ខេត្តពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ និងចំពោះ ប្រធាន អនុប្រធានក្រុមការងារក្រុង ស្រុក ឃុំ និងសមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ក្រុង ស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់ ដែលបានបូជាកំលាំងកាយចិត្តដឹកនាំនិងចូលរួមយ៉ាងសកម្មក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ជូនគណបក្សក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងនេះ ។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសសើរដោយស្មោះចំពោះទឹកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបុព្វហេតុបក្ស និងប្រជាជនរបស់យើង។ ស្នាដៃ និងលទ្ធផលនៃការខិតខំទាំងអស់របស់ ឯកឧត្តម លោកជំទាវលោក លោកស្រី នឹងត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តពោធិ៍សាត់របស់យើង»។
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ ក៏បានថ្លែងអំណរគុណកោតសរសើរ និងដឹងគុណដោយស្មោះអស់ពីដួងចិត្តជូនចំពោះប្រជាជននៃខេត្តពោធិ៍សាត់ទាំងមូលដែលបាននាំគ្នាយ៉ាងច្រើនកុះកររហូតដល់ជាង ៨៧%ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យសន្លឹកឆ្នោតបានការគាំទ្រគណបក្សប្រជាជនកម្ពុជារហូតដល់ជាង៩០%។
«លទ្ធផលដ៏ត្រចះត្រចង់នេះបង្ហាញឱ្យឃើញថាបងប្អូនពិតជាស្រលាញ់សន្តិភាពចង់បានការអភិវឌ្ឍ និងការការពារសង្គមពីរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនយ៉ាងពិតប្រាកដ»។ នេះជាថ្លែងបញ្ជាក់របស់ឯកឧត្តម ស៊ុយ សែម។
សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ៨.២១៣.២៦០នាក់ ស្មើនឹង៨៤,៥៨% បានមកបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុប ៩.៧១០.៦៥៥ នាក់។ ដោយឡែកសម្រាប់ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋបានមកបោះឆ្នោតមានចំនួន២៦០.៧៦៧នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៣០០.៣២៨នាក់។ ជាលទ្ធផល ខេត្តពោធិ៍សាត់ទទួលបានអាសនៈ៤លើ៤អាសនៈ ពោលគឺឈ្នះដាច់តែម្តង៕
ចែករំលែកព័តមាននេះ