ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ទូច ​៖ ​ក្រៅពី​ទេសចរណ៍វប្បធម៌ ធម្មជាតិ ត្រូវ​មាន​ទេសចរណ៍​សិប្បនិម្មិត ផលិតផល និង​ទេសចរណ៍​សុខាភិបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ​ដើម្បី​ជំរុញ​ចំណាប់អារម្មណ៍​អ្នកទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម​ទៀត កម្ពុជា​ត្រូវ​បង្កើន​នូវ​ប្រភេទ​គោលដៅ​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរ​បែប​ទៀត​ ។ ​គោលដៅ​ទេសចរណ៍​ទី​មួយ ដែល​ភ្ញៀវ​ទេសចរ​នឹកឃើញ​មុនគេ​សម្រាប់​ប្រទេស​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌…

រាជធានីភ្នំពេញ ៖ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ​ដើម្បី​ជំរុញ​ចំណាប់អារម្មណ៍​អ្នកទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម​ទៀត កម្ពុជា​ត្រូវ​បង្កើន​នូវ​ប្រភេទ​គោលដៅ​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរ​បែប​ទៀត​ ។ ​គោលដៅ​ទេសចរណ៍​ទី​មួយ ដែល​ភ្ញៀវ​ទេសចរ​នឹកឃើញ​មុនគេ​សម្រាប់​ប្រទេស​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌ ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​វប្បធម៌​ចំណាស់​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ពិសេស​សំណង់​ប្រាសាទអង្គរវត្ត ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​ជា​សំណង់​ប្រាសាទធំ​ជាង គេ​ដែល​ឧទ្ទិស​ដល់​សាសនា ​។ ក្រៅពី​នេះ កម្ពុជា​នៅ​មាន​សក្ដានុពល​ទេសចរណ៍ធម្មជាតិ ដែល​រួម​មាន​បឹង​ទន្លេសាប ព្រៃ​ភ្នំ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ធ្វើ​ដំណើរ​កម្សាន្ត​ជា​បន្តបន្ទាប់ ​។

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយ​សមាគម​ទេសចរណ៍​កម្ពុជា ព្រមទាំង​សណ្ឋាគារ​ធំ​ៗ​ចំនួន ​៤​ នៅ​កម្ពុជា នៅ​រសៀល ថ្ងៃ​ទី ​១៣ ខែធ្នូ ឆ្នាំ ​២០២១ លោក​ សុខ ទូច បញ្ជាក់​ថា​ សក្ដានុពល​ទេសចរណ៍​ទាំង​ពីរ​ខាងលើ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​នេះ គប្បី​ត្រូវ​ធ្វើការ​ពង្រឹង និង​ត​ភ្ជាប់​គ្នា​បន្ថែម​ទៀត តាម​រយៈ​ការ​ពង្រីក​បន្ថែម​នូវ​ប្រភេទ​គោលដៅ​ទេសចរណ៍​ផ្សេង​ៗ​ទៀត ដែល​ក្នុង​នោះ​មាន​ដូច​ជា​ទេសចរណ៍​សិប្បនិម្មិត ទេសចរណ៍​ផលិតផល និង​ទេសចរណ៍​សុខាភិបាល​ ​។

លោក​ សុខ ទូច ​បន្ថែម​ថា សម្រាប់​ប្រភេទ​ទេសចរណ៍​សិប្បនិម្មិត ត្រូវ​បាន​អភិវឌ្ឍ និង​ដាក់​ឱ្យ​ដំណើរការ​រួច​ហើយ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន រួម​មាន​ដូច​ជា​ប្រទេស​ជប៉ុន សិង្ហ​បុរី និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ឱ្យទៅ​ដើរ​កម្សាន្ត និង​ប្រមូល​បាន​ចំណូល​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​ ។ ​ចំណែក​ទេសចរណ៍​ផលិតផល ក៏​ជា​ប្រភេទ​ទេសចរណ៍​ប្រកបដោយ​សក្ដានុពល​ ។ វា​ជា​វត្ថុ​តំណាង​ឱ្យ​ភ្ញៀវ​ទេសចរ​ចង​ចាំ និង​នឹករឭក​ដល់ទី​តាំង​ទេសចរណ៍​ដែល​ពួក​គេ​បាន​ទៅ​ដល់ ព្រមទាំង​ជា ការ​ផ្សព្វផ្សាយ​ដោយ​ប្រយោល​មួយ នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ទាំងនោះ​ត្រឡប់​ទៅ​វិញ និង​បាន​បង្ហាញ​ទៅ​កាន់​អ្នក​ដទៃ​ផ្សេង​ទៀត នឹក​ស្រមៃ​ដល់​ការ​ដើរ​កម្សាន្ត​នៅ​ទីតាំង​ទេសចរណ៍​នោះ ​។

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ថា ​ប្រទេស​កម្ពុជា​សម្បូរ​បែប​ទៅ​ដោយ​ផលិតផល​ដែល​កំណត់​នូវ​អត្តសញ្ញាណ​ទីតាំង​នានា ពិសេស​ទឹកដី​សៀមរាប​អង្គរ និង​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប សុទ្ធសឹងតែ​អាច​ត្រូវ​បាន​រំលេច​ឱ្យ​ចេញ​ផលិតផល​តំណាង​ទីតាំង​នីមួយ​ៗ​បាន​យ៉ាង​ងាយ​ ។ ទោះជា​យ៉ាងណា ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ ប្រភេទ​ទេសចរណ៍​ផលិតផល​នេះ​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យ​មានការ​ពង្រឹង និង​ជំរុញ​ឱ្យ​កាន់តែ​ខ្លាំង​នូវ​អ្វី​ដែល​ជា​ផលិតផល​របស់​ខ្មែរ ​។

ទេសចរណ៍​សុខភាព គឺជា​ចំណុច​សំខាន់​មួយ​ដែល​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​បាន​សង្កត់ធ្ងន់​ថា ថ្វីបើ​បច្ចុប្បន្ន​មាន​ស្ថានភាព​ស្រាកស្រាន្ត ប៉ុន្តែ​នៅ​មុន​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ប្រជាជន​កម្ពុ​ជាមួយ​ចំនួន បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​ជិតខាង ដោយ​វា​ជា​បញ្ហា​ដែល​ត្រូវ​ពិនិត្យ និង​ដោះស្រាយ ព្រោះ​ថវិកា​ជា​ច្រើន ត្រូវ​បាន​ហូរ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង ដោយ​យើង​ពុំ​ទាន់​មាន​អ្វី​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ ។ ទេសចរណ៍​សុខភាព ពុំ​អាស្រ័យ​តែ​ទៅ​លើ​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​នោះ​ឡើយ គេ​អាច​រៀបចំ​ទីតាំង​វិស្សមកាល លំហែរ​អារម្មណ៍​បែប​ស្ងប់ស្ងាត់​សម្រាប់​ភ្ញៀវ​ទេសចរ​បាន ដោយ​វា​ក្លាយទៅជា​តំហែទាំ​ផ្នែក​សុខភាព​ផ្លូវចិត្ត​មួយ​បែប ដែល​ជា​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ពិសេស​អ្នកមាន​វ័យ​ចំណាស់ អ្នក​ចូល​និវត្តន៍ ឬ​អ្នកមាន​ភាព​តានតឹង​ខ្លាំង​នឹង​ការងារ​ ។

លោក ​សុខ ទូច​ ថា គោលការណ៍​សំខាន់ ​៤ សម្រាប់​វិស័យ​ទេសចរណ៍​យកចិត្តទុកដាក់​ដែល​នោះ គឺ តម្លៃ​ទាប ឆ្ងាញ់ គុណភាព និង​ស្នាមញញឹម ជា​គោលការណ៍​សំខាន់​បំផុត​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា ឱ្យ​មាន​វឌ្ឍនភាព​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ