ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានទាំងអស់!
- កំពត
កំពត៖ គ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ…
កំពត៖ គ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ…
កំពត៖ គ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។ នោះគឺការិយាល័យបោះឆ្នោត បានចាប់ផ្តើមបើក នៅវេលាម៉ោង ៧ព្រឹក តាមការគ្រោងទុក និងបិទការបោះឆ្នោត នៅម៉ោង ៧ និង ៤១នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោត ចំនួន ១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច បានចូលទៅបោះឆ្នោតរួចរាល់។
គ.ជ.ប បានប្រកាសថា មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងការិយាល័យបោះឆ្នោត។
គ.ជ.ប បានប្រកាសថា ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត បានអនុវត្តនីតិវិធីនៃការរាប់សន្លឹកឆ្នោត នៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការសរុបចំនួន ១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ។
គ.ជ.ប ក៏បានកត់សម្គាល់ថា ដំណើរការនៃការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការបោះឆ្នោតនេះ បានរៀបចំឡើងក្នុងបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។
ក្រោយការបោះឆ្នោតនេះ ប៉ុន្មានម៉ោង គ.ជ.ប បានផ្សាយនូវលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ គឺសំឡេងឆ្នោតទាំង ១៧នាក់ បានបោះឆ្នោតឲ្យតែលើគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ក្នុងចំណោម ៤គណបក្ស ដែលបានឈរឈ្មោះបោះឆ្នោត។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា មិនទទួលបានសំឡេងឆ្នោត សូម្បីតែមួយសំឡេងឡើយ។
សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេចបង្កើតទីក្រុងបូកគោ នៃខេត្តកំពត ដោយត្រូវកាត់យកឃុំ ចំនួន ៣ ចេញពីស្រុកទឹកឈូ ខេត្តកំពត គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ការសម្រេចបង្កើតក្រុងថ្មីនេះ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គជប បានប្រកាសថា សមាជិកក្រុងបូកគោ ក្នុងខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣រូប។ រីឯកាលបរិច្ឆេទនៃការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។
មានគណបក្ស ៤ បានឈរឈ្មោះបោះឆ្នោត គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។ គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២។ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ ធ្វើឡើងដូចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌកន្លងមកដែរ គឺជាការបោះឆ្នោតតាមបែបអសកល។ ពោលគឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះ ជាអង្គបោះឆ្នោត។ ដូច្នេះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺមានតែក្រុមប្រឹក្សាឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូក ដែលមានសមាសភាព ចំនួន ១៣រូប។
គជប បានប្រកាសថា អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង ៣ មានចំនួនសរុប ១៧រូប រួមមាន សង្កាត់បឹងទូក ៥រូប សង្កាត់កោះតូច ៥រូប និងសង្កាត់ព្រែកត្នោត ៧រូប៕
ចែករំលែកព័តមាននេះ