ការសិក្សាថ្មីមួយបានរកឃើញថា អ្នកជំងឺកូវីដអូមីក្រុងដែលទើបតែជាហើយ មិនត្រូវធ្វើការវះកាត់នោះទេ រហូតទាល់តែជាបានយ៉ាងហោចណាស់ ៧សប្តាហ៍។
មន្ទីរពេទ្យត្រូវបានណែនាំឱ្យពន្យារពេលការវះកាត់យ៉ាងហោចណាស់ប្រាំពីរសប្តាហ៍ ប្រសិនបើអ្នកជំងឺទើបតែជាពីជំងឺកូវីដដោយប្រភេទអូមីក្រុង។ ដំបូន្មាននេះដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងឯកសារវេជ្ជសាស្រ្តមួយឈ្មោះថា Anaesthesia ត្រូវបានចេញផ្សាយជាការប្រុងប្រយ័ត្ន ព្រោះប៉ុន្មានខែដំបូងបន្ទាប់ពីការឆ្លងជំងឺកូវីដ គឺជា “រយៈពេលដែលមានហានិភ័យ”។
វាត្រូវបានគេយល់ថា អ្នកដែលជាពីកូវីដអូមីក្រុង ហើយទៅធ្វើការវះកាត់ អាចប្រឈមនឹងការជាសះស្បើយមិនល្អក្រោយពីការវះកាត់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ក្នុងកាលៈទេសៈខ្លះ ការវះកាត់អាចមានភាពបន្ទាន់គ្រប់គ្រាន់ ដើម្បីបន្តដំណើរការ ទោះបីជាមានការឆ្លងមេរោគកូវីដអូមីក្រុងក៏ដោយ។
គេបានសរសេរនៅក្នុងការស្រាវជ្រាវនេះថា៖ “ការណែនាំនៅតែមានថា អ្នកជំងឺគួរតែជៀសវាងការវះកាត់ក្នុងរយៈពេលប្រាំពីរសប្តាហ៍បន្ទាប់ពីឆ្លងកូវីដ១៩ប្រភេទអូមីក្រុង លុះត្រាតែការវះកាត់នោះបន្ទាន់ខ្លាំង ហើយអាចមានបញ្ហាប្រសិនបើរង់ចាំ។”
ដំបូន្មានពីការសិក្សានេះក៏បញ្ជាក់ផងដែរថា អ្នកជំងឺគួរតែចាក់វ៉ាក់សាំងកូវីដ៣ដូសឱ្យបានគ្រប់គ្រាន់ ហើយត្រូវច្បាស់ថា ការចាក់ដូសចុងក្រោយ ត្រូវតែមានរយៈពេលយ៉ាងហោចណាស់ ២សប្តាហ៍មុនការវះកាត់៕
ចែករំលែកព័តមាននេះ