ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FTA រវាង​កម្ពុជា​-​ចិន​រំពឹង​ថា ​អាច​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​នេះ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ចិន​(FTA) បន្ទាប់​ពី​បាន​ចុះហត្ថលេខា​រួម​គ្នា​កាលពី​១២​តុលា​ឆ្នាំ​២០២០​រហូត​មក​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ នៅ​មិន​ទាន់​ចូល​ជា​ធរមាន​នៅឡើយ​នោះ​ទេ ទាមទារ​ឱ្យ​មានការ​ពិនិត្យ​ពី​ស្ថាន​ប័ន​ជំនាញ​ផ្ទៃក្នុង​រៀង​ៗ​ខ្លួន​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា ចិន រំពឹង​ថា​អាច​ចូល​ជា​ធរមាន​បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ យ៉ាង​យូរ​គឺ​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​នេះ​។ យោង​តាម​ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ​៖​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ចិន​(FTA) បន្ទាប់​ពី​បាន​ចុះហត្ថលេខា​រួម​គ្នា​កាលពី​១២​តុលា​ឆ្នាំ​២០២០​រហូត​មក​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ នៅ​មិន​ទាន់​ចូល​ជា​ធរមាន​នៅឡើយ​នោះ​ទេ ទាមទារ​ឱ្យ​មានការ​ពិនិត្យ​ពី​ស្ថាន​ប័ន​ជំនាញ​ផ្ទៃក្នុង​រៀង​ៗ​ខ្លួន​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា ចិន រំពឹង​ថា​អាច​ចូល​ជា​ធរមាន​បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ យ៉ាង​យូរ​គឺ​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​នេះ​។

យោង​តាម​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​៨​កក្កដា​ឆ្នាំ​២០២១​នេះ​បាន​បង្ហាញ​ថា​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​បាន​ចូលរួម​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ហើយ​កិច្ចប្រជុំ​ខាងលើ​នេះ​មាន​គោលបំណង​សំខាន់​គឺ​ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដើម្បី​កិច្ចព្រមព្រៀង​នេះ​អាច​ចូល​ជា​ធរមាន​បាន​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩​កក្កដា​នេះ​ថា យើង​ត្រូវការ​បំពេញ​និ​តី​វិធី​ផ្ទៃក្នុង​ដូច​និង​ភាគី​ចិន​ដូច​ក្នា អីចឹង​នីតិវិធី​យើង​ត្រូវ​ឆ្លងកាត់ គណកម្មការ​ជំនាញ​របស់​រដ្ឋសភា​(​គណកម្មការ​ទី​៩) ត្រូវការ​ពិនិត្យ​មើល​លើ​អត្ថន័យ​ផ្សេង​ៗ ហើយ​ដើម្បី​ធ្វើ​សេចក្តី​រាយ​ការ​ទៅ​កិច្ចប្រជុំ​ពេញអង្គ មុន​និង​ដាក់​សេចក្តីព្រាងច្បាប់​នេះ ឱ្យ​សមាជិក​សភា​និង​អង្គប្រជុំ​ពេញអង្គ​បាន​អនុ​ម័​យ​។

ឯកឧត្តម សង្កត់ធ្ងន់​ថា​« យើង​សង្ឃឹមថា សេចក្តីព្រៀងច្បាប់​នេះ​អាច​ដាក់​ប្រជុំ​បាន​ក្នុង​បំណាច់​ខែកញ្ញា ខាង​មុខ ដើម្បី​ទុក​រយៈពេល​ខ្លះ​សម្រាប់​ជូនដំណឹង​ទៅ​វិញ​ទៅ​មករ​វាង​ភាគី​ទាំង​ពីរ ហើយ​យើង​រំពឹង​ថា បន្ទាប់​ពី​ជួន​ដំណឹង​ទៅ​វិញ​ទៅ​មក​រយៈពេល​៣​ខែ យើង​អាច​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ព្រោះ​គណកម្មការ​ជំនាញ​រដ្ឋសភា បាន​ពិនិត្យ​ហើយ​និង​បាន​ឯកភាព​យ៉ាង​ល្អិតល្អន់​ទៅ​លើ​កិច្ចការ​នេះ​»​។

បើ​តាម​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ពី​ខ្លឹមសារ​និង​អន្តរ​ប្រយោជន៍​ពី​សេចក្តីព្រាងច្បាប់​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន​៖១)- ការ​ទទួល​បានការ​បើក​ទីផ្សារ​ឱ្យ​បាន​ធំ​ជាង​មុន និង​ប្រសើរ​ជាង​មុន សម្រាប់​មុខទំនិញ​កសិផល បន្លែ​ផ្លែ​ឈើ ផលិតផល​កែ​ច្នៃ និង​សិប្បកម្ម និង​ផលិតផល​ជា​ច្រើន​ទៀត ស្រប​ពេល​ដែល​កម្ពុជា​អាច​ផលិត​បាន និង​អនុលោម​តាម​វិធាន​អនាម័យ និង​ស្តង់ដារ​។ ២)- ការ​ទទួល​បាន​លំហូរ​ទីផ្សារ​ពាណិជ្ជកម្ម​សេវាកម្ម ដែល​កម្ពុជា​អាច​នាំ​ចេញ ក្នុង​ករណី​មានការ​បណ្តុះបណ្តាល ជំនាញ និង​មានគុណ​វុឌ្ឍិ​គ្រប់គ្រាន់ ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​អាច​ពង្រឹង​ខ្លួនឯង​ឱ្យ​រឹង​មាំ​ក្នុង​វិស័យ​សេវាកម្ម​នា​ពេល​អនាគត​។

៣)- ផ្តល់​កាលានុវត្តភាព​ផ្នែក​វិនិយោគ​ដល់​កម្ពុជា​បាន​កាន់តែ​ច្រើន ដែល​នឹង​ផ្តល់​ឱកាស​ដល់​ធុរជន​កម្ពុជា ដែល​មាន​បំណង​ពង្រីក​ទីផ្សារ​សេវាកម្ម និង​ទំនិញ​នាំ​ចេញ​ឱ្យ​កាន់តែ​សម្បូរ​បែប​ទៅ​កាន់​ទីផ្សារ​ចិន​។ ៤)- ការ​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មី​ៗ​ពី​ការ​វិនិយោគ​ផ្ទាល់​របស់​បរទេស ព្រមទាំង​បង្កើត​ការងារ​ថ្មី​ៗ​ជូន​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​កត្តា​ដ៏​សំខាន់​ចូលរួម​ពង្រឹង​ដល់​វិស័យ​ផលិតកម្ម​ក្នុងស្រុក​។ ៥)- ការ​កំណត់​ឱ្យ​កាន់តែ​ច្បាស់​នូវ​រាល់​នីតិវិធី​ទាក់ទង​នឹង​វិធាន​ដើម​កំណើត​ទំនិញ គយ​និង​សម្រួល​ពាណិជ្ជកម្ម អនាម័យ និង​ភូតគាម​អនាម័យ និង​របាំង​បច្ចេកទេស​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​សាមញ្ញ​កម្ម ដើម្បី​ងាយស្រួល​អនុវត្ត និង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។ និង​៦)- ការ​រៀបចំ និង​ការ​បង្កើត​នូវ​បរិយាកាស​វិនិយោគ និង​នយោបាយ​ទាក់ទាញ​វិនិយោគទុន​ពី​បរទេស​ជាដើម​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​« ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ពិតជា​បាន​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ស្រប​តាម​ចំណុច​ទី​៤ ស្តី​ពី​ការ​ពង្រឹង សមត្ថភាព​កម្ពុជា ដើម្បី​បន្ត​សមាហរណកម្ម​ខ្លួន​ចូល​ក្នុង​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក ដែល​បាន​កំណត់​ក្រោម ផ្នែក​ទី​២.២.២ ស្តី​ពី​បរិស្ថាន​គ្របដណ្តប់​សម្រាប់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ទាំងមូល​។​

ជា​ពិសេស ក្នុង​កាលៈទេសៈ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​ដល់​យុទ្ធសាស្ត្រ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​រង​ការ​ញាំញី​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​ជួយ​ឱ្យ​មាន​ភាព​សាំ​នៃ​សង្គម​-​សេដ្ឋកិច្ច​ក្នុង​ប្រក្រតី​ភាព​ថ្មី​នៃ​សង្គម​កម្ពុជា តាម​រយៈ​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន និង​លំហូរ​វិនិយោគ​ចូល​មក​កម្ពុជា ដែល​នឹង​ជួយ​បង្កើត​ការងារ និង​ចំណូល​ជូន​ប្រជាពលរដ្ឋ​យើង​»៕