាំង ដោយសារមន្ត្រីជំនាញ បើកទ្វារទឹកសំណង់អូរដូនពៅ ដើម្បីនាំទឹកចូលក្នុងអាងកំពីងពួយ ។

ដោយឡែក ត្រង់ចំណុចទឹកបុកផ្ដាច់ទំនប់វិញ លោក ស្រេង សុខា បានទទូលស្គាល់ថា ពិតជាខូចខាតធ្ងន់ធ្ងរមែន ។ លោកបានប្រាប់ថា ប្រឡាយទឹកនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។ លោកថា បើពិនិត្យមើលស្ថានភាពទឹក គឺបានហូរកួចបុកផ្ដាច់ ធ្វើឲ្យបាក់ដាច់ទំនប់ម្ខាង។ ប៉ុន្តែលោកបានវាយតំលៃថា យ៉ាងណា មិនប៉ះពាល់ដល់ផលដំណាំពលរដ្ឋ ឬការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទេ ។

ចំពោះវិធានការទប់ស្កាត់វិញ បើតាមលោកអភិបាលស្រុករូបនេះបានបញ្ជាក់ថា ពេលនេះ យើងមិនអាចធ្វើយ៉ាងណាបានទេ ដើម្បីទប់ស្កាត់កុំឲ្យបាក់ដីបន្ត ។ ពីព្រោះកម្លាំងទឹកខ្លាំង ម្យ៉ាងដីបាក់កាន់តែខ្លាំងទៅហើយ បើទោះជាត្រូវប្រើប្រាស់ថ្មយកទៅចាក់ទប់ ក៏មិនអាចធ្វើបានដែរ ។ ដូច្នេះ យើងត្រូវទុកតាមដំណើរសិន ហើយខាងមន្ទីរធនធានទឹកនឹងមានវិធានការជួសជុលឡើងវិញ នៅពេលក្រោយសំខាន់ពេលនេះ យើងត្រូវការនាំទឹកចូលក្នុងអាងកំពីងពួយសិន ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៨ កញ្ញា នេះ បានឲ្យដឹងថា កំពស់ទឹកនៅក្នុងប្រឡាយខាងលើនេះ ហាក់នៅដដែលមិនទាន់ថមថយទេ ព្រោះបើតាមពិនិត្យកំពស់ទឹកនៅប៉ែកខាងលើ នៃទ្វារទឹកសំណង់«អូរដូនពៅ» នៅតែមានសន្ទុះខ្លាំងដដែល ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ