ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ព្រំ រ​ដ្ឋា ទម្លាយ​រឿងរ៉ាវ​នៃ​ការ​ខាតបង់​ដ៏​ធំ​លើ​ជំនួញ​ផលិតកម្ម​រយៈពេល​២​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ជា​ថៅកែ​ផលិតកម្ម PR Production អ្នក​នាង ព្រំ រ​ដ្ឋា បាន​ទម្លាយ​រឿងរ៉ាវ​នៅ​ពីក្រោយ នៃ​ការ​ខាតបង់​ទ្រព្យសម្បត្តិ និង​កិត្តិយស នៅ​ក្នុង​មុខ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ថៅកែ​ផលិតកម្ម PR Production អ្នក​នាង ព្រំ រ​ដ្ឋា បាន​ទម្លាយ​រឿងរ៉ាវ​នៅ​ពីក្រោយ នៃ​ការ​ខាតបង់​ទ្រព្យសម្បត្តិ និង​កិត្តិយស នៅ​ក្នុង​មុខ​ជំនួញ​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​។

តារា​រូប​នេះ​បាន​បញ្ជាក់​ថា មិន​ត្រឹមតែ​បាត់បង់​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​នាង​ស្ទើរតែ​បាត់បង់​អាយុជីវិត​ថែម​ទៀត​ផង ដោយសារ​តែ​នាង​ជួប​បញ្ហា​ចាក់​ស្រះ​លើ​មុខ​ជំនួញ​ខាងលើ​នេះ ដោយសារ​ជំងឺ​កូ​វី​ដ​ចាប់ផ្តើម​វា​.​យ​លុក​ខ្លាំង​។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម អ្នក​នាង ព្រំ រ​ដ្ឋា បាន​លើក​ឡើង​ថា «​រយៈពេល​២​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​បាត់បង់​គ្រប់យ៉ាង កិត្តិយស ការងារ ទ្រព្យ​ស​សម្បត្តិ សឹង​ទាំង​ជីវិត ដោយ​ការ​ទទួលយក​មិន​បាន​»​។ នាង​បញ្ជាក់​ថា «​កូ​វី​ដ​បាន​បំផ្លាញ​ខ្ញុំ ឆ្នាំ​២០១៩ ការ​ចាប់ផ្ដើម​កូ​វី​ដ ទោះ​មិន​ទាន់​មក​ដល់​ប្រទេស​យើង តែ​យើង​គ្រប់​គា្ន​គឺ​ខ្លាច ការងារ​របស់ខ្ញុំ​ចាប់ផ្ដើម​ជួប​បញ្ហា ព្រោះ​តួ​មួយ​ចំនួន​គាត់​ខ្លាច ទោះជា​យើង​មាន​វិធី​ការពារ​»​។

នាង​បន្ត​ថា «​ខាង TV ក៏​តម្រូវ​អោយ​ខ្ញុំ​កាត់​សាច់​រឿង ព្រោះ​គាត់​ខ្លាច​ខ្ញុំ​ថត​មិន​ចប់ ព្រោះ​រឿង​កំពុង​ចាក់​ផ្សាយ​ទាំង​ដែល​ខ្ញុំ​ថត​ជិត​ចប់​។ ខ្ញុំ​ចាប់ផ្ដើម​ខាតបង់ ខ្ញុំ​តស៊ូ​ធ្វើ​ការងារ​ដែល​ជា​បេះដូង​របស់ខ្ញុំ ទីបំផុត​ខ្ញុំ​ត្រូវ​បាត់បង់​ការងារ​មួយ​នេះ​នៅ​ចុងឆ្នាំ​២០២១​។ ខាង​អ្នកធ្វើការ​ឲ្យ​ទូរទស្សន៍​លើក​ឡើង ខ្ញុំ​ធ្វើ​លើស​កុងត្រា​៥​ខែ ត្រូវ​បញ្ចប់​កុងត្រា​ទាំង​ដែល​ប្រទេស​ត្រូវ​បិទ​ក្រុង ចុះ​ការ​ខាតបង់​របស់ខ្ញុំ ដែល​គិត​ថា​ចប់​កូ​វី​ដ​នឹង​ប្រឹងប្រែង​ជា​ថ្មី​។ ខ្ញុំ​គិត​ថា មិន​និយាយ តែ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ហេតុ​អ្វី​ពេល​ដែល​យើង​ស្លូត​ត្រូវ​គេ​ធ្វើបាប​បែប​នេះ ? តែ​យ៉ាងណា ខ្ញុំ​ក៏​សូម​អគុណ​ប្អូនស្រី Thyda ខាង​​ទូរទស្សន៍ PNN ដែល​នៅ​តែ​ផ្តល់​ឱកាស និង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ខ្ញុំ បាន​ផ្តល់​ការងារ​ដល់​ខ្ញុំ ។ ខ្ញុំ​ពិតជា​ចង់ live និយាយ​រឿង​ក្នុង​ចិត្ត និង​ភាព​អយុត្តិធម៌​ដែល​ខ្ញុំ​ជួប បាន​បៀមទុក្ខ​២​ឆ្នាំ​មកនេះ​ណាស់​»​។

ជា​ការ​កត់សម្គាល់ នេះ​ជា​លើក​ទី​១​ហើយ​ដែល​អ្នក​នាង ព្រំ រ​ដ្ឋា បាន​ទម្លាយ​ពី​រឿងរ៉ាវ​នៅ​ពីក្រោយ​ការ​ខាតបង់​ដ៏​ធំ​នៅ​លើ​មុខ​ជំនួញ​នៃ​ការ​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន ក្នុង​ពេល​កន្លង​ទៅ នាង​ក៏​ត្រូវ​បាន​តារា​មួយ​ចំនួន​ប្រកាស​យ៉ាង​ជំហរ​ឲ្យ​អ្នក​នាង​ចេញ​មុខ​ទូទាត់​បំណុល​ថ្លៃ​ថត និង​ការ​ជំពាក់​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង ព្រំ រ​ដ្ឋា ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អាណិកជន​ម្នាក់​នៅ​សហរដ្ឋ​អាមេ​រិក​កាលពី​អំឡុង​ឆ្នាំ​២០០៣ ហើយ​ក្រោយ​រៀប​ការ នាង​បាន​ចេញ​ទៅ​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ជាមួយ​ស្វាមី រហូត​ដល់​បង្កើត​បានកូន​ស្រី​ម្នាក់​ជា​ចំណងដៃ​ទៀត​ផង​។ ប៉ុន្តែ​ក្រោយមក គឺ​នៅ​អំឡុង​ឆ្នាំ​២០០៩ ចំណង​ស្នេហ៍​នេះ​ត្រូវ​បាន​បែកបាក់​ទៅ​វិញ​។ ក្រោយ​ពី​លែងលះ​ដាច់ស្រេច​ជាមួយ​ស្វាមី អ្នក​នាង ព្រំ រ​ដ្ឋា ក៏​បាន​ត្រឡប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ ដោយ​ទុក​ឲ្យ​កូនស្រី​រស់នៅ​ជាមួយ​ឪពុក​។ ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ នាង​បាន​ចាប់​យក​អាជីព​សម្ដែង​ឡើង​វិញ រហូត​ដល់​នាង​បាន​ក្លាយជា​ចាងហ្វាង​ផលិតកម្ម​មួយ​ឈ្មោះ​ថា «PR» រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ