កូវីដកំពុងតែមានការកើនឡើងវិញហើយក្នុងប្រទេសយើង ក្រោយពីមានភាពស្ងប់ស្ងាត់បានមួយរយៈ។ តាមការស្រាវជ្រាវ មានភ័ស្តុតាងកាន់តែច្រើនឡើងៗ ដែលថាកូវីដប្រភេទអូមីក្រុង អាចចម្លងជំងឺទៅអ្នកដែលធ្លាប់កើតអូមីក្រុងហើយ។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានបង្ហាញថា អូមីក្រុងអាចចម្លងទៅអ្នកដែលធ្លាប់កើតអូមីក្រុងហើយ ដែលជាហេតុឱ្យគេគិតដល់ការផ្លាស់ប្តូររូបរាងវីរុសជាប់ជាប្រចាំ។
លោក Yaneer Bar-Yam ប្រធានវិទ្យាស្ថាន New England Complex Systems បានសរសេរនៅលើ Twitter ថា៖ “មនុស្សកំពុងត្រូវបានឆ្លងមេរោគកូវីដអូមីក្រុងម្តងទៀតភ្លាមៗ បន្ទាប់ពីទើបតែជាពីវា។”
លោក Stanley Weiss អ្នកឯកទេសខាងរោគរាតត្បាតនៅសាលាសុខភាពសាធារណៈ Rutgers បានប្រាប់ Yahoo ថា៖ “បាទ អ្នកអាចកើតកូវីដអូមីក្រុង២ដង។”
លោកបានបន្ថែមថា៖ “ប្រសិនបើអ្នកមានការឆ្លងមេរោគកម្រិតស្រាល មិនទទួលបានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំល្អទេ ហើយអ្នកត្រូវបានប៉ះពាល់ម្តងទៀតជាមួយនឹងកម្រិតដ៏ធំនៃមេរោគ វាពិតជាអាចទៅរួចក្នុងការឆ្លងម្តងទៀត។”
គួរបញ្ជាក់ផងដែរថា អ្នកជំនាញបាននិយាយកាលពីខែមករា សក្តានុពលនៃការឆ្លងឡើងវិញគឺខ្ពស់សម្រាប់កូវីដអូមីក្រុង ជាពិសេសក្នុងចំណោមអ្នកដែលមានភាពស៊ាំពីធម្មជាតិ។ វេជ្ជបណ្ឌិត Amesh Adalja អ្នកប្រាជ្ញជាន់ខ្ពស់នៅមជ្ឈមណ្ឌល Johns Hopkins សម្រាប់សន្តិសុខសុខភាព បានប្រាប់ KHOU 11 ថា អ្នកស្រាវជ្រាវនៅតែមិនប្រាកដអំពីភាពស៊ាំក្នុងចំណោមអ្នកជំងឺដែលមានកូវីដអូមីក្រុងនៅឡើយទេ។
ចូរបន្តការការពារតាមក្រសួងសុខាភិបាលទាំងអស់គ្នា!
ចែករំលែកព័តមាននេះ