ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! អណ្តាតភ្លើង​ឆេះ​ផ្ទះ​ស្តុក​ក្រណាត់​យ៉ាង​សន្ធោសន្ធៅ ស្រី​ៗ៣​នាក់​ជាប់​ក្នុងផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​ស្តុក​ក្រណាត់​បោះ​ដុំ​មួយ​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ហើយ​ក៏​ជាប់​ម្ចាស់ផ្ទះ​ស្រី​ៗ​ចំនួន​០៣​នាក់​នៅ​ខាងក្នុង​នោះ​ផង​ដែរ បណ្ដាល​អោយ​ឈ្លក់ផ្សែង​ភ្លើង និង​រលាកភ្លើង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ស្តុក​ក្រណាត់​បោះ​ដុំ​មួយ​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ហើយ​ក៏​ជាប់​ម្ចាស់ផ្ទះ​ស្រី​ៗ​ចំនួន​០៣​នាក់​នៅ​ខាងក្នុង​នោះ​ផង​ដែរ បណ្ដាល​អោយ​ឈ្លក់ផ្សែង​ភ្លើង និង​រលាកភ្លើង របួសធ្ងន់​-​ស្រាល​ទាំង​៣​នាក់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​១C ផ្លូវ​បេតុង ភូមិ​បឹង​សាឡា​ង ក្រុម​១ នៅ​ជាប់​នឹង​បុរី​សម្បត្តិ ស្ថិត​ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​កើតហេតុ និង​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ខណៈ​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ផ្ទះ​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា ផ្ទះ​ខាងលើ គឺ​ស្តុក​ក្រណាត់​ពេញ​ក្នុងផ្ទះ​ដោយ​ទុក​សម្រាប់​លក់​បោះ​ដុំ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ។ ហើយ​នៅ​មុន​ពេល​កើតហេតុ នា​ពេល​ល្ងាច​គឺ​ម្ចាស់ផ្ទះ​គាត់​បាន​ដុត​កំទេច​ក្រណាត់​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់ តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ហាមឃាត់ ហើយ​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​ពន្លត់ភ្លើង​វិញ​ទៅ​។

ពលរដ្ឋ​បន្ត​ថា លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្នុង​ផ្ទះ​កើតហេតុ និង​ខាង​មុខ​ផ្ទះ​ភ្លើង​ក៏​បាន​ឆេះ​រាលដាល​ដល់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ទៀត​ផង បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​ក៏​នាំ​គ្នា​គោះ​ទ្វារ និង​ស្រែកហៅ​ម្ចាស់ផ្ទះ ប៉ុន្តែ​ដោយសារ​តែ​ភ្លើង​ឆាបឆេះ​ខ្លាំង​ទៅ​ហើយ ទើប​អ្នក​នៅ​ខាងក្នុង​មិន​អាច​ចេញ​មក​ក្រៅ​បាន គឺ​បាន​ត្រឹម​នាំ​គ្នារ​ត់ទៅ​ជាន់​លើដំបូល ដើម្បី​គេច​ពី​អណ្ដាតភ្លើង​តែ​ប៉ុណ្ណោះ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដដែល បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ គាត់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ក៏​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង មក​អន្តរាគមន៍​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ដែល​ជាប់​នៅ​ខាងក្នុង​ផ្ទះ​បាន​ដោយ​សុវត្ថិភាព​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​ខាងលើ គឺ​បណ្តាល​មនុស្ស​ស្រី​ចំនួន​៣​នាក់​ដែល​ជា​ម្ចាស់ផ្ទះ​នោះ រង​របួសធ្ងន់​-​ស្រាល ដោយ​កូនស្រី​ម្ចាស់ផ្ទះ​ម្នាក់​រង​របួសធ្ងន់ ចំណែក​ម្តាយ និង​ស្ត្រី​ម្នាក់​ទៀត​របួសស្រាល ប៉ុន្តែ​គួរ​ឱ្យ​អនិច្ចា​ណាស់ កូនស្រី​របស់​ម្ចាស់ផ្ទះ​ដែល​រង​របួសធ្ងន់​នោះ ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ គឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

គួរ​បញ្ជាក់​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​អោយ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ខាងលើ​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ខណៈ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​នេះ ។ ហើយ​ចំពោះ​សម្ភារៈ​ខូចខាត​គឺ​ក្រណាត់​នៅ​ក្នុងផ្ទះ​លេខ​១C រង​ការ​ខូចខាត​ទាំងស្រុង និង​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ 2BG-2501 ក៏​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្តង ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ