ក្រដាសបង្គន់ ដែលមនុស្សមួយចំនួនប្រើប្រាស់ដើម្បីជូតសម្អាតក្រោយពេលបន្ទោរបង់រួច អាចជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះវាអាចបង្កជាបញ្ហាដល់សុខភាព។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីផលប៉ះពាល់របស់វាចំនួន៣ចំនុច។
១. វាអាចរំខានផ្នែកឯកជនរបស់អ្នក
វាតែងតែមានសារៈសំខាន់ក្នុងការអានស្លាកនៅពេលអ្នកទិញផលិតផលជាក់លាក់មួយ ហើយទោះបីជាក្រដាសបង្គន់ជាផលិតផលអនាម័យក៏ដោយ ក្រុមហ៊ុនផលិតមិនបានបញ្ជាក់ច្បាស់ពីសារធាតុផ្សំនៅក្នុងក្រដាសទាំងនោះទេ។ ប៉ុន្តែសារធាតុគីមីដ៏គ្រោះថ្នាក់មួយហៅថាហ្វ៉ម៉ុលឌីហាយ (formaldehyde) ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងក្រដាសបង្គន់ដើម្បីធ្វើឱ្យវាកាន់តែរឹងមាំ និងទន់ជាងមុន។ សារធាតុនេះ អាចធ្វើឱ្យរលាកដល់ផ្នែកឯកជនរបស់អ្នក ហើយក៏អាចបណ្តាលឱ្យភ្នែក ស្បែក និងបំពង់ករបស់អ្នក កាន់តែមានភាពងាយប្រតិកម្មផងដែរ។
២. វាអាចប៉ះពាល់ដល់សុខភាពបន្តពូជរបស់អ្នក
ក្រដាសបង្គន់ ជាញឹកញាប់មានសារធាតុរំខានដល់ប្រព័ន្ធអង់ដូគ្រីន ដ៏មានឥទ្ធិពលដែលហៅថា BPA។ BPA មានលក្ខណៈគីមីស្រដៀងនឹងអរម៉ូនស្រ្តីអឺស្រ្តូសែន ដែលមានសារៈសំខាន់សម្រាប់ការមានកូន និងដំណើរការរបស់ស្បូន។ ដោយសារតែវាធ្វើត្រាប់តាមអរម៉ូនអឺស្ត្រូសែន សារធាតុ BPA អាចនាំឱ្យមានបញ្ហាជាមួយនឹងការបន្តពូជ។ ជាការពិត ការជៀសវាង BPA គឺជារឿងដំបូង ដែលអ្នកជំនាញវេជ្ជសាស្ត្រណែនាំដល់ស្ត្រីដែលចង់ចាប់ផ្តើមគ្រួសារ។
៣. វាប្រហែលជាមិនអាចសម្អាតបានស្អាតទេ
ទោះបីជាក្រដាសបង្គន់ត្រូវបានគេសន្មត់ថាផ្តល់ឱ្យអ្នកនូវភាពស្អាតក៏ដោយ វាប្រហែលជាមិនមែនជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្អាតផ្នែកឯកជនរបស់អ្នកនោះទេ។ ក្រៅពីធ្វើឱ្យមានការរលាក ការជូតសម្អាតនឹងក្រដាសបង្គន់ក៏មានហានិភ័យនៃការចម្លងមេរោគ និងសារធាតុលាមកទៅកាន់ដៃ និងក្រចក។ ជាឧទាហរណ៍ ការប្រើទឹកបាញ់សម្អាត អាចជាវិធីល្អប្រសើរជាងមុនដើម្បីរក្សាភាពស្អាត ហើយដោយសារតែអ្វីដែលអ្នកប្រើគឺទឹក វាកាន់តែមានសុវត្ថិភាពសម្រាប់អ្នក៕
ចែករំលែកព័តមាននេះ