រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក នៅ ស៊ីនឿន ប្រកាសពីដំណឹងដ៏រីករាយមួយ គឺភរិយារបស់លោកបាននិងកំពុងតែពពោះកូនជាលើកដំបូងហើយ បន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការប្រមាណជាង១ឆ្នាំមកនេះ។ ទាំងរូបលោក និងភរិយា សម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលដែលពួកគេអាចសម្រេចតាមក្តីបំណងនៅក្នុងការមានកូន ដោយមិនពន្យាពេល ក្រោយមង្គលការរួច។
តារាចម្រៀងលោក នៅ ស៊ីនឿន បានបង្ហាញរូបភាពជាមួយភរិយា និងរូបថតលទ្ធផលពីការពិនិត្យផ្ទៃពោះ ដោយអមជាមួយនឹងសំណេរបង្ហោះលើគណនីហ្វេសប៊ុករបស់លោកថា «អនុស្សាវរីយ៍ថ្មី លើទឹកដីសូហ្វីតែល គឺជាកន្លែងដែលយើងទាំងពីរនាក់បានរៀបអាពាហ៍ពិពាហ៍នៅទីនេះ»។ លោកបញ្ជាក់ថា «ថ្ងៃនេះយើងខ្ញុំទាំងពីរនាក់ចង់បង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តជាទីបំផុត ជាថ្ងៃដែលយើងខ្ញុំទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារទន្ទឹងរង់ចាំ គឺយើងខ្ញុំទទួលបានសមាជិកថ្មីហើយ»។
បើទោះបីជាលោក នៅ ស៊ីនឿន បើកបង្ហាញពីការទទួលបានកូនដំបូងនាពេលនេះក៏ដោយ ប៉ុន្តែតារារូបនេះមិនបានបញ្ជាក់ទេថា តើកូនរបស់លោកគឺជាស្រី ឬក៏ជាប្រុស? ហើយមានអាយុប៉ុន្មានខែឡើយ? ប៉ុន្តែបើផ្អែកទៅលើការបង្ហោះសារពីភរិយាលោកនៅលើបណ្តាញសង្គម កូនរបស់ពួកគេនឹងសម្រាលក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះ។

ទោះជាយ៉ាងណា ក្រោយពីលោក នៅ ស៊ីនឿន បានប្រកាសពីដំណឹងល្អខាងលើនេះ គេឃើញមានមហាជន មិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសបណ្តាអ្នកគាំទ្ររូបលោកជាច្រើនបានចូលរួមសម្តែងការអបអរសាទរនៅពេលដែលលោកទទួលបានកូនដំបូង ក្រោយមង្គលការនាពេលនេះ។ គេរំពឹងថា កូនដំបូងនាពេលនេះ នឹងរឹតធ្វើអោយចំណងគ្រួសាររវាងលោកនិងភរិយាកាន់តែផ្អែមល្ហែម និងកាន់តែរឹងមាំថែមទៀត។
ជាការកត់សម្គាល់ តារាចម្រៀងលោក នៅ ស៊ីនឿន បានសម្រេចចិត្តចូលរោងការជាមួយនឹងភរិយាដែលជាអាណិកជនខ្មែររស់នៅអាមេរិក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ខណៈពេលមង្គលការរបស់លោកបានរៀបចំធ្វើនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងរាជធានីភ្នំពេញ។
រហូតមកទល់នាពេលនេះ ថ្វីដ្បិតតែរៀបការមានគូស្រករ តែតារាចម្រៀង នៅ ស៊ីនឿន មិនបានបោះបង់អាជីពចម្រៀងចោលឡើយ លោកនៅតែបន្តអាជីពនេះតទៅមុខទៀត ប្រសិនបើទស្សនិកជននៅតែគាំទ្រ ចំណែកភរិយាលោកវិញ នៅតែគាំទ្រស្វាមីនៅក្នុងវិស័យនេះ ទោះបីជាអ្នកទាំងពីរមានគម្រោងការងារជាច្រើនត្រូវធ្វើជាបន្តបន្ទាប់ក្តី។
តារារូបនេះបញ្ជាក់ថា លោកពុំទាន់មានគម្រោងនឹងចាកចេញទៅរស់នៅសហរដ្ឋអាមេរិក តាមភរិយាខ្លួននោះឡើយទេ ដោយសារអ្នកទាំងពីរមានគម្រោងជាច្រើនដែលត្រូវធ្វើនៅលើទឹកដីកំណើត។
លោក នៅ ស៊ីនឿន និងភរិយា ត្រូវបានគេដឹងថា អ្នកទាំងពីរបានបោះទុនប្រាក់រាប់សែនដុល្លារក្នុងការបើករីសតនៅខេត្តមណ្ឌលគីរី ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះ លោកឧស្សាហ៍ចេញចូលខេត្តនេះជាញឹកញាប់។ លោកសង្ឃឹមថា ទៅថ្ងៃមុខ មុខរបររកស៊ីនេះនឹងកាក់កបអាចរកប្រាក់ចំណូលបានបន្ថែមពីលើការងារមួយនេះ៕







ចែករំលែកព័តមាននេះ