រាជធានីភ្នំពេញ ៖ អបអរសាទរ លោកតាឡុង សារឿន និងលោកយាយយស ហៀក ដែលបានសម្រេចបំណងប្រគល់ប៉ាន់តែដែលធ្វើឡើងពីដី និងស្ពាន់បុរាណជូនសម្តេចតេជោ សម្រាប់តម្កល់ទុកក្នុងសារមន្ទីរជាតិ។នេះបើយោងតាមផេកសម្តេចតេជោ បានបង្ហោះមុននេះ។
យោងតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោកតាវ័យចំណាស់ និងលោកយាយ និងក្រុមការងារ ដោយបានភ្ជាប់ជាមួយសារ ៖នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ)មួយពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ការទទួលវត្ថុអនុស្សាវយីត្ថុបុរាណ នេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។
លើសពីនេះទៅទៀត វត្ថុបុរាណ(ប៉ាន់តែ)នេះធ្វើអំពីដី និងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅក្នុងការបង្ហោះសារខាងលើនេះដែរ ក៏មានមហាជនជាច្រើនបងចូលរួមអបអរសាទរដល់លោកតា និងលោកយាយផងដែរ។ ដោយមានមិត្តអ្នកអានខ្លះបានថា«អាចចាត់ទុកថា ជាកម្រងរូបភាពល្អមួយដែលបង្ហាញពីមនោសញ្ចេតនា និងការគោរពស្រលាញ់របស់សម្តេច និងប្រជាជន ដែលពោរពេញទៅដោយសេចក្តីសុខផ្លូវចិត្ត និងសន្តិភាព»។ ចំណែកអ្នកគាំទ្រដទៃទៀតថា«លោកតាបានសម្រេចបំណងប្រាថ្នាគាត់ហើយ អរគុណសម្ដេចពុក»…និងនៅមានពាក្យអបអរសាទរជាច្រើនទៀត៕
ចែករំលែកព័តមាននេះ