ព្រះពុទ្ធសមណគោតមបរមគ្រូនៃយើងត្រូវបានគេស្គាល់ថាជាស្ថាបនិកដ៏ពិសិដ្ឋនៃព្រះពុទ្ធសាសនា ។ ព្រះអង្គគឺជាកំពូលមនុស្សដ៏អស្ចារ្យដឹកនាំបំភ្លឺសត្វលោកដែលជាអ្នកប្រាថ្នាស្វែងរកសេចក្តីសុខចេញពីក្នុងចិត្តពិតៗ ។
រីឯព្រះសង្ឃវិញតំណាងឲ្យការគោរពប្រតិបត្តិក្នុងជំនឿសាសនា ដែលមានជាយូរលង់ណាស់មកហើយ ។ មិនថាយល់សប្តិឃើញព្រះពុទ្ធរូប ឬព្រះសង្ឃ គឺសុទ្ធតែជាអត្ថន័យល្អ មានលាភមានសំណាងបានសុខចម្រើនក្នុងដំណើរជីវិត ។
សុបិនឃើញព្រះសង្ឃបានន័យថានៅក្នុងជីវិតរបស់អ្នកបច្ចុប្បន្ននេះនឹងមានការផ្លាស់ប្ដូរក្នុងជីវិតគ្រប់វិស័យជាច្រើន ទាំងការងារនិងជីវិត គឺផ្លាស់ប្តូរពីអាក្រក់ប្រែជាល្អ ប្តូរពីអាប់អន់ទៅជាថ្កុំថ្កើងរុងរឿង ។ ទន្ទឹមនោះក្នុងអំឡុងពេលនេះ អ្នកគួរតែប្រយ័ត្នពាក្យសម្ដីខ្លះៗរបស់ខ្លួនឯងផងដែរ ប្រសិនបើអ្នកមិនចង់មានបញ្ហាជាមួយអ្នកនៅជុំវិញខ្លួន ព្រោះបុគ្គលខ្លះអាចមានចិត្តច្រណែននឹងអ្នក ។
យល់សប្តិថាបានធ្វើបុណ្យជាមួយព្រះសង្ឃ តាមជំនឿទាយថា អ្នកនឹងទទួលបានសំណាងពីមនុស្សដែលមានឋានៈធំជាង ឬនរណាម្នាក់ដែលអ្នកគោរព មានកិត្តិយស គេនឹងនាំលាភមកឲ្យដល់មាត់ទ្វារ ។
សុបិនឃើញព្រះពុទ្ធរូប បានន័យថា ជាសុបិនល្អសម្រាប់ខ្លួនអ្នក ដែលអាចទទួលបានសំណាង ទាំងជីវិត និងការងារ ជាពិសេសមានគេអាណិតចូលចិត្ត និងគោរពស្រលាញ់ច្រើនៗ កិច្ចការជាច្រើននឹងបានសម្រេចក្នុងជីវិតពិត ជំនួញនឹងផ្តល់ផលចំណេញច្រើន ជីវិតនឹងថ្កុំថ្កើងទៅថ្ងៃមុខជានិច្ច ។
សុបិនឃើញវត្ត ឬព្រះវិហារ បានន័យថា រាល់ភារកិច្ចការងាររបស់អ្នកនឹងប្រសើរឡើងស្រឺតៗ មានគេចូលចិត្ត និងអាណិតស្រលាញ់ច្រើន ។ ម្ល៉ោះហើយចូរខិតខំព្យាយាមនឹងកិច្ចការងារ ហើយកុំលោភលន់ កាលបើលាភសក្ការៈមកដល់ទីកន្លែងច្រើនយ៉ាងណា ក៏ធ្វើចិត្តជាធម្មតា ៕ សាន សារិន
ចែករំលែកព័តមាននេះ