ខេត្តកណ្តាល ៖ ចំណីអាហារមានផ្ទុកនូវសារធាតុគីមីហួសកម្រិតប៉ះពាល់សុខភាពនៅតែជាកង្វល់ដ៏ធំមួយរបស់អ្នប្រើប្រាស់ ព្រោះមិនបានដឹងប្រាកដថា តែចំណីអាហារលក់ដូរតាមទីផ្សារនានាមានសុវត្ថិភាពកម្រិតណានោះ ។
ជាក់ស្តែងមន្ត្រីជំនាញផ្នែកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា CCF បានរកឃើញពពុះសណ្ដែកប្រមាណ ១៦គីឡូក្រាមមានផ្ទុកសារធារុគីមីហាមឃាត់នៅសិប្បកម្មក្នុងខេត្តកណ្ដាល ។
ការឈានទៅដល់ការរកឃើញពពុះសណ្ដែកប្រមាណ ១៦គីឡូក្រាមមានផ្ទុកសារធារុគីមីហាមឃាត់នៅសិប្បកម្មមួយកន្លែងក្នុងខេត្តកណ្ដាល ត្រូវបានធ្វើឡើង ក្រោយពីសមត្ថកិច្ចជំនាញបានរកឃើញសារធាតុគីមីហាមឃាត់នៅលើពពុះសណ្ដែកជាបន្តបន្ទាប់នៅលើទីផ្សារ ។
ប្រភពពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា មន្ត្រីសើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប. បានធ្វើការស៊ើបអង្កេតតាមមុខសញ្ញាដែលបានរកឃើញនៅលើទីផ្សាររហូតឈានដល់ការរកឃើញនូវសិប្បកម្មផលិតមួយកន្លែងដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ។
«ក្រោយពីបានធ្វើការត្រូតពិនិត្យផ្ទាល់នៅទីតាំងក៏បានរកឃើញ និងដកហូតបានពពុះសណ្ដែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន ១៦គីឡូក្រាមយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវីធី។ សម្រាប់ម្ចាស់សិប្បកម្មត្រូវបានមន្ត្រីក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងបានណែនាំឱ្យបញ្ឈប់ការចែកចាយនូវទំនិញមិនអនុលោម» ។ នេះបើយោងតាមមន្ត្រី មន្ត្រីក.ប.ប. ។
យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួនបានលើកឡើងថា វិធានការត្រឹម ពិន័យអន្តរការណ៍ និងបានណែនាំឱ្យបញ្ឈប់ការចែកចាយនូវទំនិញមិនអនុលោម ទំនងមិនអាចបញ្ឈប់ឈ្មួយខិលខូចនោះទេ គួរតែចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងជាមួយម្ចាស់សិប្បកម្ម ឬអាជីវកម្មដែលលក់ ឬចែកចាយពពុះសណ្តែកផ្ទុកសារធាតុគីមីនៅក្នុងទីផ្សារ។
«និយាយរួមទៅ ឃើញសមត្ថកិច្ចចុះបង្ក្រាបបានជាបន្តបន្ទាប់ចំណីអាហារមានផ្ទុកសារធាតុគីមីប៉ះពាល់សុខភាព តែខ្ញុំនៅតែបារម្ភព្រោះមិនដឹងថារាល់ថ្ងៃចូលផ្សារទំនើប ឬផ្សាររដ្ឋផ្សេងៗ ថាចំណីអាហារ បន្លែផ្សេង ក៏ដូចត្រីសាច់មានសុវត្ថិភាពកម្រិតណានោះទេ» ។ នេះជាការបញ្ជាក់របស់អ្នកស្រី សោភ័ណ្ឌ ស្ត្រីមេផ្ទះមួយរូបនៅរាជធានីភ្នំពេញ ។
អ្នកស្រីបន្តថា «កន្លែងណាគេប្រាប់ថា លក់បន្លែធម្មជាតិ ចេះតែទៅរកទិញមកធ្វើម្ហូបឱ្យកូនៗ ហើយពពុះសណ្តែកនេះទៀតសោត សុទ្ធតែជារបស់កូនៗចូលចិត្តញុំាំជាមួយស៊ុប។ ពិតជាបារម្ភណាស់ មិនដឹងថាទិញប៉ះពពុះសណ្តែកល្អ ឬពពុះសណ្តែកផ្ទុកសារធាតុគីមីប៉ះពាល់សុខភាពនោះទេ» ៕
ចែករំលែកព័តមាននេះ