ការសិក្សាថ្មីមួយបានរកឃើញថា យ៉ាងហោចណាស់កុមារចំនួន ៥.២លាននាក់ នៅទូទាំងពិភពលោកបានបាត់បង់ឪពុកម្តាយ ជីដូនជីតា ឬសមាជិកគ្រួសារ ដោយសារជំងឺកូវីដ១៩។
ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet Child & Adolescent Health បានពិនិត្យមើលទិន្នន័យមរណភាពរបស់កូវីដ ពីប្រទេសចំនួន២១ ចាប់ពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងខែមីនា ឆ្នាំ ២០២០ ដល់ខែតុលា ឆ្នាំ ២០២១ ហើយបានប៉ាន់ប្រមាណចំនួនកុមារដែលបានបាត់បង់ឪពុកម្តាយ ឬអ្នកថែទាំ។ . ចំនួនកុមារដែលរងផលប៉ះពាល់បានកើនឡើង ៩០% ចាប់ពីចុងខែមេសា ២០២០ ដល់ចុងខែតុលា ២០២១។
ទិន្នន័យនេះបានបញ្ជាក់ថា ចំនួនកុមារដែលបានបាត់បង់ឪពុកម្តាយ ឬអ្នកមើលថែ គឺប្រហែល ៦.៧លាននាក់គិតត្រឹមខែមករា។ ការសិក្សានេះធ្វើឡើងបន្ទាប់ពីការសិក្សានាពេលមុនៗពីលើបញ្ហានេះ ដើម្បីបញ្ជាក់បន្ថែមពីបច្ចុប្បន្នភាព ព្រោះថាពេលនេះ គេឃើញមានការមកដល់របស់កូវីដថ្មីៗទៀត ដែលធ្វើឱ្យការឈឺនិងស្លាប់មានការកើនឡើងវិញ។
អ្នកសិក្សាលើកិច្ចស្រាវជ្រាវនេះ រួមទាំងអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក USAID ធនាគារពិភពលោក សាកលវិទ្យាល័យ University College London និងកន្លែងផ្សេងទៀត ជឿថាការប៉ាន់ស្មានរបស់ពួកគេមានលក្ខណៈមិនទាន់គ្រប់ជ្រុងជ្រោយទេ។ ប្រទេសជាច្រើនខ្វះប្រព័ន្ធរាយការណ៍ដ៏រឹងមាំសម្រាប់ការស្លាប់។
អ្នកនិពន្ធនិយាយថា ថ្នាក់ដឹកនាំផ្នែកសុខភាពសាធារណៈត្រូវរក្សាកុមារទាំងនេះក្នុងការធ្វើផែនការអនាគតរបស់ពួកគេ។ ជាទូទៅនៅពេលដែលកុមារបាត់បង់អ្នកមើលថែ ហានិភ័យនៃភាពក្រីក្រ និងបញ្ហាសុខភាពផ្លូវចិត្តកើនឡើង ក៏ដូចជាភាពងាយរងគ្រោះក្នុងការកេងប្រវ័ញ្ច និងអំពើហិង្សាផ្លូវភេទ៕
ចែករំលែកព័តមាននេះ