រាជធានីភ្នំពេញ ៖ ក្រោយពីចុះពិនិត្យ និងវា.យតម្លៃសក្តានុពលទេសចរណ៍ ដើម្បីលើកគម្រោងអភិវឌ្ឍទេសចរណ៍នៅតំបន់ព្រែកកោះប៉ោ និងពាមក្រសោប ស្ថិតក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង លោក នី ផល្លី រដ្ឋលេខធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា តំបន់ទាំងពីរនោះពោរពេញដោយធនធានធម្មជាតិមហាសាលសម្រាប់ការអភិវឌ្ឃជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ។

ផ្តល់បទសម្ភាសជាមួយសារព័ត៌មានកោះសន្តិភាពលោករដ្ឋលេខាធិការបានឲ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យតំបន់ទាំងពីរខាងលើនេះ ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលសំខាន់ៗនៅតំបន់នោះហើយផ្តើមពីនោះយើងនឹងមានមូលដ្ឋានជាក់លាក់មួយក្នុងការរៀបចំគម្រោងផែនការអភិវឌ្ឍ ។

លោកសង្កត់ធ្ងន់ថា តំបន់ទាំងពីរនោះសម្បូរដោយផលិតផលដ៏ពេញនិយម ហើយមានតម្រូវការខ្ពស់នៅលើទីផ្សារ ។ ដូច្នេះអ្វីជាការគិតគូរនៅក្នុងផែនការអភិវឌ្ឍតំបន់ទាំងពីរនោះ គឺយើងធ្វើយ៉ាងណាជំរុញតំបន់ទាំងពីរក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ។

លោក នី ផល្លី បានបន្ថែមថា គោលដៅទេសចរណ៍អភិវឌ្ឍតំបន់ទាំងពីរនោះ គឺប្រែក្លាយតំបន់នេះជាតំបន់ទេសចរណ៍ធម្មជាតិជីវចម្រុះផង និងទេសចរណ៍ចំណីអាហារសមុទ្រផងដែរ ។ ក្រោយមកនឹងអាចឈានទៅជំរុញឲ្យក្លាយទៅជាតំបន់ដ៏ល្បីល្បាញខាងទេសចរណ៍អាហារូបត្ថម្ភថែមទៀត ។ លោកបញ្ជាក់ តំបន់នោះក៏មានប្រភេទអាហារតំបន់ដែលធ្វើចេញពីផលិតផលសមុទ្រទាំងអស់ដែលមាននៅតំបន់នោះ ។
ទន្ទឹមនោះ តំបន់ទាំងពីរក៏អាចចាត់ទុកជាតំបន់ផ្គត់ផ្គង់នូវអាហារសមុទ្រសម្រាប់ទីផ្សារផ្សេងៗទៀតផងដែរ ឬក៏អាចនិយាយថា ជួយរក្សាស្ថេរភាពនៃសន្តិសុខស្បៀងមួយផ្នែកនៅក្នុងប្រទេស ។ លោកបន្ថែមថា យើងនឹងអភិវឌ្ឍតំបន់នោះជាតំបន់ទេសចរប្រកបដោយចីរភាព ឬការអភិវឌ្ឍទេសចរណ៍បែបពហុបំណង ។

លោកអះអាងថា បច្ចុប្បន្នតំបន់នោះ គឺមានអ្វីៗទាំងអស់ដែលទ្រទ្រង់ដល់ការអភិវឌ្ឍរបស់យើង ប៉ុន្តែយើងនៅតែត្រូវបំពេញបន្ថែមនូវហេដ្ឋារចនាតភ្ជាប់មួយចំនួនទៀត និងការរៀបចំផែនការជាក់លាក់រួមទាំងរៀបចំនូវខ្សែទេសចរណ៍ និងការផ្សព្វផ្សាយទាក់ទាញភ្ញៀវ ។
លោកបន្ថែមថា សម្រាប់តំបន់ពាមក្រសោប គឺមានអ្នកស្គាល់ និងបានទៅលេងច្រើនហើយ ទោះបីយើងមិនទាន់ប្រើប្រាស់ឲ្យអស់នៅអ្វីដែលជាធនធានធម្មជាតិនៅទីនោះក៏ដោយចុះ ។ ប៉ុន្តែដោយទ្បែកតំបន់ព្រែកកោះប៉ោ ពុំសូវមានអ្នកស្គាល់ហើយមានអ្នកទៅលេងច្រើននោះទេ តែទីនោះមានកន្លែងកម្សាន្តច្រើនជាងហើយទាក់ទាញជាង។

លោកបន្ថែមថា កន្លងទៅភ្ញៀវទេសចរទៅលេងតំបន់នោះតែពេលមានបុណ្យទាន ឬក៏ចុងសប្តាហ៍ថ្ងៃឈប់សម្រាកប៉ុណ្ណោះ ដូច្នេះវាមិនសក្កិសមទៅនឹងធនធានទេសចរណ៍នៅតំបន់ទាំងពីរនោះ ។ អញ្ចឹងហើយបានជាក្រុមការងារចុះធ្វើការងារដោយផ្ទាល់ ដើម្បីពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុនរៀបចំផែនការអភិវឌ្ឍ ។
លោកក៏បានអំពាវនាវដល់ប្រជាសហគមន៍ និងប្រតិបត្តិការទេសចរណ៍ រួមគ្នាដើម្បីបង្កើនផលិផលទេសចរថ្មីកាន់តែច្រើនថែមទៀត ហើយខិតខំថែទាំ និងពង្រឹងផលិតផលទេសចរដែលមានស្រាប់ ក៏ដូចចូលរួមថែរក្សា និងអភិរក្សជីវចម្រុះនៅតំបន់ទាំងពីរនោះឲ្យបានគង់វង្សបន្តទៀត ៕

ចែករំលែកព័តមាននេះ