រថយន្ត៣គ្រឿងបម្រុងដឹកបទល្មើសទៅកាន់កំពង់ធំ តែត្រូវបែកការណ៍ត្រឹមព្រះវិហារ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង និងកម្លាំងអាវុធហត្ថខេត្ត-ស្រុក កម្លាំងនគរបាលឃុំរុះរាន់ បានចុះបង្ក្រាបរថយន្តដឹកឈើចំនួន៣គ្រឿង ក្នុងនោះ រថយន្តដឹកឈើលេខ២ ចំនួន១គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ដែលចាប់បាននៅចំណុចព្រំប្រទល់ព្រះវិហារកំពង់ធំ រីឯរថយន្តដឹកឈើលេខ១ ចំនួន២គ្រឿងទៀត (មួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2E 0893 និងរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ស ដឹកឈើប្រភេទលេខ១សុក្រម) ដែលត្រូវចាប់បាននៅចំណុចភូមិទួល ឈ្នួន ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ នៅវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ។

ជុំវិញករណីបង្ក្រាបខាងលើនេះ លោក នួន សុខុម បានអោយដឹងថា រថយន្តល្មើសខាងលើកនេះ បម្រុងដឹកឈើចេញទៅកាន់ខេត្តកំពង់ធំ តែបានបែកការណ៍ ហើយត្រូវបានកម្លាំងចម្រុះសហការគ្នាស្ទាក់ចាប់បានតែម្តង ប៉ុន្តែអ្នកបើកបររថយន្តវិញបានចុះរត់គេចខ្លួនបាត់ស្រមោលទៅហើយ។

លោក នួន សុខុម ក៏បានស្នើអោយគ្រប់ស្ថាបន័ពាក់ព័ន្ធ ពិសេសបងប្អូនអ្នកសាព័ត៌មានចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចអោយបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្ក្រាបអោយមានប្រសិទ្ឋភាព ។ ពិតណាស់ការការពារធនធានធម្មជាតិ តម្រូវអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន បើពឹងផ្អែកតែលើជំនាញនោះ គឺមិនគ្រប់គ្រាន់ទេ ។

លោក នួន សុខុម បន្តទៀតថា ករណីបង្ក្រាបរថយន្តដឹកឈើខាងលើនេះ កម្លាំងជំនាញបន្តស្រាវជ្រាវរកមុខសញ្ញា ដើម្បីកសាងសំណុំចាត់ការទៅតាមនីតិវិធីច្បាប់ ។ ចំណែកវត្ថុតាង ដែលដកបានមាន ៖ រថយន្តចំនួន៣គ្រឿង រួមទាំងឈើមួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ហើយ ។







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ