ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​កូន​មាន​ឬ​ក្រ​តែ​កូន​មិន​ត្រូវ​ក្រ​សេចក្តី​ល្អ​ឡើយ

1 ខែ មុន

ពាក្យ​ម៉ែ​ជា​ពាក្យពិត​ពាក្យ​សច្ចៈ​ចូរ​កូន​ចាំ​ពាក្យ​ម៉ែ​ទុក​ចុះ ទោះបីជា​កូន​មានទ្រព្យ ឬ​ក្រ​ទ្រព្យសម្បត្តិ​ក៏​ដោយ តែ​កូន​មិន​ត្រូវ​ក្រ​សេចក្ដី​ល្អ​ឡើយ ថ្វី​ត្បិត​តែ​កូន​មិន​មាននូវ​ឋានៈ​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ក្នុង​សង្គម តែ​សូម​ឲ្យ​កូន​អណ្តែត​ខ្លួន​ក្នុង​ពន្លឺ​រស្មី​នៃ​សតិបញ្ញា​ជា​និច្ច កូន​នឹង​ប្រពៃ​ថ្លៃថ្នូរ ។ ម៉ែ​មាន​បណ្តាំ​សំខាន់​បី​ប្រការ​ចំពោះ​កូនស្រី​៖ ១-​ក្នុង​ការ​រៀនសូត្រ…

ពាក្យ​ម៉ែ​ជា​ពាក្យពិត​ពាក្យ​សច្ចៈ​ចូរ​កូន​ចាំ​ពាក្យ​ម៉ែ​ទុក​ចុះ ទោះបីជា​កូន​មានទ្រព្យ ឬ​ក្រ​ទ្រព្យសម្បត្តិ​ក៏​ដោយ តែ​កូន​មិន​ត្រូវ​ក្រ​សេចក្ដី​ល្អ​ឡើយ ថ្វី​ត្បិត​តែ​កូន​មិន​មាននូវ​ឋានៈ​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ក្នុង​សង្គម តែ​សូម​ឲ្យ​កូន​អណ្តែត​ខ្លួន​ក្នុង​ពន្លឺ​រស្មី​នៃ​សតិបញ្ញា​ជា​និច្ច កូន​នឹង​ប្រពៃ​ថ្លៃថ្នូរ ។

Picture

ម៉ែ​មាន​បណ្តាំ​សំខាន់​បី​ប្រការ​ចំពោះ​កូនស្រី​៖

១-​ក្នុង​ការ​រៀនសូត្រ ការ​តម្កល់​ខ្លួន ឬ​ការ​អ្វី​ៗ​ទៀត​ក៏​ដោយ ម៉ែ​សូម​ដាស់តឿន​កូន​ថា ចូរ​កុំ​ប្រហែសធ្វេស ស្វា​ក៏​ចេះ​ប្រយ័ត្ន​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ចុះ​ពីលើ​ចុងឈើ​ដែរ មនុស្ស​យើង​ទោះបី​មាន​ជំនាញ​ប៉ុនណា ឆ្លៀវឆ្លាត​អង់អាច​ប៉ុនណា​ក៏​ដោយ កាលណា​បើ​ប្រមាទ​ធ្វេសប្រហែស​ហើយ ក៏​រមែង​ភ្លាត់​ប្លាត​ធ្លាក់ខ្លួន​ដូច​ជា​មនុស្ស​ល្ងង់ខ្លៅ​អ៊ីចឹង​ឯង ។

Picture

២-​ក្នុង​ការ​រៀបចំ​ទុកដាក់​ខ្លួន​ជាមួយ​មិត្តភក្តិ កុំ​ឲ្យ​ខ្ពស់​ពេក​នាំ​ឲ្យ​គេ​ស្អប់ តែបើ​ដាក់ខ្លួន​ទាប​ពេក​នាំ​ឲ្យ​គេ​មើលងាយ ដូច្នេះ​កូន​ត្រូវ​ឲ្យ​ល្មម​ៗ​ទៅ​បាន​ហើយ ។ ចំណែក​ជាមួយ​គ្រូអាចារ្យ​នោះ កូន​ត្រូវ​ទន់ភ្លន់ គោរព​ឱនលំទោន ដូច​ពាក្យ​លោក​ពោល​ទុក​ថា ឈ្នះ​អ្នក​ស័ក្តិ​ខ្ពស់​ដោយ​ការ​ឱនលំទោន ឈ្នះ​អ្នកទាប​ទន់ខ្សោយ​ដោយ​ការ​សង្គ្រោះ ឈ្នះ​អ្នក​ស្មើគ្នា​ដោយ​ការ​ព្យាយាម ។

Picture

៣-​ចំណែកឯ​ការ​រៀបចំ​ខ្លួន​ជាមួយ​ភេទ​ផ្ទុយ​គ្នា ម៉ែ​សូម​បញ្ជាក់​ប្រាប់​ដល់​កូនស្រី​ម៉ែ​ថា មនុស្ស​ប្រុស​ខ្លាច​មនុស្ស​ស្រី​ណា​ដែល​រៀបចំ​នូវ​ឥរិយាបថ​ល្អ មាន​អាកប្បកិរិយា​ល្អ រៀបរយ​រាបសា មិន​និយាយ​លេង ឡេះឡោះ​រហូត​ដល់​ហួសវិស័យ​ស្រី កាលបើ​ដូចនេះ មនុស្ស​ប្រុស​រមែង​ក្រែង​ចិត្ត​និង​និយាយ​លើកតម្កើង​កូន​ប្រាកដ ។

Picture

សូម​កូន​ម៉ែ​រក្សា​នូវ​គុណ​តម្លៃ​របស់​មនុស្ស​ឲ្យ​បាន​ឋិត​នៅ​មាំមួន​ក្នុង​ខ្លួន សូម​កូន​កុំ​ជា​មនុស្ស​អស់​តម្លៃ​ឲ្យ​សោះ គុណ​តម្លៃ​មនុស្ស​គឺជា​សិរី​សួស្ដី និង​ជា​អាភរណៈ​ដ៏​ប្រសើរ​ក្នុង​ជីវិត ៕ សាន សារិន