ខេត្តព្រះវិហារ ៖ អណ្តាតភ្លើងបានឆាបឆេះផ្ទះប្រធានស្នាក់ការដែនជម្រកសត្វព្រៃ ព្រះរកា មួយខ្នងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះហ្មត់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងជើងក្រុមហ៊ុនចំការអំពៅចិន ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ។
បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងទទួលផែនសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានអោយដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បណ្តាលអោយផ្ទះមួយខ្នង និងសម្ភារៈជាច្រើនម៉ឺនដុល្លារឆេះហ្មត់គ្មានសល់តែម្តង ។
លោកបន្តថា តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ សុខ ផល អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលជាប្រពន្ធប្រធានស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃព្រះរកា បានអោយដឹងថា មុនកើតហេតុ ខ្លួនកំពុងតែដេកតែម្នាក់ឯងនៅក្នុងផ្ទះ ខណៈប្តីរបស់គាត់ នឹងមន្ត្រីឧទ្យានុរក្សផ្សេងទៀត បានចេញទៅព្រៃអស់ លុះរហូតដល់ម៉ោង៤ទៀបភ្លឺ ក៏ស្រាប់តែលឺសម្លេងផ្ទុះធុងហ្គាស ពេលនោះខ្លួនក៏ក្រោកចេញពីគ្រែ រួចទៅខាងក្រៅក៏ឃើញអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅបាត់ទៅហើយ ចេញពីបន្ទប់ខាងក្រោយ ។
ប្រភពដដែលន្តថា ពេលនោះ គាត់ក៏បានស្រែកហៅអោយគេជួយដែរ តែដោយសារតែផ្ទះរបស់គាត់នៅដាច់ឆ្ងាយពីប្រជាពលរដ្ឋផ្សេងទៀត។ ហើយគ្រានោះខ្លួនជាម្ចាស់ផ្ទះក៏បានរត់ចេញទៅរកកន្លែងសុវត្ថិភាពតែម្តងទៅ ទើបធ្វើអោយអគ្គិភ័យឆាបឆេះខ្ទេចហ្មត់ទាំងស្រុងតែម្តង។
សមត្ថកិច្ចបន្តថា នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថាអគ្គិភ័យនេះអាចបង្កមកពីទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនីដែលចេញពីបន្ទប់ខាងក្រោយផ្ទះ ទើបបណ្តាលអោយកើតជាអគ្គិភ័យតែម្តង ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះផងដែរ បានបង្កអោយខូចខាតរួមមាន ៖ ផ្ទះទំហំ៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ចំនួន១ខ្នង, ឡានសាំយ៉ុង១គ្រឿង, ឡានឡង់គ្រីស័រ១គ្រឿង, កុំព្យូទ័រ២គ្រឿង, ម៉ាស៊ីនព្រីន ១គ្រឿង, ឯកសារពាក់ព័ន្ធដែនជម្រកសត្វព្រៃមួយចំនួន, គ្រាប់កាំភ្លើង២០០គ្រាប់, សាឡុង១ឈុត, គ្រែដេក៨, តុងឿ៣គ្រឿង និងម៉ូតូ២គ្រឿង ផងដែរ។
គួររំលឹកថា នៅក្នុងឆ្នាំ២០២១កន្លងទៅ ករណីគ្រោះអគ្គិភ័យក៏បានកើតឡើងនៅខេត្តព្រះវិហារ គឺមានចំនួន១៥លើក ថយចុះ២លើក ដែលបណ្តាលអោយឆេះផ្ទះចំនួន១៥ខ្នង នឹងសម្ភារ:មាសប្រាក់មួយចំនួនទៀត នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅ ។
ចែករំលែកព័តមាននេះ