ដុំថ្មដ៏ធំដែលបាក់ធ្លាក់នៅលើផ្លូវឡើងច្រកអានសេះ ត្រូវបានយកចេញវិញហើយ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ អាជ្ញាធរស្រុកជាំក្សាន្ត និងកងកម្លាំងប្រចាំនៅច្រកអានសេះ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានយកគ្រឿងចក្រត្រាក់ទ័រ អូសទាញដុំថ្មមួយដុំដ៏ធំចេញពីផ្លូវវិញហើយ ក្រោយពេលបាក់ធ្លាក់សង្កត់ផ្លូវឡើងច្រកទ្វារអានសេះ រវាងព្រំដែនកម្ពុជា-ថៃ នៃខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ហើយនឹងអាចអោយដំណើរចរាចរណ៍ឡើងវិញ តែត្រូវមានការប្រុងប្រយ័ត្ន។

នេះបើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា រដ្ឋបាលស្រុកជាំក្សាន្ត នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ដែលបានលើកឡើងថា លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្តបានដឹកនាំក្រុមការងារ ចុះបោសសំអាតដុំថ្មដែលបានធ្លាក់ពីលើភ្នំមកលើផ្លូវឡើងទៅកាន់ច្រកអានសេះ ដែលបានការចូលរួមពីកម្លាំងប៉ូលិសព្រំដែន កម្លាំងយោធាព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារ និងប្រជាពលរដ្ឋ រស់នៅលើផ្សារអានសេះផងដែរ ។ ហើយបច្ចុប្បន្ននេះ ផ្លូវឡើងទៅកាន់ច្រកទ្វារអានសេះ អាចធ្វើដំណើរជាធម្មតាឡើងវិញហើយ តែត្រូវមានការប្រុងប្រយ័ត្ន ។

ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកជាំក្សាន្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់នេះ សូមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលងាយនឹងកើតមានឡើងជាយថាហេតុ ។
សូមបញ្ជាក់ថា ផ្ទាំងថ្មមួយដុំដ៏ធំដែលបាក់ធ្លាក់ខាងលើ មានទំហំ១,៦០ម៉ែត្រ គុណនឹង២ម៉ែត្រ និងមានកម្ពស់១,២០ម៉ែត្រ ។


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ