ប្រទេសកាណាដាបានក្លាយជាប្រទេសដំបូងគេដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ ដែលផលិតឡើងចេញពីរុក្ខជាតិ។
និយតករកាណាដាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងពីរដូសរបស់ Medicago អាចត្រូវបានផ្តល់ឱ្យដល់មនុស្សពេញវ័យដែលមានអាយុពី ១៨ ទៅ ៦៤ឆ្នាំ ប៉ុន្តែបាននិយាយថាមានទិន្នន័យតិចតួចពេកអំពីការចាក់វ៉ាក់សាំងចំពោះមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។
ការសម្រេចចិត្តនេះគឺផ្អែកលើការសិក្សាលើមនុស្សពេញវ័យ ២៤០០០នាក់ ដែលបានរកឃើញថាវ៉ាក់សាំងមានប្រសិទ្ធភាព ៧១% ក្នុងការទប់ស្កាត់កូវីដ១៩ ទោះបីជាវានៅមុនពេលកូវីដអូមីក្រុង លេចចេញក៏ដោយ។ ផលរំខានរបស់វ៉ាក់សាំងនេះ គឺស្រាល ដែលរូមមានគ្រុនក្តៅ និងអស់កម្លាំង។
វ៉ាក់សាំង Medicago ប្រើប្រាស់រុក្ខជាតិមកផលិតជាវ៉ាកសាំង ដើម្បីបណ្តុះភាគល្អិតដូចមេរោគ ដែលធ្វើត្រាប់តាមប្រូតេអ៊ីនលើខ្លួនរបស់វីរុស។ ភាគល្អិតត្រូវបានយកចេញពីស្លឹករបស់រុក្ខជាតិហើយបន្សុត។ សារធាតុផ្សំមួយទៀត ដែលជាសារធាតុគីមីបង្កើនភាពស៊ាំ ហៅថា adjuvant ដែលផលិតដោយដៃគូអង់គ្លេស GlaxoSmithKline ត្រូវបានបន្ថែមទៅក្នុងការចាក់ថ្នាំបង្ការរោគ។
ខណៈដែលវ៉ាក់សាំងកូវីដជាច្រើន ត្រូវបានដាក់ឱ្យដំណើរការនៅជុំវិញពិភពលោក អាជ្ញាធរសុខាភិបាលពិភពលោកកំពុងស្វែងរកក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែម ដើម្បីសង្ឃឹមថានឹងបង្កើនការផ្គត់ផ្គង់ទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា Medicago ដែលមានមូលដ្ឋាននៅទីក្រុង Quebec ក៏កំពុងបង្កើតវ៉ាក់សាំងដែលផលិតចេញពីរុក្ខជាតិ ប្រឆាំងនឹងជំងឺជាច្រើនផ្សេងទៀត ហើយវ៉ាក់សាំងកូវីដ១៩ធ្វើពីរុក្ខជាតិ អាចជួយជម្រុញឱ្យមានចំណាប់អារម្មណ៍កាន់តែច្រើនលើវិធីសាស្រ្តថ្មីនៃការផលិតផ្នែកវេជ្ជសាស្រ្តនេះ៕
ចែករំលែកព័តមាននេះ