ខេត្តកំពង់ចាម ៖ ដីព្រៃលិចទឹកបឹងចា ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ត្រូវបានក្រុមមនុស្សខិលខូចមួយចំនួន ប្រើប្រាស់គ្រឿងចក្រទៅឆាយ ដើម្បីធ្វើជាកម្មសិទ្ធិ ជាមួយនោះថែមទាំងចោទប្រកាន់មកលើអាជ្ញាធរស្រុកថែមទៀតផង។ ក្រោយពីមានបាតុភាពបែបនេះកើតឡើង ត្រូវបានរដ្ឋបាលខេត្ត ចាត់គណៈកម្មការចម្រុះមួយក្រុម ឱ្យចុះទៅស៊ើបអង្កេតជាបន្ទាន់ដើម្បីវែកមុខក្រុមមនុស្សខិលខូចទាំងនោះ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ថា កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋរស់នៅភូមិព្រែករំដេង បានចោទប្រកាន់មកលើអាជ្ញាធរពាក់ព័ន្ធថា បានបើកដៃឲ្យមនុស្សខិលខូចមកឈូសឆាយដីព្រៃលិចទឹក ដើម្បីយកធ្វើជាកម្មសិទ្ធិ។ ក្រោយពីទទួលបាននៅព័ត៌មាននេះភ្លាម រូបលោករាយការណ៍មកឯកឧត្តមអភិបាលខេត្ត ដើម្បីឱ្យដឹង និងចាត់ឱ្យគណៈកម្មការចម្រុះបើកការស៊ើបអង្កេតជាបន្ទាន់។

អភិបាលស្រុកស្រីសន្ធរ ប្រាប់បន្តឱ្យដឹងទៀតថា ក្រោយពីគណៈកម្មការចម្រុះ ក្នុងនោះរួមមាន សូរិយោដីខេត្ត នគរបាល អាវុធហត្ថ ខណ្ឌរដ្ឋបាលជលផល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការព្រួតពិនិត្យជាបន្ទាន់។ ប៉ុន្តែគ្រាដែលចុះទៅនោះ គ្រឿងចក្រត្រូវបានគេដកថយទៅបាត់ ដោយមិនទាន់ដឹងថា ជារបស់បុគ្គលណាមួយនៅឡើយ។ ផ្អែកតាមការស្រាវជ្រាវដោយយកចិត្តទុកដាក់ សកម្មភាពឈូសឆាយដីព្រៃលិចទឹកប្រមាណជិតមួយហិកតា ជាមួយនោះអាជ្ញាធរមិនអនុញ្ញាតឲ្យមានការឈូសឆាយបន្តទៀត ហើយដីដែលឈួសឆាយរួចក៏ត្រូវបានដកហូតមកវិញ ទុកជាសម្បត្តិរបស់រដ្ឋ។

សូមបញ្ជាក់ថា បឹងចាននេះ តាមប្រវត្តិគឺបានកកើតជាយូរឆ្នាំមកហើយ។ គ្រាដែលរូបលោកនៅពីកុមារ គឺចាស់ៗគេនិយាយថា បឹងចា ដែលផ្ទុកទឹកសម្រាប់ឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញ បូមទឹកស្រោចផលដំណាំដោយងាយស្រួល។ យោងតាមការស្រាវជ្រាវ រហូតមកដល់ពេលនេះ គឺគេដឹងថា ក្រុមមនុស្សខិលខូចមានគ្នាពីរទៅបីនាក់ ដែលថែមទាំងស្គាល់ភិនភាគច្បាស់ទៀតផង។ ចំពោះការចោទប្រកាន់ការឈូសឆាយដីព្រៃលិចទឹកមកលើអាជ្ញាធរស្រុក រូបលោកសូមបដិសេធទាំងស្រុងថា មិនមានការពាក់ព័ន្ធណាបន្តិចសោះ។

សូមបញ្ជាក់ទៀតថា រដ្ឋបាលខេត្តកំពង់ចាម បានចេញប្រកាសព័ត៌មានស្ដីពីករណីចោទប្រកាន់អាជ្ញាធរស្រុកស្រីសន្ធរ ពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចា នៅឃុំព្រៃរំដេង ស្រុកស្រីសន្ធរ សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្ដាញសង្គមនានានៅវីដេអូឃ្លីបមានរយៈពេល៩នាទីនិង៣១វិនាទីរបស់បុរសម្នាក់ឈ្មោះ ឌុច ភ័ស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករំដេង «គ» ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើការចោទប្រកាន់មកលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អំពីការឃុបឃិតឈូសឆាយដីបឹងចា នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរជំនាញ និងអាជ្ញាធរ បានជួបជាមួយសាមីខ្លួនផ្ទាល់ ហើយសាមីខ្លួនបានបកស្រាយថា ខ្លួនមានការយល់ច្រឡំ ទើបមានការប្រើប្រាស់នៅពាក្យសំដីជ្រុលហួសហេតុធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធនានារហូតឈានដល់ធ្វើការចោទប្រកាន់ខុសការពិត។ ជាមួយគ្នានេះ សាមីជនក៏បានធ្វើការសុំទោសជាសាធារណៈតាមរយៈសង្គមផងដែរ។ នៅក្នុងសេចក្តីប្រកាសរដ្ឋបាលខេត្ត ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕








ចែករំលែកព័តមាននេះ