ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទិញ​ផ្ទះ​បុរី VIP បន្ត​ការ​តវ៉ា​បិទផ្លូវ​លេខ​២១៧ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ជា​បន្ទាន់

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ការ​ទិញ​ផ្ទះល្វែង​បុរី VIP បាន​លើកគ្នា​ធ្វើការ​តវ៉ា​បិទផ្លូវ​បន្ត​ទៀត ដោយ​លើក​នេះ បិទ​ទាំង​ខាង​ទិស​ដៅ​ចេញពី​រាជធានី​ភ្នំពេញ និង​ទិស​ដៅ​ចូល​រាជធានី​ភ្នំពេញ​តែ​ម្ដង ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ពួក​គាត់​ជា​បន្ទាន់​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ការ​ទិញ​ផ្ទះល្វែង​បុរី VIP បាន​លើកគ្នា​ធ្វើការ​តវ៉ា​បិទផ្លូវ​បន្ត​ទៀត ដោយ​លើក​នេះ បិទ​ទាំង​ខាង​ទិស​ដៅ​ចេញពី​រាជធានី​ភ្នំពេញ និង​ទិស​ដៅ​ចូល​រាជធានី​ភ្នំពេញ​តែ​ម្ដង ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ពួក​គាត់​ជា​បន្ទាន់​។

ក្រោយ​ពេល​ទិញ​ដី ទិញ​ផ្ទះ បង់ប្រាក់​គ្រប់​អស់ហើយ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មកនេះ នៅ​អត់​ទាន់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ ហើយ​អ្នកខ្លះ​ក៏​ពុំ​ដឹង​ថា ដី និង​ផ្ទះ​នៅឯណា​ផង​។ ហើយ​នៅ​ក្នុង​ពេលធ្វើការ​តវ៉ា​នោះ ពួក​​គាត់​បាន​កាន់​បដា និង​រូបថត​របស់​សម្ដេច​ទាំង​ទ្វេ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​សុំ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​មុខ​ច្រកចូល​បុរី​វី អាយ ភី ស្ថិត​នៅ​ក្នុងភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​មានការ​បិទផ្លូវ​បែប​នេះ យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​បាន​អាជ្ញាធរ​ពង្វាង ឲ្យ​ធ្វើ​ចរាចរណ៍​ចូល និង​ចេញ​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដា​ផ្លូវ​នានា ចៀសវាង​មានការ​កកស្ទះ​។ ហើយ​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ នៅ​ពុំ​ទាន់​ត្រូវ​គ្នា​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ពុំ​ទាន់​ចាកចេញ​ពីលើ​ផ្លូវ​នៅឡើយ​ដែរ​។

ប្រជាពលរដ្ឋ​ខាងលើ បាន​និយាយ​ឲ្យ​ដឹង​ដដែល​ៗ​ថា ពួក​គាត់​មានការ​ឈឺចាប់​ខ្លាំង​ណាស់ ដោយសារ​តែ​ចាញ់​បោ​.​ក​ម្ចាស់​បុរី វី​អាយ​ភី បណ្ដាល​ឲ្យ​ខាតបង់​ប្រាក់ និង​ពេលវេលា ព្រមទាំង​ជំពាក់​បំណុល​ធនាគារ​ស្ទើរ​គ្រប់​គ្នា​។ ពួក​គាត់​បាន​ទិញ​ផ្ទះល្វែង​បុរី វី​អាយ​ភី នេះ ពី​ឈ្មោះ ហម រ៉​ន និង​ឈ្មោះ វន វណ្ណៈ ដែល​ជា​ម្ចាស់​បុរី​នោះ តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ​។ គិត​រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​បាន​បង់ប្រាក់​គ្រប់​ចំនួន​តាម​កិច្ចសន្យា​រួច​ហើយ តែ​អ្នកខ្លះ​ទទួល​បាន​ផ្ទះ​ហើយ​នៅ​អត់​ទាន់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​នោះ​ទេ រីឯ​អ្នកខ្លះ​ទៀត​កុំ​ថា​ឡើយ​ប័ណ្ណកម្មសិទ្ធិ គឺ​អត់​ទាំង​ដី និង​ផ្ទះ​ថែម​ទៀត​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ថា ពេល​សួរនាំ ម្ចាស់​បុរី​នេះ​ឆ្លើយ​ដោះសារ​រហូត ពុំដែល​ទទួលខុសត្រូវ​ឡើយ មិនតែប៉ុណ្ណោះ​បាន​ទាមទារ​ឲ្យ​ពួក​គាត់​បង់លុយ​ថែម​រហូត​ទៀត​ផង ដោយសារ​តែ​បែប​នេះ ទើប​ពួក​គាត់​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា ដោយ​មុន​ដំបូង​ធ្វើ​តែ​នៅ​ក្នុង​បុរី​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​គ្មាន​ដំណោះស្រាយ ទើប​ចេញ​បិទផ្លូវ​២១៧ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ម្ចាស់​បុរី​មួយ​នេះ ចេញ​មុខ​មក​ទទួលខុសត្រូវ ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ប្លង់​ស្របច្បាប់​កាន់កា​.​ប់​ផ្ទះ និង​បំបែក​ប្លង់​ក្បាលដី​ឲ្យ​ស្របច្បាប់​ជូន​ពួក​គាត់ ដោយ​គ្មាន​លក្ខខណ្ឌ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ពុំ​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ប្រជាពលរដ្ឋ​ទិញ​ផ្ទះ​នៅ​បុរី VIP នេះ បាន​ធ្វើការ​តវ៉ា​បិទផ្លូវ​លេខ​២១៧ ដើម្បី​ទាមទារ​សុំ​ឲ្យ​ម្ចាស់​បុរី​ខាងលើ ចេញ​មុខ​ដោះស្រាយ​បែប​នេះ​។ កន្លង​មក ពួក​គាត់​ធ្លាប់​បាន​តវ៉ា​បិទផ្លូវ​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពុំ​ដឹង​ថា​ឈ្មោះ ហម រ៉​ន និង​ឈ្មោះ វ៉​ន ណា​ក់ ដែល​ជា​ម្ចាស់​បុរី​មួយ​នេះ កំពុង​ស្ថិត​នៅ​ទីណា​នោះ​ឡើយ ព្រោះ​រាល់ពេល​ដែល​ប្រជាពលរដ្ឋ​ដែល​ជា​អតិថិជន​របស់​ខ្លួន​ធ្វើការ​តវ៉ា​ម្ដង​ៗ ពុំដែល​ឃើញ​មុខ​ពួក​គេ​ចេញ​មុខ​ដោះស្រាយ​ឡើយ​។

ដោយឡែក អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខណ្ឌដង្កោ បាន​សម្របសម្រួល​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក៏​ច្រើន​លើក​ផង​ដែរ ប៉ុន្តែ​ពុំ​បាន​ធ្វើ​ឲ្យ​វិវាទ​មួយ​នេះ សះជា​បាន​នោះ​ទេ ។ ហើយ​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ការ​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ផង​ដែរ ដោយ​បញ្ជាក់​ថា វិវាទ​នេះ មាន​លក្ខណៈ​ស្មុគស្មាញ និង​ពាក់ព័ន្ធ​ច្រើន​ភាគី ហើយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​នោះ បាន​បញ្ជាក់​នៅ​មូលហេតុ​ចំនួន​៦​ចំណុច​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ