ខេត្តព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើកទី៩ រវាងខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍន៍រវាងខេត្តជាប់ព្រំដែន ។
កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការលើកទី៩ រវាងខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចម្ប៉ាសាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនៅទីក្រុងប៉ាក់សេ ខេត្តចម្ប៉ាសាក់ ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍន៍ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យបាន កាន់តែរឹងមាំបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងផ្នែកធនធានមនុស្ស នៅក្នុងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ឯកឧត្តមក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ ព្រមទាំងឯកភាពបន្តពង្រឹងទំនាក់ទំនងដ៏ល្អ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត និងខេត្តនៃប្រទេសទាំងពីរ ជាពិសេសវិស័យសំខាន់ៗ ដូចជា នយោ បាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។
ឯកឧត្តមបានបន្តទៀតថា កិច្ចសហប្រតិបត្តិការកន្លងមក បានអនុវត្តទៅលើវិស័យនានា ដែលបង្កលក្ខណៈឲ្យភាគីទាំងពីរសហការ និងដោះស្រាយនូវបញ្ហា ការរក្សាសណ្តាប់ធ្នាប់សន្តិ សុខតាមបណ្តោយព្រំដែន ដូចជាអំពើចោរកម្ម ការឆ្លងចេញ-ចូលសួរសុខទុក្ខរបស់ប្រជាពលរដ្ឋ ការរៀបចំពិធីបុណ្យអុំទូកមិត្តភាព រវាងស្រុកខូង និងស្រុកឆែប ដើម្បីបង្កើនការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទំនិញ និងទេសចរណ៍។
ស្របជាមួយនិងលទ្ធផលដែលអនុវត្តនាពេលកន្លងមក យើងសង្កេតឃើញថាមានបញ្ហាមួយចំនួន នៅ មិនទាន់អនុវត្តបានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការលួចកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធ-ការបរបាញ់សត្វ ការឆ្លងដែនខុសច្បាប់ ការរៀបអាពាហ៍ពិពាហ៍ ខុសច្បាប់ ការផ្លាស់ប្តូរកិច្ចប្រជុំរវាងមន្ទីរជំនាញ និងមន្ទីរជំនាញ កិច្ចប្រជុំថ្នាក់ស្រុក និងថ្នាកា់ស្រុក ។
ចែករំលែកព័តមាននេះ