ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកទទួលទានខាងទេសចរណ៍ត្រូវការថវិកាយ៉ាងតិច ៣០០ លានដុល្លារដើម្បីស្តារអាជីវកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិបត្តិកូវីដ ១៩ ជាងមួយឆ្នាំមកនេះ បានធ្វើឲ្យអ្នករកទទួលទានខាងវិស័យទេសចរណ៍ខាតបង់ថវិកាជាច្រើន ដូច្នេះដើម្បីស្តារ និងអភិវឌ្ឍ ន៍វិស័យនេះឡើងវិញក្រោយវិបត្តិកូវីដ ១៩…

រាជធានីភ្នំពេញ ៖ វិបត្តិកូវីដ ១៩ ជាងមួយឆ្នាំមកនេះ បានធ្វើឲ្យអ្នករកទទួលទានខាងវិស័យទេសចរណ៍ខាតបង់ថវិកាជាច្រើន ដូច្នេះដើម្បីស្តារ និងអភិវឌ្ឍ ន៍វិស័យនេះឡើងវិញក្រោយវិបត្តិកូវីដ ១៩ នោះ គេត្រូវការថវិកាប្រមាណ ៣០០ លានដុល្លារ ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថាអ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅពេលជួបវិបត្តិជំងឺកូវីដ ១៩ ជាង ១ ឆ្នំាកន្លងមកនេះ បានយកចេញមកនូវទុន បម្រុងរបស់ខ្លួន មកធ្វើការចំណាយអស់ទប់ទល់ស្ថានការណ៍ ហើយរហូតមកដល់ពេលនេះវិស័យនេះបានរងប៉ះពាល់យ៉ាងខ្លំាងបើសិនជាមិនមានជំនួយទេ ខ្លាចគ្មានលទ្ធភាពងើបឡើងវិញបាន ។ 

«យើងកំពុងមានការព្រួយបារម្ភថា នៅពេលណាស្ថានការណ៍ប្រសើរឡើងវិញ គាត់អាចស្តារអាជីវកម្មឡើងវិញបាន ឬអត់ ។ តាមការសាកសួរ ឬស្ទង់ មតិមើលទៅគាត់អាចងើបបានមានចំនួនតិចតួច តែភាគច្រើនគាត់ពិបាក និងធ្វើឱ្យអាជីវកម្មងើបឡើងវិញ» នេះជាការបញ្ជាក់របស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ។

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងបន្ថែមថា បច្ចុប្បន្ននេះអ្នករកស៊ីក្នុងវិស័យទេសចរ មួយចំនួនបានបោះជំហ៊ានទៅរកភាពក្ស័យធន់ជាបណ្តើរៗ ហើយអ្នកនៅមួយចំនួនទៀត ពួកគាត់ចំានៅមើលក្រែងមានអ្នកណាដែលអាចជួយគាត់បាន ។ «វិស័យឯកជនចេះតែព្យាយាមស្រែកចង់បានប្រាក់កម្ចីពីស្ថានប័នពាក់ព័ន្ធដែលមានអត្រាការប្រាក់ទាប ដែលអាចខ្ចីបានទុកសម្រាប់ស្តារអាជីវកម្មឡើងវិញបាន ។ បើមិនអាចជួយគាត់បានទេ គាត់នឹងក្ស័យធន់ហើយ ពិសេសយើងស្តាយអាជីវកម្មធំៗ ផលិតផលធំ បើសិនគាត់មិនអាចធ្វើឱ្យអាជីវកម្មងើបឡើងវិញបាន» ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អះអាងថា អ្នករកទទួលទានខាងវិស័យទេសចរណ៍ចង់បានប្រាក់កម្ចីពីស្ថាប័នរដ្ឋជាជាងពីវិស័យឯកជន ។ ចង់បានកម្ចីពីរដ្ឋដោយសារ មានអត្រាការប្រាក់ទាប បើការប្រាក់ខ្ពស់វិស័យនេះក៏មិនអាចទប់ទល់បានដែលដោយហេតុថា ការវិស័យទេសចរណ៍នឹងងើបឡើងវិញមានសភាពយឺតមិនដូចវិស័យផ្សេងនោះទេ ពោលគឺមិនមែនប្រទេសបើកទទួលអ្នកទេសចរវិភ្លាម វិស័យនេះដើរភ្លាមនោះឡើយ ។ 

«តម្រូវការប្រាក់កម្ចីពីស្ថាប័នរដ្ឋ តាមក្រុមហ៊ុនខ្លះអាចត្រូវការ ពី ១០ ម៉ឺនទៅ ២០ ម៉ឺនដុល្លារអាមេរិក ហើយបើក្រុមហ៊ុនធំៗអាចត្រូវការប្រាក់កម្ចីរហូតដល់ ៣០ ទៅ ៤០ ម៉ឺនដុល្លារអាមេរិក ។ ជារួមបើយើងនិយាយអាជីវកម្មទីភ្នាក់ងារទេសចរណ៍រួម និងអាជីវកម្មផ្សេងទៀត អាចត្រូវការប្រាក់កម្ចីក្នុងរង្វង់ ៣០០ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ» លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ ។ 

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថាបច្ចុប្បន្ននេះ សម្រាប់អាជីវកម្មទីភ្នាក់ងារទេចរណ៍ មានប្រមាណ ៩០% បានដួលរំលំ បិទទ្វារទៅហើយ ។ចំណែក ១០% ដែលបន្តទ្រំារស់នៅបាន គឺគាត់ប្រឹងប្រែងធ្វើសេវាកម្មតូចៗ លក់នេះលក់នោះ ដោយជំរុញភ្ញៀវក្នុងស្រុក ។ ដោយឡែកសម្រាប់អាជីវកម្មស្នាក់នៅឃើញថា នៅក្នុងខេត្តសៀមរាបបានបិទទ្វារជាង ៩០% ។ 

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា គិតត្រឹមរយៈពេល ៦ ខែដើមឆ្នំា ២០២១ នេះ កម្ពុជាទទួលបានភ្ញៀវទេចរបរទេសជាង ១០ ម៉ឺននាក់ ថយចុះជាង ៩១% ។ យោងតាមក្រសួងទេសចរណ៍កាលពីឆ្នាំ ២០២០ កន្លងទៅ នៅទូទាំងប្រទេស មានសណ្ឋាគារចំនួន ២៥៩ ទីតាំង ផ្ទះភ្ញៀវចំនួន ២៩៤ ទីតាំង ត្រូវបិទទ្វារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ