ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលជំនួបរវាង​សម្តេចតេជោ ហ៊ុន សែន និង​លោក មីង អោង ឡាំង លើបញ្ហាមីយ៉ាន់ម៉ា

3 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដូចការគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សា តាមប្រព័ន្ធវិដេអូ ជាមួយ​លោក​នាយ​ឧត្តមសេនីយ៍ មីង…

ភ្នំពេញ៖ ដូចការគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សា តាមប្រព័ន្ធវិដេអូ ជាមួយ​លោក​នាយ​ឧត្តមសេនីយ៍ មីង អោង ឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះ ដើម្បីបន្តស្វែង​រកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ​សំណើ ៤ចំណុច ទៅកាន់នាយឧត្តមសេនីយ៍ មីង អោង ឡាំង ដើម្បីជាគន្លឹះ ឈានទៅដោះស្រាយជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

​​​​សំណើទាំង ៤ចំណុចនោះ រួមមាន៖

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក មីង អោង ឡាំង ខិតខំអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥ របស់អាស៊ាន ដែលបានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន នៅឥណ្ឌូនេស៊ី។

២៖ សម្តេចតេជោ ស្នើនាយឧត្តមសេនីយ៍ មីង អោង ឡាំង ខិតខំបង្កលក្ខណៈល្អប្រសើរ ដើម្បីបើកផ្លូវឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាពេលខាងមុខ។

៣៖ សម្តេចតេជោ អំពាវនាវសុំឱ្យភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងភាគីគ្រប់គ្រងរដ្ឋាភិបាលផង ត្រូវបញ្ឈប់រាល់អំពើហិង្សា និងឈានទៅដល់ការអនុវត្តន៍បទឈប់បាញ់ នាពេលខាងមុខ។ បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានសម្តែងនូវក្តីបារម្ភចំពោះអំពើហិង្សា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេច នៅមីយ៉ាន់ម៉ា កាលពីដើមខែមករា។ សម្តេចតេជោ បានស្នើគ្រប់ភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់។

៤៖ សម្តេចតេជោ បានអញ្ជើញនាយឧត្តមសេនីយ៍ មីង អោង ឡាំង ចូលរួមផ្តល់កិច្ចសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការបំផុត ដូចអ្វីដែលសម្តេច បានលើកពេលជួបនៅណៃពិដោ។

សូមរម្លឹកថា មេដឹកនាំអាស៊ាន រួមទាំង​មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីង អោង ឡាំង បានជួបប្រជុំ​ដោយផ្ទាល់ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងបានឯកភាព​ជាឯកច្ឆ័ន្ទ ដាក់ចេញនូវសេចក្តីសម្រេច ៥ ចំណុច ស្តីពី បញ្ហាមីយ៉ាន់ម៉ា រួមមាន៖ (១) ការផ្អាកនូវការប្រើអំពើហិង្សាលើជនស៊ីវិល ដែលពុំមានប្រដាប់អាវុធ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគិតពីប្រយោជន៍ប្រជាជនភូមាជាធំ (៣) ការអនុញ្ញាតឲ្យប្រេសិតរបស់អាស៊ាន អាចទៅធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងឡាយ (៤) ការផ្តល់ជំនួយមនុស្សធម៌ដល់ភូមា ពោលគឺទៅដល់ប្រជាជនភូមា​ (៥) ការដោះលែងនូវអ្នកទោសនយោបាយទាំងឡាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬប្រទេស​ភូមា។ ​

លោកឧត្តមសេនីយ៍ មីង អោង ឡាំង អគ្គមេបញ្ជាការកងទ័ព បានធ្វើរដ្ឋប្រហារ ឡើងកាន់អំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានទាំង​ចាប់ក្រុម​លោកស្រី អោង ស៊ាន ស៊ូជី កាត់ទោស និងឃុំឃាំង​ដាក់ពន្ធនាគារ រហូតដល់សព្វថ្ងៃ។ ចាប់តាំងពីពេលនោះមក មីយ៉ាន់ម៉ា ជួបនូវវិបត្តិនយោបាយ មានទាំង​ការធ្វើបាតុកម្ម តវ៉ា​ រហូតក្លាយជាអំពើហិង្សា មានអ្នកស្លាប់ និងរបួស ហើយបាតុករ​ជាច្រើន រួមទាំង​អ្នកនយោបាយ​ប្រឆាំង ត្រូវបាន​ចាប់ឃុំខ្លួនជាបន្តបន្ទាប់។ ក្រៅពីនោះ នៅមីយ៉ាន់ម៉ា ក៏នៅមានក្រុម​ចលនាតស៊ូក្នុងព្រៃច្រើនក្រុមទៀត ដែល​ផ្ទុះអាវុធ​ជាមួយនឹង​ក្រុម​យោធា​ ដឹកនាំរដ្ឋាភិបាលរបស់​លោកឧត្តមសេនីយ៍ មីង អោង ឡាំង ជាញឹកញាប់​ផងដែរ​។

យ៉ាងណាក៏ដោយ រហូតដល់​ពេលនេះ គោលការណ៍ឯកភាព ​ជាឯកច្ឆ័ន្ទ ទាំង ៥ ចំណុចរបស់អាស៊ាន មិនត្រូវបានមេដឹកនាំយោធាមីយ៉ាន់ម៉ា ដឹកនាំដោយឧត្តមសេនីយ៍ មីង អោង ឡាំង អនុវត្ត​​បាននៅឡើយទេ​។ ដោយសារតែមិនមានវឌ្ឍនៈភាព​នោះហើយ ទើបកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប៊្រុយណេ ដែលជាប្រធានអាស៊ាន បានសម្រេច​មិន​អញ្ជើញ​ឲ្យ​លោកឧត្តមសេនីយ៍​យោធា មីង អោង ឡាំង ចូល​រួម​កិច្ចប្រជុំឡើយ។​

នៅលើកនេះទៀត ក្នុងជំនួបជាមួយ​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្តេច តេជោ នាយរកដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ពេលនេះ ស្ថានភាពនៅមីយ៉ាន់ម៉ា មានលក្ខណៈស្មុគស្មាញមែនទែន ដោយសារមានរដ្ឋាភិបាល ដល់ទៅពីរឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ។

សម្ដេច បានលើកឡើងថា សម្ដេចនឹងអញ្ជើញលោក មីង​ អោង​ ឡាំង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនៈភាពរីកចម្រើន ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទរបស់អាស៊ាន​នោះ តែបើសិនជាមិនមានទេ មីយ៉ាន់ម៉ា ត្រូវបញ្ជូនតំណាង ដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ានផងដែរ។

ក្នុងកិច្ចខិតខំប្រឹងប្រែង​ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨មករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា។ ប៉ុន្តែ​ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេច ស្រាប់តែមានការកាត់ទោសលោកស្រី​ អោង សានស៊ូជី រយៈពេល ៤ឆ្នាំ និងការប្រើប្រាស់យន្តហោះ ក្នុងប្រតិបត្តិការយោធាទៅវិញ៕

Picture
Picture
Picture
Picture