ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​កវី​អ៊ុ​ក​នៃ​រឿង «​មរណ​មាតា​»

7 ឆ្នាំ មុន

«​មរណ​មាតា​» ជា​រឿង​ដែល​រចនា​ឡើងជា​បទ​កំណាព្យ​ដោយ​កវី​អ៊ុ​ក នៅ​ឆ្នាំ​១៨៧៧ ទាញ​ចេញពី​គម្ពីរ​ភាសាបាលី ។ មរណ​មាតា ជា​រឿង​កម្សត់​បត់បែន​ច្រើន​វគ្គ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​រហូត​មក​ដល់​បច្ចុប្បន្ន ។

«​មរណ​មាតា​» ជា​រឿង​ដែល​រចនា​ឡើងជា​បទ​កំណាព្យ​ដោយ​កវី​អ៊ុ​ក នៅ​ឆ្នាំ​១៨៧៧ ទាញ​ចេញពី​គម្ពីរ​ភាសាបាលី ។ មរណ​មាតា ជា​រឿង​កម្សត់​បត់បែន​ច្រើន​វគ្គ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​រហូត​មក​ដល់​បច្ចុប្បន្ន ។ មរណ​មាតា ជា​រឿង​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ខ្លះ​មិន​ហ៊ាន​បរិភោគ​សាច់​ត្រី​ដំរី​ទេ ។

យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ » សរសេរ​ថា តាំងពី​ចុង​សតវត្ស​ទី​១៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ក្តី បើកាលណា​គេ​ចង់​ជេរ​ត្មះ​ដៀល​ស្ត្រី​ណា​ម្នាក់​ដែល​គេ​គិត​ថា ជា​ស្ត្រី​មាន​ចរិត​អាក្រក់​ជួជាតិ ចងអាឃាត ព្យាបាទ ឥត​កេរ្តិ៍ខ្មាស ឆ្នាស​ឆ្នើម និន្ទាឈ្នានីស ប្រជាជន​ខ្មែរ​ច្រើន​តែ​ជេរ​ថា មេ​កាឡី ឬ​មេ​ឆន្ទា ។ ទាំងនេះ​មក​ពី​គេ​សំដៅ​ប្រដូច​មនុស្ស​ស្រី​រូប​នោះ​ទៅ​នឹង​នាង​កាឡី និង​នាង​ឆន្ទា ជា​តួអង្គ​អាក្រក់​ក្នុង​រឿង​មរណ​មាតា​នេះឯង ។ ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​មុន​នេះ​រឿង​«​មរណ​មាតា​» ត្រូវ​គេ​ផលិត​ជា​ខ្សែភាពយន្ត ។

ព្រឹក្សា​នានា​ដរាប គ្មាន​ខ្ពស់​គ្មាន​ទាប មិនតូច​មិនធំ​ស្មើគ្នា ។
ស្តេច​យាង​ទត​ព្រៃ​ព្រឹក្សា សប្បាយ​ទ​យា មនោ​មា​ក្សេមក្សាន្ត ។
ព្រឹក្សា​ផលា​មែនមាន ព្រីង​ព្រួស​ភូ​ដាន ទ្រមូង​ទ្រមួច​ខ្នុរ​ខ្នា ។
ចេក​ចាន់​សណ្តាន់​សណ្តា សណ្តែក​ទៀប​ទា​- ទឹម​ទេស​ទុរេន លាំងសាត ។
មាក់ប្រាង​មាក់សាង​មាក់បាត មាក់ដោក​ស្វាយ​ស្វាត ពង្រ​ពង្រៀង​ក្រូច​ក្រាយ ។

យោធ​សេនា​ទាំងឡាយ ឡើង​បេះ​ប្រញាយ ប្រញាប់​ដណ្តើម​គ្នា ។ ស្ពាយ​រែក​កាប់​មែក​ប្រឡេះ ខ្លះ​ផ្ទុក​រទេះ ខ្លះ​បេះ​មក​ថ្វាយ​ក្សត្រា ។ 

ខាងលើ​នេះ​ជា​សម្រង់​ចេញពី​រឿង​«​មរណ​មាតា » វគ្គ​ព្រះរាជា​យាង​ប្រពាត​ព្រៃ ។ ពុំ​បានដឹង​ច្បាស់​កាលបរិច្ឆេទ និង​ទី​កំណើត​របស់​កវី​ឡើយ ។ តាម​សេចក្តី​ផ្តើម​នៃ​រឿង «​មរណ​មាតា​» អាច​ដឹង​ថា កវី​នាម​អ៊ុ​ក ហើយ​បាន​និពន្ធ​រឿង «​មរណ​មាតា​» នា​ពុទ្ធសករាជ​២៤២០ មហាសករាជ​១៧៩៩ ចុល្លសករាជ​១២៣៩ ត្រូវ​នឹង​គ្រឹ​ស្ត​សករាជ ១៨៧៧។

អ្នក​សិក្សា​ខ្លះ​បាន​អះអាង​ថា កវី​អ៊ុ​ក កាល​អាយុ​១២​ឆ្នាំ  បាន​ទៅ​សិក្សា​នៅ​វត្ត​។  អ្នក​រៀបរៀង​អត្ថបទ​យល់​ថា កុមារ​អ៊ុ​ក បាន​បួស​ជា​សាមណេរ​នៅ​ពេល​មាន​អាយុ​១២​ឆ្នាំ ព្រោះ​ក្នុង​សេចក្តី​ផ្តើម​នៃ​រឿង​នេះ មាន​ឃ្លា​ពីរ​ថា … កោរសក់​គ្រាន់គ្រប់ នាំ​មក​បួស​រៀន​… ។ លុះ​អាយុ​២២​ឆ្នាំ បាន​បួស​ជា​ភិក្ខុ ដោយ​មាន​ឆាយា​នាម «​ឥន្ទ​ប្បញ្ញា​»​។  ព្រះ​ភិក្ខុ ឥន្ទ​ប្បញ្ញា អ៊ុ​កបាន​ចាប់់​និពន្ធ​រឿង «​មរណ​មាតា​» បន្ទាប់​ពី​លោក​បាន​បួស​ជា​ភិក្ខុ​ពោល​គឺ​ក្នុងអំឡុងពេល​ដែល​លោក​ទើប​មាន​វ័យ​២២​វស្សា ។

តាម​ការ​គណនា​ថយក្រោយ​ដោយ​សម្អាង​តាម​អារម្ភបទ​នៃ​រឿង «​មរណ​មាតា​» ទៅ​ឃើញ​ថា ព្រះ​ភិក្ខុ​អ៊ុ​ក មាន​ព្រះ​ជន្ម​២២​ព្រះ​វស្សា នៅ​ឆ្នាំ​១៨៧៧ ដោយហេតុ​នេះ ទើបត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា លោក​បាន​កើត​នៅ​អំឡុង​គ្រឹ​ស្ត​សករាជ ១៨៥៥ ។

«​មរណ​មាតា​» ជា​រឿង​ទាក់ទង​ទៅ​នឹង​គតិ​លោក និង​គតិ​ធម៌ ហើយ​ជា​វណ្ណគតិ​ខាង​អក្សរសិល្ប៍​មួយ​ដ៏​ល្អ​គាប់ ត្រូវ​បាន​បកប្រែ​មក​ពី​ភាសាបាលី និង​រចនា​តាក់តែង​ជា​បទ​កំណាព្យ​ក្នុង​រជ្ជកាល​នៃ​ព្រះករុណា​នរោត្តម ។ ក្នុង​សេចក្តី​ផ្តើម​នៃ​រឿង​នេះ​មានការ​ចាប់អារម្មណ៍​ឃើញ​ថា ច្បាប់​ដើម​នៃ​រឿង​ជា​គម្ពីរ​ភាសាបាលី​ឈ្មោះ «​ចេតនា​ពុទ្ធា​» ។

អ្នក​រៀបរៀង​លើក​ឡើង​ថា ក្នុង​វ័យ​កុមារ ភាព និង​យុវភាព​របស់​លោក​តែងតែ​ឮ​ឪពុក​ម្តាយ និង​មនុស្ស​ចាស់ទុំ​តំណាល​រឿង​«​មរណភាព​មាតា​» ឱ្យ​លោក​ស្តាប់ ប៉ុន្តែ​ពួក​គាត់​ច្រើន​ហៅ​ថា​រឿង​ត្រី​ដំរី​ឡើយ ។ លោក​បាន​ឃើញនឹងភ្នែក​ផង​ថា មនុស្ស​ភាគច្រើន​មិន​បរិភោគ​សាច់​ត្រី​ដំរី​ឡើយ ។ ចំពោះ​រូប​លោក​ខ្លួនឯង​ទោះ​កាលនោះ​មិន​បាន​ចេះ​ចាំ​សាច់​រឿង​ច្បាស់លាស់​ក្តី ក៏​លោក​បាន​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ក្នុង​ការ​មិន​បរិភោគ​សាច់​ត្រី​ដំរី​ដែរ  រហូត​ដល់​វ័យ​ជាង​៣០​ឆ្នាំ​ហើយ ក៏​នៅ​តែ​មិន​មាន​អារម្មណ៍​ស្និទ្ធស្នាល​ក្នុង​ការ​បរិភោគ​សាច់​ត្រី​មួយ​ប្រភេទ​នេះ​ដែរ​។ ប្រសិនបើ​គេ​នេសាទ​បាន​ត្រី​ដំរី គេ​លែង​វា​ទៅ​ក្នុង​ទឹក​វិញ ឬ​យក​ទៅ​ចិញ្ចឹម​ថែរក្សា​ក្នុង​អាង ឬ​ពាង​ឯ​ផ្ទះ ហើយ​បើ​ត្រី​នោះ​ធំ​បន្តិច គេ​ច្រើន​យក​ទៅ​លែង​នៅ​ក្នុង​ទឹកស្រះ  វត្ត ។ ប្រ​សិន​បុគ្គល​ណា​បរិភោគ​សាច់​ត្រី​ដំរី​នោះ ត្រូវ​អ្នកផង​តិះដៀល​ថា ជា​មនុស្ស​ឃោរឃៅ ពុំ​មាន​មេត្តា ជា​បក្សពួក​របស់​នាង​កាឡី ។ ទាំងនេះ​ដ្បិត​គេ​យល់​ថា ត្រី​ដំរី​មានកំណើត​មក​ពី​មនុស្ស គឺ​ម្តាយ​របស់​នាង​មរណ​មាតា​ដែល​គេ​អាណិតអាសូរ ។

ប្រការ​នេះ​សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា រឿង​មរណ​មាតា មិន​គ្រាន់តែ​ត្រូវ​ជនជាតិ​ខ្មែរ​ចង​ចាំ​ទេ ថែម​ទាំង​ដិត​ជាប់​ក្នុង​ផ្នត់គំនិត ហើយ​បង្កើត​បានជា​ទស្សនៈ​គោល​សីលធម៌​ប្រចាំជីវិត​ផង ។

គេ​ឃើញ​មានរឿង​ព្រេង​ថៃ​មួយ​ដែល​មានដំណើរ​រឿង​ប្រហាក់ប្រហែល​នឹង​រឿង​មរណ​មាតា របស់​កវី​អ៊ុ​ក ខ្មែរ​យើង​ដែរ ដែល​បកប្រែ មក​ពី​ភាសា​បារាំង​មានឈ្មោះ​ថា Le  gobie d’or ។

អ្នក​សិក្សា​ភាគច្រើន​មាន​ទស្សនៈ​ថា ដោយសារ​រឿង «​មរណ​មាតា​»​កម្សត់ និង​ពីរោះ​គួរ​ចាប់អារម្មណ៍​ក្រៃពេក ទើប​ព្រះសង្ឃ​ស្ទើរ​គ្រប់​វត្ត​អារាម​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចារ​ចម្លង ត​ៗ​គ្នា​ដាក់​ស្លឹករឹត​សម្រាប់​កុមារ​សិស្សវត្ត​សិក្សា​អក្សរសាស្ត្រ​ជាតិ​តាំងពី​សម័យ​នោះ​មក ។

ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ចាត់​ឱ្យ​ចារ​ចម្លង​រឿង​មរណ​មាតា ចេញពី​សាស្ត្រា​ស្លឹករឹត ដែល​មាន​ក្នុង​បណ្ណាល័យ​នៃ​វិទ្យាស្ថាន​នេះ ពិនិត្យ​ផ្ទៀងផ្ទាត់ ហើយ​ចាត់ការ​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៦៥ ៕