ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក ៥ឆ្នាំ ទើបក្រសួងទេសចរណ៍ ទទួលស្គាល់ ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ លើសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងជំនាញគេហកិច្ច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឆ្លងកាត់តាមការវាយតម្លៃ ការពិនិត្យពិច័្ចយច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផងនោះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ​អ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានប្រកាសទទួលស្គាល់ សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច…

រាជធានីភ្នំពេញ៖ ឆ្លងកាត់តាមការវាយតម្លៃ ការពិនិត្យពិច័្ចយច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផងនោះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ​អ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានប្រកាសទទួលស្គាល់ សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត (WYTHS) ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍។

ការប្រកាសទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍នេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.ទ. នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពី​ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

​សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត ​បង្កើតឡើង ក្នុងឆ្នាំ២០១៨ ដើម្បីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់យុវជន ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងជួយ​រកការងារដល់សិស្ស ដែលបានបញ្ចប់ការសិក្សានៅកម្ពុជាផងដែរ។

អំឡុងពេល បើកបង្រៀនជំនាញទេសចរណ៍ ៥ឆ្នាំនេះ មកដល់បច្ចុប្បន្ន មានសិស្សតែ ១៣៦នាក់ប៉ុណ្ណោះ បានបញ្ចប់ការសិក្សា តាមកម្មវិធីអាស៊ាន ដោយជោគជ័យ។ ក្នុងនោះ ជំនាន់ទី១ចំនួន ២២នាក់ ជំនាន់ទី២ ចំនួន ៤២នាក់ ជំនាន់ទី៣ ចំនួន ៤៩នាក់ និងជំនាន់ទី៤ ចំនួន ២៣នាក់។ ការបណ្ដុះបណ្ដាលនោះ ផ្ដោតលើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញគេហកិច្ច។

សិស្សដែលបានបញ្ចប់ការសិក្សាស្របតាមស្តង់ដាអាស៊ាន ទទួលបានការងារធ្វើទាំងអស់ ពិសេសនៅតាមសណ្ឋាគារ និងស្ថាប័នទេសចរណ៍មួយចំនួនក្នុងរាជធានីភ្នំពេញ។

នាឆ្នាំសិក្សា២០២២-២០២៣ ខាងមុខនេះ សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត នឹងបណ្តុះបណ្តាលសិស្សស្របតាមស្តង់ដាអាស៊ាន ចំនួន ១២៥នាក់បន្ថែមទៀត ក្នុងនោះ រួមមានជំនាញការិយាល័យជួរមុខ ៥០នាក់ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៥០នាក់ និងគេហកិច្ច ២៥នាក់។

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ​បានបណ្តុះបណ្តាលគ្រូ​បង្គោលជាតិ ដល់គ្រូជំនាញសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត ចំនួន ៣រូប និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៦រូបផងដែរ។

ដើម្បីក្លាយជាសាលា ដែលអនុវត្តកម្មវិធីស្ដង់ដាអាស៊ាន សាលាបណ្ដុះបណ្ដាល​ត្រូវមានធនធានមនុស្ស ដែលអនុវត្តតាមស្ដង់ដាអាស៊ាន មានគ្រូបង្គោល ដែលឆ្លងកាត់ការបណ្ដុះបណ្ដាលពីអនុវត្តតាមស្ដង់ដាអាស៊ាន ហើយត្រូវមានឧបករណ៍បង្រៀនគ្រប់គ្រាន់។ ​

​ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ​បានបញ្ជាក់​ថា នៅពេលយុវជនកម្ពុជា បានឆ្លងកាត់ការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន នោះពួកគេ នឹងអាចស្វែងរកការងារធ្វើនៅក្នុងតំបន់អាស៊ានបាន តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នា​ទៅវិញ​ទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRAs) ដែលមានគោលដៅ ជំរុញឱ្យមានបម្លាស់ទីការងារក្នុងតំបន់អាស៊ាន៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ