ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WOW!! ព្រះ​នាង​តូច​ជេន​ណា បង្ហាញ​ឈុត​ថ្មី​ឈ្មោះ «​ផ្ការំដួល​កម្ពុជា​» តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះ​នាង​តូច នរោត្ដម​ជេន​ណា បាន​បង្ហោះ​រូបភាព​ថ្មី​ជា​ច្រើន​សន្លឹក ក្នុង​ការ​តុបតែង​ខ្លួន​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ ដែល​មានឈ្មោះ​ថា​ឈុត «​ផ្ការំដួល​កម្ពុជា​»

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២២ ព្រះ​នាង​តូច នរោត្ដម​ជេន​ណា បាន​បង្ហោះ​រូបភាព​ថ្មី​ជា​ច្រើន​សន្លឹក ក្នុង​ការ​តុបតែង​ខ្លួន​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ ដែល​មានឈ្មោះ​ថា​ឈុត «​ផ្ការំដួល​កម្ពុជា​» ។

យ៉ាងណាមិញ ឈុត​ប្រពៃណី​បុរាណ​ខ្មែរ ដែល​ព្រះ​នាង​តុបតែង​លើ​ព្រះ​កាយ ឈ្មោះ​«​ផ្ការំដួល​កម្ពុជា​» នេះ ជា​ឈុត​ពណ៌​មាស គ្រប​ស្បៃ​ពីលើ រំលេច​ទៅ​ដោយ​អក្សរ​ខ្មែរ​សរសេរ​លើ​ឈុត​នេះ​ថា «​កម្ពុជា​» និង​មាន​លាយឡំ​ទៅ​ដោយ​ការ​រចនា​ឆ្នៃ​ម៉ូត​ផ្ការំដួល​យ៉ាង​ស្រស់​ស្អា អម​ទៅ​ដោយ​គ្រឿងអលង្ការ​មាន​ដូច​ជា ខ្សែ​.​ក ខ្សែដៃ និង​ខ្សែ​ក្រ​វ៉ា​ត់​ចង្កេះ លើ​ឈុត​នេះ​ផង​ដែរ​។

ដោយឡែក ងាក​មក​ចាប់អារម្មណ៍​សារ​ដែល​បង្ហោះ​អម​ជាមួយ​រូបភាព​លើ​បណ្ដាញ​សង្គម ព្រះ​នាង​តូច​ជេន​ណា បាន​មាន​ព្រះ​បន្ទូល​ថា «​ឈុត ផ្ការំដួល​កម្ពុជា​នេះ ជា​ផ្កា​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ ដែល​ចាស់​ៗ​បុរាណ​ខ្មែរ​យើង​តែងតែ​មក​ប្រដូច​ស្រី​ក្រមុំ​ទៅ​នឹង​ផ្ការំដួល ក៏​ព្រោះតែ​ផ្ការំដួល​មាន​រូបរាង​ស្រស់​ស្អាត និង​មាន​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​គួរ​ជាទី​ទាក់ទាញ​មហាជន​»​។

ព្រះ​នាង​មាន​ព្រះ​បន្ទូល​រំលឹក​ទៅ​ដល់​កូន​ខ្មែរ​ទាំងអស់​អោយ​ចង់​ចាំ​ថា «​ប្រជាជន​ខ្មែរ​គ្រប់​រូប ជា​ពិសេស​យុវជន​ខ្មែរ​ទាំងអស់ ចូល​ចាំ និង​ធ្វើខ្លួន​អោយ​ក្លិនក្រអូប និង​ស្រស់​ស្អាត​ដូច ផ្ការំដួល ដែល​តំណាង​អោយ​ប្រទេស​ជាតិ ក៏​ដូច​ជា​ខ្លួនឯង​ផ្ទាល់​»​។

មួយ​ឈុត​រចនា​ថ្មី​នេះ​ដែរ ទទួល​បានការ​ចាប់អារម្មណ៍ និង​ផ្ទុះ​ការ​សរសើរ​ជា​ខ្លាំង ទៅ​លើ​ព្រះ​នាង​តូច​នរោត្ដម​ជេន​ណា ដោយ​បងប្អូន​ខ្លះ​លើក​ឡើង​ថា «​ស្រស់​ស្អាត​សមសួន​ដូច​កុលធីតា​ខ្មែរ​តែ​ម្ដង ព្រះ​នាង​តូច​» ។ ខ្លះ​បាន​សម្ដែង​ការ​អរគុណ​ដល់​ព្រះ​នាង​ថា « អរគុណ​ព្រះ​នាង​តូច ដែល​តែងតែ​លើក​ស្ទួយ​វប្បធម៌ អរិយធម៌​ខ្មែរ និង​នាំ​យក​នៅ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ មក​អោយ​កូន​ខ្មែរ​បាន​ស្គាល់ ក៏​ដូច​ជា​អោយ​បណ្ដា​ប្រទេស​នានា​បាន​ស្គាល់​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា ត្រឹម​រយៈពេល​ដល់​២​ម៉ោង​តែ​ប៉ុណ្ណោះ ការ​បង្ហោះ​រូបភាព​ថ្មី​ក្នុង​ឈុត រំដួល​កម្ពុជា ដែល​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ​នេះ ទទួល​បាន​ចំនួន​អ្នក like រហូត​ដល់​ទៅ​ជាង 7K (​អ្នក​ឡា​ច ៧០០០​នាក់​) និង Comment ជាង​400 (​ខ​មិន​ជាង ៤០០ ខ​មិន​) រួម​ទាំង​ការ Shares រហូត​ដល់​ទៅ ជាង​600Shares ឯណោះ ។

សូម​រំលឹក​ផង​ដែរ​ថា ព្រះ​នាង​តូច នរោត្ដម​ជេន​ណា គឺជា​ខ្សែ​រាជវង្ស​វ័យក្មេង​បំផុត មាន​ព្រះ​ជន​ទើប​១០​ព្រះ​វស្សា ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំងក្លា និង​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស គោរព​ស្រលាញ់ និង​គាំទ្រ​ព្រះ​នាង​ភ្លូកទឹកភ្លូកដី​ដូច​ទឹកបាក់​ទំនប់ តាម​រយៈ​សមត្ថភាព ទេព​កោសល្យ​របស់​ទ្រង់​ក្នុង​វិ​ស្ស័​យ​សិល្បៈ មិន​ថា ការ​រាំ ច្រៀង និង​សម្ដែង​នោះ​ទេ​។

ជា​ពិសេស​ទ្រង់​តែងតែ​បង្ហាញ និង​លើក​ស្ទួយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ជា​ការ​ផលិត​បទ​ចម្រៀង​ប្រពៃណី​បុរាណ​ខ្មែរ និង​បង្ហាញ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ រួច​រៀបរាប់​ពី​ប្រវត្តិ​ឈុត​នីមួយ​ៗ និង​ប្រាប់​ឈ្មោះ​អោយ​កូន​ខ្មែរ​បាន​ស្គាល់​ជាដើម​។

មួយវិញទៀត​នោះ ព្រះ​ជន​ទើប​១០​ព្រះ​វស្សា​មែនពិត តែ​ព្រះ​នាង​តូច ជេន​ណា អាច​ព្រះ​បន្ទូល​បាន​ដល់​ទៅ ៥ ភាសា គឺ​ភាសា​បារាំង ភាសា​ចិន ភាសា​ថៃ និង​ភាសា​អង់គ្លេស យ៉ាង​ស្ទាត់ជំនាញ រួម​ទាំង​ភាសា​ខ្មែរ ដែល​ជា​ជាតិ​កំណើត​របស់​ទ្រង់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ