ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ក្រ​វ៉ា​ញ​ព្រៃ ប្រមូល​ផល​ម្តង​ៗ គឺ​ម៉ូយ​ៗ​ដណ្តើម​គ្នា​ទិញ​ស្ទើរតែ​លក់​មិន​ទាន់

2 ឆ្នាំ មុន
  • ប៉ៃលិន

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​និយម​ចូល​ចិត្ត​ម្ហូប​ឆា​ក្រ​វ៉ា​ញ​សាច់​ជ្រូក ឬ​សាច់​មាន់ និង​សាច់​ទា​ជាដើម ដែល​បន្លែ​ប្រភេទ​នេះ គឺ​មាន​រសជាតិ​ឈ្ងុយ​ប្រហើរ ស្រ​ដៀង​ទៅ​នឹង​ក្លិន​រំដេង ខណៈ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​និយម​ចូល​ចិត្ត​ម្ហូប​ឆា​ក្រ​វ៉ា​ញ​សាច់​ជ្រូក ឬ​សាច់​មាន់ និង​សាច់​ទា​ជាដើម ដែល​បន្លែ​ប្រភេទ​នេះ គឺ​មាន​រសជាតិ​ឈ្ងុយ​ប្រហើរ ស្រ​ដៀង​ទៅ​នឹង​ក្លិន​រំដេង ខណៈ​អ្នក​រស់នៅ​តាម​បណ្តា​ខេត្ត​នានា​មួយ​ចំនួន​មិន​ធ្លាប់​ស្គាល់ ឬ​បាន​ភ្លក់​រសជាតិ​បន្លែ​ប្រភេទ​នេះ​ទេ ព្រមទាំង​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ខ្លះ​ៗ​ផង​ដែរ​។

តែ​បើសិនជា​ភ្ញៀវ​ទេសចរណ៍ ឬ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ផ្សេង​ៗ ចូល​ទៅ​លេង​ក្នុង​ខេត្ត​ប៉ៃលិន កុំ​ភ្លេច​កុម្ម​ង់​ទិញ​ម្ហូប «​ឆា​ក្រ​វ៉ា​ញ​» ព្រោះ​ជា​ម្ហូប​ប្រចាំ​ត្រកូល ដែល​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ខេត្ត​ប៉ៃលិន​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ មាន​កសិករ​ម្នាក់​មានឈ្មោះ ហាន រស់នៅ​ចំណុច​ធុ​រ៉េ​ន​២​ដើម ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ដាំ​បន្លែ​ក្រ​វ៉ា​ញ​ព្រៃ ប្រមាណ​៤​ហិ​កតា នៅ​លើ​ដីចម្ការ​របស់​ខ្លួន លុះ​ពេល​ប្រមូល​ផល​ម្តង​ៗ​ម៉ូយ​ៗ​គឺ​ដណ្តើម​គ្នា​ទិញ ស្ទើរតែ​លក់​មិន​ទាន់​ផង​ដែរ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ឈ្មោះ ហាន អាយុ​ប្រហែល​៦០​ឆ្នាំ រស់នៅ​ក្នុង​ដីចម្ការ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ប្រកប​របរ​ដាំ​បន្លែ​ក្រ​វ៉ា​ញ​ព្រៃ​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ប្រមូល​ផល​ដក​លក់​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​រយៈពេល​១​ទៅ​២​អាទិត្យ​ម្តង គឺ​ក្នុង​១​ដើម​តម្លៃ​៩០០​ទៅ​១០០០​រៀល តាម​តូច​ឬ​ធំ ។ ជួនកាល​គាត់​កាត់​ខ្នែង​លក់​ជា​បាច់ ក្នុង​១​បាច់​៤៥០០​រៀល ហើយ​គាត់​ក៏​មាន​បណ្តុះ​កូន​ក្រ​វ៉ា​ញ​លក់ ក្នុង​១​ដើម​តម្លៃ​៤០០០​រៀល បើ​អតិថិជន​ទិញ​ច្រើន គាត់​ក៏​បញ្ចុះតម្លៃ​បន្តិចទៀត​ដែរ​។

គាត់​បន្ត​ទៀត​ថា បន្លែ​ក្រ​វ៉ា​ញ​ព្រៃ​នេះ មាន​ដើម​ស្រ​ដៀង​ទៅ​នឹង​ដើម​រំដេង ឬ​ដើម​ពន្លៃ​។ ប៉ុន្តែ​គេ​មិន​ហូប​មើម​របស់​វា​ឡើយ គឺ​ត្រូវការ​កាត់​ខ្នែង​យក​ទៅ​បកសំបក​ធ្វើ​ម្ហូបអាហារ ដូច​ជា ឆា​ជាមួយ​សាច់​ជ្រូក សាច់​មាន់ សាច់​ទា និង​អាច​ស្ងោ​ជាមួយ​ត្រី និង​សាច់​ផ្សេង​ៗ ក៏​បាន​ដែរ​។ បន្លែ​ប្រភេទ​នេះ និយម​ដុះ​នៅ​តាម​ម្លប់​ដើមឈើ​ធំ​ៗ​ដែល​ត្រជាក់ គឺ​មិន​ចូល​ចិត្តនឹង​កន្លែង​ដី​ស្ងួត ឬ​ត្រូវ​ពន្លឺ​ក្តៅ​ខ្លាំង​នោះ​ទេ​។

ចំណែក​លោក ខេ​ម ជា​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖ ពាក់ព័ន្ធ​ទៅ​នឹង​បន្លែ​ក្រ​វ៉ា​ញ​នេះ គឺ​វា​មិន​រើស​រក​ដី​ល្អ​ប៉ុន្មាន​នោះ​ទេ តែ​វា​ជា​បន្លែ​ដែល​ត្រូវការ​ម្លប់​ច្រើន ពោល​គឺ​គេ​មិន​ដាំ​នៅ​តាម​ទីវាល ត្រូវ​ពន្លឺ​ថ្ងៃ ដូច​បន្លែ​ផ្សេង​ៗ​ទៀត​ឡើយ​។

លោក​បន្ត​ទៀត​ថា បន្លែ​ក្រ​វ៉ា​ញ មាន​ទីផ្សារ​ទូលាយ​នៅឡើយ ខណៈ​អ្នក​ដាំ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន មាន​គ្នា​តិចតួច​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន​គ្រប់គ្រាន់​នោះ​ឡើយ​។ លោក​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជិត​ព្រំដែន បន្ត​នាំ​គ្នា​ដាំ​បន្លែ​ក្រ​វ៉ា​ញ​ព្រៃ ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​លក់ដូរ​នៅ​តាម​ហាង​ក្នុង​ខេត្ត​ប៉ៃលិន និង​លក់​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​នានា ក៏​ដូច​ជា​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ