ខេត្តកំពង់ធំ ៖ បុរសជាឪពុកបានទាញពូថៅកាប់កូនប្រុសបង្កើតខ្លួនឯង៤ពូថៅបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមបន្ទាប់ពីកូនប្រុសរូបនោះបានធាក់ឪពុកមួយជើងយ៉ាងដំណំ ។ អំពើហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ ហេង គួន អាយុ៤៧ឆ្នាំ រីឯកូនប្រុសរងគ្រោះឈ្មោះ ហេង ហុងគី អាយុ២៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារដែលម្តាយស្លាប់ចោលជាច្រើនឆ្នាំមកហើយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយអំណាចនៃទឹកប្តូរនិស្ស័យចូលខ្លួនឪពុកនិងកូនបង្កើតបានបើកឆាយប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម ទីបំផុតកូនប្រុសបានជូនរង្វាន់ឪពុក១ជើងយ៉ាងដំណំ ។ ចំណែកលោកឪពុកវិញក៏មិនណយដែរ បានទាញពូថៅដែលនៅក្បែរនោះកាប់វិញ៤ពូថៅផ្ទួនៗបណ្តាលឲ្យកូនស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ពេលកំពុងកើតហេតុអ្នកជិតខាងមិនហ៊ានចូលជួយនោះទេ ដោយសារតែបុរសជាឪពុកមានកាន់ពូថៅនៅនឹងដៃ ព្រមទាំងមានសៀតកាំបិតស្នៀតនៅនឹងចង្កេះថែមទៀតផង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយអន្ដរាគមន៍ និងចាប់បញ្ជូនជនបង្កទៅកាន់ប៉ុស្ដិ៍នគរបាលឃុំក្ដីដូងដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ