ខេត្តព្រះវិហារ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈពេលកំពុងបើកបរត្រាក់ទ័រភ្ជួរដី ដោយសារជាន់មីនតោនផ្ទុះឯត្រាក់ទ័ររងការខូចខ្ទេចខ្ទីរទាំងស្រុង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចអូរសឹង ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ចំងាយប្រហែល៣គីឡូម៉ែត្រពីភូមិ) ។
ជនរងគ្រោះមានឈ្មោះ ហុី សៀក អាយុ៤៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុជនរងគ្រោះ ក៏ត្រូវបានបងប្អូនសាច់ញាតិ ដឹកនាំយកមកជួយសង្គ្រោះបឋមនៅមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ៨ និងធ្វើការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀម
រាប ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយបើកត្រាក់ទ័រភ្ជួរដីស៊ីឈ្នួលគេ នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ។ ខណៈពេលកំពុងភ្ជួរៗ ក៏បានប៉ះចំលើគ្រាប់មីនតោន ចំនួនមួយគ្រាប់ តែសំណាងល្អគ្រាប់មីនមួយនោះមិនផ្ទុះ ឃើញដូច្នោះ ជនរងគ្រោះបានបញ្ជារឲ្យម្ចាស់់ដី រកឈើដោតធ្វើជាសញ្ញា ដើម្បីផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច។ រួចជនរងគ្រោះ ក៏បន្តបើកត្រាក់ទ័រភ្ជួរដីបន្ត ប៉ុន្តែជាអកុសល ក៏ប្រទះចំលើគ្រាប់មីនតោនទី២ ផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ ផ្នែកក្បាល និងបាក់ឆ្អឹងខ្មងជើងស្តាំមួយកង់។ រីឯត្រាក់ទ័របានរងនូវការខូចខាតទាំងស្រុង ។
គួររំលឹក ផងដែរតាមការបញ្ជាក់ពីលោក លិញ យុត អភិបាលរងស្រុកជាំក្សាន្ត និងជាតំណាងក្រុមការងារមីនប្រចាំស្រុកជាំក្សាន្តបានអោយដឹងថា រយៈពេល៤ខែ ឆ្នាំ២០២២នេះ ករណីផ្ទុះមីននៅស្រុកជាំក្សាន្ត មានចំនួន៧ករណី បានសម្លាប់មនុស្សចំនួន៥នាក់ រងរបួសចំនួន៥នាក់ ប្រុសទាំងអស់ ។
ចែករំលែកព័តមាននេះ