ខេត្តបន្ទាយមានជ័យ ៖ ដំណើរកំសាន្តនៃថ្ងៃឆ្លងឆ្នាំសកល២០២២ ឈានចូលឆ្នាំ២០២៣ នៅលើទឹកដីកាស៊ីណូ ក្រុងប៉ោយប៉ែត មិនចាញ់បណ្តាខេត្តផ្សេងៗប៉ុន្មាននោះទេ គឺមនុស្សម្នាហាក់ច្រើនកុះករ ទាំងតាមដងផ្លូវមួយចំនួន ឆ្ពោះទៅទឹកដីកាស៊ីណូ មានការកកស្ទះធ្វើដំណើរស្ទើរតែមិនរួច។ នៅចំណុចផ្លូវបំបែកជា៤ នៃដើមពុទ្រា នឹងផ្លូវចូលទៅវត្តត្រាច មានយានយន្តរាប់សិបគ្រឿងស្ទះត្រៀបត្រា ហើយបើគ្មានការធ្វើអន្តរាគមន៍ពីសមត្ថកិច្ច និងប្រជាការពារទេ យានយន្តទាំងនោះអាចនឹងកកស្ទះលើដងផ្លូវទាំង៤ខ្សែ ជាពិសេសចំណុចផ្លូវបំបែកនោះតែម្តង។

ចំណែកលើទឹកដីកាស៊ីណូវិញ មនុស្សមានចំនួនច្រើកកកុះដូចគ្នា ហើយក្នុងផ្សាររាត្រី ឬហៅផ្សារទឹកពុះ នៅលើទឹកដីកាស៊ីណូ ក៏មនុស្សដើរទិញទំនិញ និងចំណីអាហារយ៉ាងព្រោងព្រាតផងដែរ ។ រីឯហាងលក់អាហារ គេក៏ឃើញថា មានមនុស្សចូលពេញៗហាងតែម្តង ខណៈអ្នកដំណើរខ្លះទិញចំណីអាហាពីក្នុងផ្សារទឹកពុះ យកទៅញ៉ាំតាមវាលស្មៅទាំងក្រុមៗមើលទៅពិតជាសប្បាយពិតៗ។

គួរបញ្ជាក់ផងដែរថា ក្រោយមានករណីឆាបឆេះអគារកាស៊ីណូចំនួន២អមសងខាងផ្លូវឆ្ពោះទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងក្រោយហេតុការណ៍ខាងលើកើតឡើង អាជ្ញាធរក៏បានហ៊ុមព័ទ្ធបិទផ្លូវចេញចូលច្រកទ្វារអន្តរជាតិនេះជាបណ្តោះអាសន្ន ចាប់ពីចំណុចបារ៉ាស់ត្រួតពិនិត្យរង្វង់មូល ទៅដល់ចំណុចស្ពានឆ្លងផ្លូវទី២ របស់កាស៊ីណូ ដើម្បីរុះរើគំនរបាក់បែក និងជញ្ជាំងកាស៊ីណូរីសត ដែលទ្រេត ឬផ្អៀងរកផ្លូវ បញ្ចៀសហានិភ័យជាហេតុធ្វើឲ្យអ្នកដំណើរត្រូវធ្វើដំណើរលើផ្លូវផ្សេងៗទៅទឹកដីកាស៊ីណូ ទើបមានករណីកកស្ទះបែបនេះ៕





ចែករំលែកព័តមាននេះ