ខេត្តកំពង់ស្ពឺ ៖ រឿងកាយអាចម៍ដីយកទៅលក់ដោយគ្មានច្បាប់អនុញ្ញាតសព្វថ្ងៃនេះ វាបានក្លាយទៅជាទម្លាប់ទៅហើយ រវាងឈ្មួញលក់អាចម៌ដីជាមួយមន្ត្រីដែលសង្ស័យខិលខូចមួយចំនួនតូច ដោយអនុញ្ញាតអោយឈ្មួញកាយអាចម៌ដីលក់មុន បើមិនបែកការទេ គឺឈ្មួញចេះតែសម្ងំកាយទៅ តែបើបែកការក្រុមមន្ត្រីដែលសង្ស័យខិលខូចមួយចំនួនប្រាប់ថា គេកំពុងរត់ច្បាប់។
ជាក់ស្តែងរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិត្រពាំងខ្យង ដែលត្រូវគេដឹងថា ជារបស់ឧកញ៉ា ម៉ៅ ហៅឧកញ៉ាវត្ត មានឈ្មោះពិត «ប៊ុត ចន្ថា» ជាទាហាននៅកងកាំភ្លើ.ងធំ មិនបានដាក់ឈ្មោះខ្លួនឯងនោះទេ គឺដាក់ឈ្មោះស្រុន ដើម្បីសុំច្បាប់អាជីវកម្ម។

ប្រភពដដែលបានប្រាប់ថា ក្រោយកោះសន្តិភាពបានចេញផ្សាយ គេសង្កេតឃើញថា ក្រុមឈ្មួញដែលមានមន្ត្រីខិលខូចមួយចំនួនចាំប្រាប់ព័ត៌មាន បានផ្អាកសកម្មភាពដោយបានយកគ្រឿងចក្រទៅលាក់ទុកតាមភូមិ។
បើតាមអ្នកភូមិ បានប្រាប់ឱ្យដឹងថា តាមដឹងពីបុរសមេការម្នាក់ឈ្មោះភក្តិ និយាយ គឺពេលនេះមេម៉ៅ និងមេស្រុនរបស់គេ បានប្រាប់អោយផ្អាកសកម្មភាពសិន ព្រោះកាសែតផ្សាយច្រើនណាស់ ចាំលោកអភិបាលខេត្តចុះហត្ថលេខាអនុញ្ញាតច្បាប់ចាំធ្វើបន្ត។ ក្រុមអ្នកភូមិបានលើកឡើងបន្ថែមថា រឿងនេះ បើកាសែតមិនផ្សាយទេ គេក៏មិនឈប់ដែរ បើរំពឹងលើអាជ្ញាធរ និងជំនាញស្ងាត់ដូចចោរលួចសេះ។
មិនត្រឹមតែប៉ុណ្ណោះមានការលើកឡើងផងដែរថា ការបាត់បង់ចំណូលរដ្ឋតាមរយៈការបង់សួយសារមិនបាច់ឆ្ងល់ទេ គឺដោយសារការឃុបឃិតគ្នារវាងឈ្មួញ និងមន្ត្រីនេះហើយ។ បើគ្មានការបើកដៃពីសំណាក់មន្ត្រី និងជំនាញទេ ក៏ពួកឈ្មួញមិនហ៊ានធ្វើសកម្មភាពដែរ។ ករណីនេះ ថ្នាក់លើគួរតែពិនិត្យពិចារណាខ្លះ ហើយពាក់ព័ន្ធឈ្មួញដឹកដីឈ្មោះ ប៊ុត ចន្ថា ដ៏មានឥទ្ធិពល ជាទាហាន ដែលកំពុងធ្វើអោយពលរដ្ឋក្តៅក្រហាយ ដោយសាររណ្ដៅដីគ្មានច្បាប់របស់ខ្លួននេះ និងខូចផ្លូវ។

សូមរំលឹកថា មេឈ្មួញរកស៊ីកាយអាចម៍ដី កំពុងប្រើអំណាចជាទាហានរបស់ខ្លួននៅកងកាំភ្លើ.ងធំ ដែលគេដឹងថា មានលុយកាក់ដ៏មហាសាល រកស៊ីបំពានច្បាប់រាល់ដង គឺមិនដែលបង់សួយសារជូនរដ្ឋនោះឡើយ។ សូម្បីតែអាជ្ញាធរភូមិ ឃុំ ស្រុក ជាពិសេសគឺជំនាញរ៉ែតែម្ដង មិនហ៊ានទៅជិតឡើយ ព្រោះគេខ្លាចអំណាចមេឈ្មួញរូបនេះ ដែលជាទាហាននៅកងកាំភ្លើ.ងធំឈ្មោះ ប៊ុត ចន្ថា ហៅម៉ៅ ឬឧកញ៉ាវត្ត ដ៏មានឥទ្ធិពលផ្នែកខាងរកស៊ីកាយអាចម៍ដី ដោយពុំចាំបាច់មានច្បាប់នោះទេ ដោយរូបគេគ្រាន់តែប្រើអំណាចទាហានរបស់ខ្លួនតែប៉ុណ្ណោះ គឺអាចកាយអាចម៍ដីដឹកយកទៅលក់បានហើយ។ ជាក់ស្ដែង រណ្តៅកាយអាចម៍ដីដ៏សែនធំ ហើយជ្រៅមួយ ស្ថិតនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ជាប់នឹងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបង្ហើប គឺឈ្មួញរកស៊ីកាយអាចម៍ដីរូបនេះ កំពុងធ្វើអាជីវកម្ម ដោយពុំមានការអនុញ្ញាត ឬលិខិតបញ្ជាក់ពីមន្ទីររ៉ែ ថាមពល និងខេត្តឡើយ គឺឈ្មួញឈ្មោះ ប៊ុត ចន្ថានេះ គេតែងតែប្រើអំណាចខ្សែបណ្ដាញ និងលុយកាក់តែប៉ុណ្ណោះ អាចដំណើរការទៅយ៉ាងរលូន ហើយស្ងាត់ដូចចោរលួចសេះតែម្ដង។

ប្រភពព័ត៌មានបានលើកឡើងបន្តថា មេឈ្មួញឈ្មោះ ប៊ុត ចន្ថា ហៅម៉ៅនេះ គេមានជំនាញរកស៊ីកាយអាចម៍ដីបំពានច្បាប់បែបនេះច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងដូចជាការធ្លាក់រាយអាចម៍ដីលើផ្លូវប្រជាពលរដ្ឋ ស្នើឱ្យមានការដោះស្រាយ ក៏គេធ្វើមិនដឹងមិនឮ ហើយតែងតែប្រើអំណាចទាហាននៅកងកាំភ្លើ.ងធំរបស់ខ្លួន គំរា.មប្រជាពលរដ្ឋគ្រប់ពេលវេលា។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងខ្យង និងភូមិនានា នៅជិតនោះបានលើកឡើងថា សព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសត្វពាហនៈ ជាពិសេសគឺកូនៗរបស់ពួកគាត់តែម្ដង បើសិនជាជ្រុលធ្លាក់ទៅក្នុងរណ្ដៅដីរបស់ ប៊ុត ចន្ថា ហៅម៉ៅ ឬឧកញ៉ាវត្តនេះហើយ គឺស្លា.ប់គ្មានសល់នោះទេ។ បើនិយាយពីឡានរបស់ឈ្មោះនេះវិញ គឺប្រើសុទ្ធតែឡានកង់៦ និងយីឌុបទៀតផង ដែលជាហេតុធ្វើអោយផ្លូវជាតិ និងស្ពានឆាប់ខូចផងដែរ។ ចំពោះការដឹកដីវិញ គឺហៀរធ្លាក់រាយប៉ាយពេញដី ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាខ្លាំង។ បើតាមការសង្កេត គេមិនដែលឃើញជំនាញពាក់ព័ន្ធណាមកធ្វើការត្រួតពិនិត្យឡើយ។

ហើយប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ ក៏សូមសំណូមពរដល់មន្ត្រីជំនាញរ៉ែ មិនថា មន្ទីរក្រសួង ឬមន្ត្រីសាលាខេត្តនោះទេ។ ហើយបើបានដឹងហើយ សូមមេត្តាចាត់វិធានការឲ្យបានក្តៅគគុកផង កុំឲ្យជននេះអាងអំណាចជាទាហាននៅអង្គភាពកាំភ្លើ.ងធំ យកតួនាទីឧកញ៉ាវត្ត ប៊ុត ចន្ថា ហៅម៉ៅនេះផង ចៀសវាងមានការរិះគន់ថា មន្ត្រីបង្ក្រាបបានតែអ្នករកស៊ីតូចតាច ដល់អ្នកមានតួនាទីជាទាហាន មិនហ៊ានបង្ក្រាប ដោយខ្លាចអំណាចទឹកលុយ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ