មនុស្សចោលម្សៀតគឺជាបុគ្គលដែលមិនបានការ, មិនកើតការ, ប្រើការមិនបាន ដែលលោកចាត់ចូលជាចំពូកមនុស្សបង់ប្រយោជន៍, អសារឥតការដែលគួរតែបោះបង់ចោលព្រោះទុកក៏មិនចំណេញ ។ មនុស្សចោលម្សៀតទាំងបួនពួកគឺ៖
១. គ្រូជាអ្នកដែលធ្លាប់បង្រៀនអប់រំឱ្យខ្លួនមានចំណេះដឹង តែទីបំផុតបែរជាត្រឡប់មើលងាយគ្រូខ្លួនឯងវិញ
២. អ្នកដែលធ្លាប់ផ្ដល់ទ្រព្យសម្បត្តិធនធានជាទុនរកស៊ី ឬចិញ្ចឹមជីវិតដល់ខ្លួន តែទីបំផុតបែរត្រឡប់ទៅជាអ្នកមិនស្មោះត្រង់ចំពោះអ្នកដែលផ្តល់ឱ្យខ្លួនវិញ
៣. អ្នកដែលលើកខ្លួនឱ្យមានតួនាទី តំណែង យសស័ក្តិខ្ពង់ខ្ពស់ តែទីបំផុតត្រឡប់បែរជាដណ្ដើមតួនាទី មុខងារអ្នកដែលជួយខ្លួនវិញ
៤. ម្ដាយឪពុកដែលចិញ្ចឹមទំនុកបម្រុងខ្លួន តែទីបំផុតបែរជាត្រឡប់មើលងាយមើលថោកចំពោះម្ដាយឪពុកខ្លួនឯង ។
បុគ្គលបួនប្រភេទនេះ បើជនណាសេពគប់ជាមួយក៏នឹងវិនាសហិនហោចដល់ខ្លួន បីដូចជាដៃស្អាតដែលកាន់ដុំឈើ ឬធ្យូងកំពុងតែឆេះ ដូច្នោះឯង ៕ សាន សារិន
ចែករំលែកព័តមាននេះ