ខេត្តកណ្តាល ៖ លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនអាម៉ាប់អ្នកលេងកាំបិតខ្វែវម្នាក់ ដែលបានកា.ប់ទៅលើគូទំនាស់ធ្វើអោយម៉ូតូរងការខូចខាតយ៉ាងដំណំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ «ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា៤១១ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។ ដែលប្រព្រឹត្តនៅចំណុចលើផ្លូវជាតិលេខ៦ មុខខ្លោងទ្វារវត្តឧត្តមសាមគ្គី (ហៅវត្តឈើទាល) ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទីយប់។
![Picture]()
ជនត្រូវចោទខាងលើនេះ មានឈ្មោះ សួន ពេជ្រសំអូន ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល។ ចំណែកជនរងគ្រោះមានចំនួន០២នាក់ ដោយទី១- ឈ្មោះ យ៉ាត យ៉ារីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅបច្ចុប្បន្នក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ទី២- ឈ្មោះ អាត ធារិទ្ធ (ហៅពៅ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
![Picture]()
ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបក្រុមក្មេងទំនើង ដែលប្រើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ហើយក៏បានឃាត់ខ្លួនជនដៃដល់បានម្នាក់។
![Picture]()
លោឧត្តមសេនីយ៍ត្រី ឡាក់ ម៉ាងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អោយដឹងថា កន្លងមក ក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះធ្លាប់មានគំនុំជាមួយគ្នា។ ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី ជនរងគ្រោះនិងមិត្តភក្តិចំនួន០៤នាក់ទៀតបានជិះម៉ូតូចំនួន០៣គ្រឿងមកពីមើលការប្រគំតន្ត្រីនៅរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ។ ចំណែកក្រុមជនសង្ស័យវិញ បានជួបជុំគ្នានៅមុខវត្តព្រែកអញ្ចាញ ហើយក៏បានដឹងថា ក្រុមជនរងគ្រោះចេញមកពីរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមកវិញ។
![Picture]()
ប្រភពដដែលបន្តថា ភ្លាមៗនោះ ក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូចេញពីមុខវត្ត ដោយឈ្មោះ ផេង ជិះម៉ូតូឌុបឈ្មោះ ពុន សុវណ្ណរ៉ា ហៅចិន រួចទៅយកកាំបិតខ្វែវចំនួន០៣ដើម ដោយឲ្យឈ្មោះ ពែក កាន់០១ដើម ឈ្មោះ ពុន សុវណ្ណរ៉ា កាន់០១ដើម និងឈ្មោះ ឌីម សុខដែន កាន់០១ដើម រួចក្រុមជនសង្ស័យក៏នាំគ្នាជិះទៅចាំមើលផ្លូវក្រុមជនរងគ្រោះ។ លុះពេលជិះទៅដល់ចំណុចផ្លូវឆ្លងកាត់មុខខ្លោងទ្វារវត្តឈើទាលដែលជាកន្លែងកើតហេតុ ក៏បានជួបក្រុមជនរងគ្រោះ ភ្លាមៗនោះក្រុមជនសង្ស័យបានលើកកាំបិតខ្វែវដេញកា.ប់ទៅលើក្រុមជនរងគ្រោះតែម្តង ហើយជនរងគ្រោះវិញក៏បានឈប់ម៉ូតូរួចនាំគ្នារត់គេចខ្លួន ក្នុងពេលនោះផងដែរ ក្រុមជនសង្ស័យក៏បានដេញកា.ប់ក្រុមជនរងគ្រោះ និងកា.ប់ម៉ូតូរបស់ជនរងគ្រោះខូចខាតម៉ូតូអស់ចំនួន០២គ្រឿង។
![Picture]()
ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យគេចខ្លួនបាត់ លុះរហូតមកដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទីរសៀល កម្លាំងជំនាញក៏បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលមានឈ្មោះ សួន ពេជ្រសំអូន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «ខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាពដេញកា.ប់ជនរងគ្រោះ និងកា.ប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន»។
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ