ខេត្តត្បូងឃ្មុំ ៖ ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទ ដោយធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ដោយបានចាត់ឱ្យមន្ត្រីក្រោមឱវាទជាច្រើននាក់ រួមសហការជាមួយអាជ្ញាធរដែនដី បង្ក្រាបបទល្មើសនេសាទតាមព្រែក បឹងបួរ នៅភូមិសាស្ត្រមួយចំនួនជាប់ដងទន្លេមេគង្គ ស្ថិតក្នុងស្រុកត្បូងឃ្មុំ និងក្រូចឆ្មារ ដោយរឹបអូសបានវត្ថុតាងបទល្មើសជាច្រើនផងដែរ។

នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកវរសេនីយ៍ឯក ឈាង ជ័រ បានឲ្យដឹងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នេះថា ក្នុងរយៈពេលមួយសប្តាហ៍ គឺកម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ពិសេសគឺប្រជាពលរដ្ឋខិលខូចមួយចំនួនដែលបានប្រើឧបករណ៍ខុសច្បាប់ ដើម្បីចាប់យកត្រីតូចធំនៅតាមព្រែក ដើម្បីចាប់យកត្រីដោយបំពាននិងច្បាប់ជលផល ដែលហាមឃាត់មិនឲ្យប្រើស្បៃមុង ដើម្បីចាប់យកត្រីនោះទេ។ ស្របពេលដែលកម្លាំងសមត្ថកិច្ចជាច្រើននាក់ចុះទៅបង្ក្រាបនោះ ធ្វើឲ្យក្រុមមនុស្សខិលខូចដែលប្រើឧបករណ៍នេសាទខុសច្បាប់បាននាំគ្នាគេចខ្លួនបាត់អស់។

នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បន្តឱ្យដឹងទៀតថា ជាក់ស្ដែងនៅថ្ងៃទី១៧ ខែកញ្ញានេះ រូបលោកបានចុះដឹកនាំកម្លាំងដោយផ្ទាល់ បង្ក្រាបទល្មើសនេសាទ ដោយមាននៅទីតាំង ក្នុងនោះដូចជា ៖

១- ចាប់ពីចំណុចបឹងសាង រហូតដល់ចំណុចហូរអន្ទង ស្រុកត្បូងឃ្មុំ បានសហការជាមួយកម្លាំងអធិការស្រុកត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសជលផល លបស្បៃម៉ុងខុសច្បាប់ ជាលទ្ធផលបង្ក្រាបបាន លបស្បៃម៉ុងចំនួន២៤ម៉ាត់ ដែលប្រវែង៦២០ម៉ែត្រ, បង្គោលឬស្សី១៨០បង្គោល និងបានព្រលែងកូនត្រីចូលក្នុងបឹងវិញចំនួន១២០គីឡូ។

២- កម្លាំងការិយាល័យសេដ្ឋកិច្ចបានសហការជាមួយក្រុមអភិរក្សជលផលខេត្ត នៅចំណុចខ្ពប ក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ជាលទ្ធផលបង្ក្រាបបាន លបស្បៃមុងចំនួន០៥ម៉ាត់, របាំងស្បៃប្រវែង២៥០មែត្រ, បង្គោលចម្រឹងចំនួន៧៨ដើម និងចាក់លែងកូនត្រីចូលបឹងវិញចំនួន៤៥គីឡូក្រាម។

ហើយចំពោះវត្ថុតាង និងសម្ភារៈផ្សេងៗដូចជា ស្បៃម៉ង បង្គោលឬស្សីត្រូវបានដុតកម្ទេច និងកា.ប់បំផ្លាញចោលនៅនឹងកន្លែងតែម្តង។ សូមបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបនេះ ក៏មានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី គង់ វិចិត្រ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តផងដែរ។

នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត រូបលោកនឹងបន្តដឹកនាំកម្លាំងមន្ត្រីចុះបង្ក្រាបបទល្មើសនេសាទបន្តទៀតនៅថ្ងៃទី១៩ ខែកញ្ញានេះ។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រព្រែកពាមជីលាំង នាពេលកន្លងទៅ ក៏ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំកាលពីប៉ុន្មានឆ្នាំមុនផងដែរ។



ចែករំលែកព័តមាននេះ