អាជ្ញាធរជាតិអប្សរា ប្រើឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន) រកស្ថានីយឡស្លដែកតាំងពីបុរាណ(វីដេអូ)
- សៀមរាប
ខេត្តសៀមរាប ៖ គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី បានធ្វើការស្ទង់មើលទីតាំងឡ មុននឹងធ្វើការកំណាយសិក្សាស្រាវជ្រាវ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានមានប្រសាសន៍ថា គោកអាចម៌ដែកនេះ ជាទីតាំងជើងក្រានស្លដែកតាំងពីបុរាណមួយ ស្ថិតនៅក្នុងឧទ្យានអង្គរ ដែលជាស្ថានីយថ្មីមួយទើបរកឃើញ។ ហើយមានភស្តុតាងមួយចំនួនដូចជា ៖ សំណល់អាចម៍ដែក, បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមអ្នកស្រុកស្រែចង្ហូតយកអាចម៍ដែកទៀកិន ធ្វើជាថ្នាំព្យាបាលជំងឺអកលឿងនោះ ជាហេតុនាំឱ្យអាចសន្និដ្ឋានថា ទីតាំងនេះ គឺជាកន្លែងស្លដែកបុរាណមួយ ដែលមានយ៉ាងសំខាន់ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។

លោកបានបន្តទៀតថា កន្លងមក អ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើងក្រានស្លដែកបុរាណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើតដូចជា ស្ថានីយស្លដែកនៅភ្នំដែក (ខេត្តព្រះវិហារ) ស្ថានីយស្លដែកនៅតំបន់ខ្វាវ ស្ថិតក្នុងស្រុកជីក្រែង និងនៅភូមិគោល ស្រុកអង្គរជុំ ប៉ុន្តែពេលនេះ យើងបានសិក្សាស្រាវជ្រាវរកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។ ហើយឧស្សាហកម្មស្លដែកពីសម័យបុរាណ គឺមានសារសំខាន់ណាស់ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈកសិកម្ម អាវុធយុទ្ធភណ្ឌ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត សម្រាប់ប្រជាជនប្រហែល៨០ម៉ឺននាក់ ក្នុងរាជធានីអង្គរពីសម័យបុរាណ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឧទ្យានអង្គរ គេបានរកឃើញស្ថានីយឡស្លដែកចំនួន៣កន្លែង ក្នុងនោះរួមមាន ៖ ស្ថានីយទី១ នៅក្បែរសាលាក្រវ៉ាន់ ខាងជើងភ្នំបូក ស្ថិតក្នុងភូមិរំចេក, ស្ថានីយទី២ នៅគោកអាចម៌ដែក ក្បែរភ្នំបូក ស្ថិតក្នុងភូមិស្រែចង្ហូត និងស្ថានីយទី៣ នៅស្ថានីយត្រពាំងឫស្សីខាងត្បូងភ្នំបូក តាមបណ្តោយផ្លូវជាតិលេខ៦៧៕









ចែករំលែកព័តមាននេះ