ខេត្តព្រះវិហារ ៖ ម្ចាស់រថយន្តជាជនជាតិខ្មែរម្នាក់ និងជនជាតិចិនចំនួន៤នាក់ ភេទប្រុសទាំងអស់ ត្រូវបានចាប់ខ្លួន ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ ។ នេះជាករណីលើកទី២ហើយ ដែលមានការប៉ុនប៉ងលួចឆ្លងដែនខុសច្បាប់ទៅឡាវ ដែលលើកទី១មានជនជាតិចិន និងភូមាចំនួន១៦នាក់ត្រូវចាប់ខ្លួន ។
ប្រតិបត្តិការថ្មីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងជាមេបញ្ជាការទិសស្រុកឆែបថា ដោយមានការសង្ស័យថា មានជនជាតិចិនលួចឆ្លងដែនខុសច្បាប់ ។
លោកបានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកសឹករងឆែប ដឹកនាំដោយលោកអនុសេនីយ៍ទោ រស់ សារុន និងលោកអនុសេនីយ៍ឯក ប៊ុន ថា បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្ត្រភូមិកំពង់ស្រឡៅ បានឃាត់រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខភ្នំពេញ ២AY៤៩៧១ នៅចំណុចWA(15382 68318) បើកបរដោយឈ្មោះ ម៉ែន ចលនា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ ពេលឃាត់ ក្នុងរថយន្តនោះមានជនជាតិចិន៤នាក់ ដែលបានធ្វើសកម្មភាពលួចឆ្លងដែនទៅប្រទេសឡាវដោយខុសច្បាប់ ។
តាមចម្លើយសារភាពរបស់ម្ចាស់រថយន្តបានឱ្យដឹងថា ឈ្មោះ សាន រ៉េត ជាមេខ្លោងក្នុងការជួញដូរជនជាតិចិនឆ្លងដែនខុសច្បាប់ ។
បច្ចុប្បន្ន ម្ចាស់រថយន្ត និងជនជាតិចិន៤នាក់ បានធ្វើកំណត់ហេតុផ្ទេរ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រវិហារ ចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ