ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ សំណួរ ជាមួយប្រធានសមាគមសណ្ឋាគារ ជុំវិញដំណោះស្រាយលើវិស័យស្នាក់នៅក្នុងបរិបទវិបត្តិកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ឌិន សុមេធារិទ្ធ ទទួលតួនាទីជាប្រធានសមាគមសណ្ឋាគារ កាលដើមខែកក្កដា ឆ្នាំ ២០២១ នេះ…

រាជធានីភ្នំពេញ ៖ លោក ឌិន សុមេធារិទ្ធ ទទួលតួនាទីជាប្រធានសមាគមសណ្ឋាគារ កាលដើមខែកក្កដា ឆ្នាំ ២០២១ នេះ ក្នុងពេលដែលជំងឺកូវីដ ១៩ បានវាយលុកជាខ្លំាងលើវិស័យទេសចរណ៍រួមទំាងវិស័យស្នាក់នៅផងនោះ ។ ទទួលបន្ទុកនៅក្នុងកាលៈទេសៈដ៏លំបាកនេះ តើប្រធានសមាគមថ្មីរូបនេះ មានយន្តការជួយដោះស្រាយវិស័យនេះយ៉ាងណាខ្លះ លោក ឌិន សុមេធារិទ្ធ បានឆ្លើយទៅនឹងសំណួរចំនួន ៥ ដូចខាងក្រោម ៖

សំណួរ ៖ ជាដំបូងខ្ញុំចង់ដឹងថា តើការទទួលតួនាទីរបស់លោកនៅពេលវិបត្តិកូវីដ ១៩ នេះ ជាបន្ទុកធ្ងន់ធ្ងរមួយ ឬយ៉ាងណា ?

លោក ឌិន សុមេធារិទ្ធ ៖ មែនទែនខ្ញុំធ្លាប់ធ្វើប្រធានសមាគមសណ្ឋគារនេះម្តងហើយ តែដោយសាររវល់ក៏ដកខ្លួនមួយរយៈទៅ ។ ឥឡូវនេះត្រូវវិលមកធ្វើការវិញ ពីព្រោះមានតម្រូវការត្រូវជួយគ្នា តែខ្ញុំយល់ថា នេះមិនមែនជាបន្ទុក ឬជាបញ្ហាធ្ងន់ធ្ងរអ្វីនោះទេ ។ ការងារនេះបើអត់កូវីដ ១៩ យើងធ្វើការតាមរបៀបអត់កូវីដទៅ លុះមានកូវីដ ១៩ ដូច្នេះ យើងធ្វើការងារតាមហ្នឹងទៅ ។ មិនមែនខ្ញុំធ្វើការតែម្នាក់ឯងទេ យើងត្រូវការចូលរួមពីក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមន៍ទំាងអស់ ។ យើងរួបរួមគ្នាបានពូកែ ។

សំណួរ ៖ ដូចដឹងហើយថា សណ្ឋាគារជាច្រើបានកំពុងជួបបញ្ហាចំណូល ខ្លះបានបិទទ្វារ ខ្លះព្យួរការងារបុគ្គលិក ចំពោះមុខបញ្ហានេះ តើអ្វីជាយន្តការរបស់សមាគមសណ្ឋាគារក្នុងការជួយសមាជិករបស់ខ្លួន ? 

លោក ឌិន សុមេធារិទ្ធ ៖ យុទ្ធសាស្រ្តនៅក្នុងការដោះស្រាយបញ្ហាចំពោះមុខនេះ មែនទែនទៅ  រដ្ឋាភិបាលលោកបានយល់ច្បាស់ ដូច្នេះហើយបានជាលោកដាក់ចេញនូវកិច្ចអន្តរាគមន៍ ដូចជាការលើកលែងពន្ធ និងអាជ្ញាធរទេសចរណ៍ជាដើម ។ បច្ចុប្បន្ននេះ សណ្ឋាគារធំ តូច ជាច្រើនបានចាប់ផ្តើមផ្ទេរពីការទទួលភ្ញៀវស្នាក់នៅធម្មតាទៅជាការស្នាក់នៅរយៈពេលវែង ដូចជាលក្ខណៈខុនដូអ៊ីចឹង ។ ចំណែកខ្លះទៅបានទទួលភ្ញៀវធ្វើចក្តាឡីស័ក ហើយយើងកំពុងជជែកគ្នាដើម្បីយកសណ្ឋារធ្វើមណ្ឌលថែទាំអ្នកកូវីដ ១៩ កម្រិតស្រាល ។ យើងកំពុងរកច្រកចេញរៀងៗខ្លួនដើម្បីទប់ទល់ស្ថានការណ៍ ។ សមាគមបានធ្វើការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ។

សំណួរ ៖ តើខាងសមាគមយល់ថា គម្រោងបើកទទួលភ្ញៀវទេសចរបទេសដែលចាក់វ៉ាក់សំាងហើយ នៅខែខាងមុខនេះអាចដំណើរទៅរួចទេបើកូវីដ ១៩ នៅតែរាតត្បាតដូច្នេះនោះ ?

លោក ឌិន សុមេធារិទ្ធ ៖ ដំបូងឡើយរដ្ឋាភិបាលគ្រោងបើកទទួលភ្ញៀវបរទេសដែលចាក់វ៉ាកសំាង នៅក្នុងខែតុលា គឺពិសេសអនុវត្តខេត្តព្រះសីហនុ តែម្តង ដោយសារទីនោះងាយស្រួលនៅក្នុងការប្រតិកម្ម ឬឆ្លើយតបពេលបញ្ហាណាមួយកើតឡើង ពីព្រោះមានលលក្ខណៈងាយស្រួល ប៉ុន្តែដោយសារការផ្ទុះវីរុសបំប្លែកថ្មី លោកមានការប្រយ័ត្នប្រយែង ហើយបានប្តូរគម្រោងនេះទៅវិច្ឆិកាវិញ ។ ខ្ញុំយល់ថា យើងអាចធ្វើបាន និយាយពីបញ្ហាកូវីដ ១៩ យើងកំពុងស្ថិតនៅស្ថានភាពប្រៀបធៀបប្រទេសជិតខាង ។ រដ្ឋាភិបាលលោកបានខិតខំចាក់វ៉ាក់សំាងជូនពលរដ្ឋបានច្រើន បានទូលំទូលាយ ។ ភ្ញៀវមកគាត់បានចាក់វ៉ាក់សំាងរួច ហើយត្រូវធ្វើតេស្តអវិជ្ជមានទើបអនុញ្ញាតឲ្យចូលដូច្នេះ យើងសង្កេតឃើញថា ការប្រឈមមានតិចតូចបំផុត ។ សមាគមជឿជាក់ និងគំាទ្រយន្តការរបស់រដ្ឋាភិបាល ។ រដ្ឋាភិបាលលោកក្លាហានក្នុងការធ្វើកិច្ចការនេះ ហើយសមាគមទំាទ្រគំនិតផ្តូចផ្តើននេះដោយសង្ឃឹមថា ទទួលបានជោគជ័យ ពីព្រោះយើងបានត្រៀមខ្លួនរួចរាល់ហើយ ។

សំណួរ ៖ នៅពេលបើកដំណើរការភ្លាមៗ តើវិស័យសណ្ឋគារនេះ អាចងើបឡើងវិញភ្លាមដែលឬត្រូវការពេលវេលាយូរទៅទៀតដើម្បីអាចស្តារបាននោះ ?

លោក ឌិន សុមេធារិទ្ធ ៖ រដ្ឋាភិបាលលោកបានស្រោចវ៉ាក់សំាងនៅទូទំាងប្រទេស ហើយយើងត្រៀមខ្លួនបើកចំហរទទួលស្វាគមន៍ភ្ញៀវទេសចរ ប៉ុន្តែវិស័យទេសចរណ៍អាស្រ័យប្រទេសជិតខាងជាសំខាន់ផងដែរ ។ រហូតមកដល់ពេលនេះមានប្រទេសមួយចំនូននៅតែរឹតត្បិតដូចជាថៃ ប្រទេសចិន ម៉ាឡេស៊ី ជាដើម ។ ទោះយ៉ាងណាក្តី យើងសង្ឃឹមច្រើន ពិសេសទៅទៀតនោះនៅដើមឆ្នាំ ២០២២ នេះ កម្ពុជាយើងនឹងធ្វើរៀបចំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ ដែលតាមរយៈវេទិកានេះប្រតិភូទេសចរសំខាន់ៗនឹងមកកម្ពុជា ។ ខ្ញុំជាអនុប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋានអាស៊ានដែល ខ្ញុំបានអញ្ជើញដៃគូរបស់ខ្ញុំដើម្បីចូលរួមក្នុងវេទិកានោះ ហើយពួកគាត់បានឆ្លើយថា នឹងចូលរួម ទោះត្រឡប់ទៅវិញត្រូវធ្វើចក្តាឡីស័កយ៉ាងណាក្តី ។ ជាការពិតភ្លាមៗ វាមិនអាចងើបភ្លាមៗទេ ប្រហែលជាយើងនៅមានការលំបាកបន្តិចទៀតរវាង ៥ទៅ ៦ ខែ ក្នុងឆ្នាំ ២០២២ នោះ ។

សំណួរ ៖ និយាយពីទុនដើម្បីស្តារវិស័យសណ្ឋាគារវិញ យ៉ាងមេចដែរ ? 

លោក ឌិន សុមេធារិទ្ធ ៖ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាអន្តរាគមន៍ដល់សហគ្រាសធនតូច និងធម្យម ចំនួនពីរលើកហើយ ។ ខាងសមាគមបានផ្តល់ព័ត៌ទៅសមាជិកដើម្បីរៀបចំ ឯកសារដើម្បីបានទុននេះ ដែលអាចបានដល់ ៣០ ម៉ឺនដុល្លារ ។ សណ្ឋគារ ខ្ញុំផ្ទាល់ក៏កំពុងរៀបចំកម្ចីឥណទាននេះជាមួយគ្រឹះស្ថានហិរញ្ញវត្ថ សមាជិកផ្សេងៗលោកកំពុងធ្វើការជាស្ថាប័នធនាគារ ដែលលោកធ្លាប់ស្គាល់ ធ្លាប់រកស៊ីជាមួយគ្នា ។

សូមអរគុណជ្រាលជ្រៅចំពោះ លោក ឌិន សុមេធារិទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់បទសម្ភាសជាមួយគម្រោងលុយ នៃសារព័ត៌មាន «កោះសន្តិភាព» នាពេលនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ