រាជធានីភ្នំពេញ ៖ ល្ខោនបាសាក់និង យីកេ ដែលជាទម្រង់សិល្បៈបែបបុរាណខ្មែរ និងមានប្រជាប្រិយភាពបំផុតនាសម័យមុននោះ បច្ចុប្បន្នគេមើលឃើញថាមានការធ្លាក់ ចុះយ៉ាងខ្លាំង បើទោះបីជាព្រឹទ្ធាចារ្យផ្នែកនេះ នៅមានលទ្ធភាពបណ្ដុះបណ្ដាល និងកំពុង ខិតខំស្រាវជ្រាវវិស័យនេះក៏ដោយចុះ ។ បើគេក្រឡេកមើលទៅមុនទសវត្សទី៧០ វិស័យល្ខោនបាសាក់ និងយីកេជាប្រភេទ សិល្បៈបុរាណដ៏ពេញនិយម។
លោកហួត ស៊ីថន នាយកសាលាល្ខោនបាសាក់ នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានទទួលស្គាល់ថា បច្ចុប្បន្ននេះ សិល្បៈល្ខោន បាសាក់ និងយីកេ ដែលសុទ្ធសឹងតែជាទម្រង់ សិល្បៈមានប្រជាប្រិយភាពនោះបានធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ។ ជាក់ស្ដែងសាលាល្ខោន បាសាក់ក៏ដូចជាយីកេដែរ ឆ្នាំនេះស្ទើរតែរកសិស្សចូលរៀនគ្មានតែម្ដង ។ សាលាល្ខោន យីកេ និងល្ខោនបាសាក់ឆ្នាំនេះរើសសិស្ស បានតិចតួចបំផុតរហូតសំរេចចិត្ដសុំគោលការណ៍ពីក្រសួងដើម្បីជ្រើសរើសសិស្សពីខេត្ដស្វាយរៀង តាកែវ និងកំពង់ស្ពឺ ដើម្បីចូលរៀន ។ ដោយឡែកខេត្ដកំពង់ស្ពឺបានធ្វើការ ជ្រើសរើសរួចហើយ គឺបានសិស្សតែម្នាក់ប៉ុណ្ណោះ ។
លោកបន្ដថា លក្ខខណ្ឌការជ្រើសរើសនេះ គឺយកសិស្សកំពុងសិក្សាថ្នាក់ទី១១ និង ទី១២ នៃសាលាចំណេះដឹងទូទៅ និងមានចំណង់ចំណូលចិត្ដ រួមទាំងមានទេពកោសល្យផងដែរ ។ ការជ្រើសរើសនោះគឺមានការលំបាកយ៉ាងខ្លាំង ព្រោះយុវជនហាក់ដូចជា មិនសូវចាប់អារម្មណ៍ចំពោះសិល្បៈទាំងពីរ ទម្រង់នេះទេ ។
លោកហួត ស៊ីថន ឱ្យដឹងថា ចម្លែកតែផ្នែកល្ខោននិយាយនៅឆ្នាំនេះសិស្សមានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដោយកាលពី ឆ្នាំទៅមានសិស្សចូលរៀនថ្មីតែមួយថ្នាក់ ប៉ុណ្ណោះ តែឆ្នាំនេះមានរហូតដល់២ថ្នាក់ឯណោះ ហើយក៏មានសិិស្សថ្នាក់ទី១១ និងទី១២ ចំណេះដឹងទូទៅមួយចំនួនទៀតបាន បង្ហាញចំណង់ចំណូលចិត្ដរៀនផ្នែកល្ខោន និយាយនេះដែរ ។
សាស្ដ្រាចារ្យមួយរូបនៃសាលាល្ខោន បានលើកឡើងថា ជាទូទៅយុវជនសម័យនេះ ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការ បណ្ដុះបណ្ដាលផ្នែកល្ខោនទេ សំំខាន់ផ្នែក ល្ខោនបាសាក់ និងយីកេតែម្ដង។ ដោយឡែក ប្រសិនបើមានអ្នកចង់រៀនវិញគឺភាគច្រើន ជាអ្នកដែលមានជីវភាពក្រីក្រ និងមិនអាច បន្ដការសិក្សាបាន ។
លោកបញ្ជាក់ថា ដើម្បីស្ដារវិស័យសិល្បៈល្ខោនបាសាក់ និង យីកេឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសប្បុរសជន ដែលស្រឡាញ់សិល្បៈវប្បធម៌ខ្មែរនោះសូមជួយទាំងសំភារ និងថវិកា ដល់សាលាល្ខោនដែលកំពុងមានការខ្វះខាត ។
សំខាន់ជួយដល់ការកសាងមូលនិធិ សំរាប់ផ្ដល់ជាអាហារូបករណ៍ដល់សិស្សតែម្ដង ព្រោះថាប្រសិនបើសាលាមានអាហារូបករណ៍គ្រប់គ្រាន់នោះប្រាកដជាមានសិស្សមកសិក្សាផ្នែកល្ខោនបាសាក់ និងយីកេមិនខាន នេះបើតាមការវាយតម្លៃ និងសង្កេតជាទូទៅ ។
ក្រុមសាស្ដ្រាចារ្យមានសុទិដ្ឋិនិយមថា វិស័យល្ខោនបាសាក់ និងយីកេនៅតែមាន ប្រជាប្រិយភាព និងមានការគាំទ្រនៅឡើយ ប៉ុន្ដែអ្វីដែលជាការធ្លាក់ចុះគឺកង្វះខាតសំភារ និងថវិកាដើម្បីធ្វើការបណ្ដុះបណ្ដាល និង អភិវឌ្ឍវិស័យសិល្បៈទាំងពីរទម្រង់នេះ ។
ពួកគាត់គិតថា ប្រសិនបើមានសំភារ និង ថវិកាគ្រប់គ្រាន់ យើងមានការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព ប្រសិទ្ធភាពរហូតមាន លទ្ធភាពចេញសំដែងជាសាធារណៈ ដើម្បី បង្ហាញពីទេពកោសល្យ និងពីការរីកចំរើន របស់ល្ខោនបាសាក់ និងយីកេ ហើយពេល នោះប្រាកដជាប្រជាប្រិយភាពល្ខោនទាំងពីរទំរង់នេះទទួលបានការគាំទ្រមិនខាន ។
ពាក់ព័ន្ធការអភិរក្ស និងអភិវឌ្ឍសិល្បៈ ទាំងពីរទំរង់នោះឡើងវិញ លោកហួត ស៊ីថន នាយកសាលាល្ខោននៃសាលាមធ្យមសិក្សា វិចិត្រសិល្បៈប្រាប់ថា លោកកំពុងមានទំនាក់ ទំនង និងសហការជាមួយស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍រៀបចំការសំដែងល្ខោន បាសាក់ និងយីកេដើម្បីយកទៅចាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍មួយនេះ។ លោកសង្ឃឹមថាល្ខោនបាសាក់ និងយីកេនឹងចាប់ ផ្ដើមមានមុខមាត់ឡើងវិញតាមរយៈការ ផ្សព្វផ្សាយនេះ ។
សិល្បៈយីកេជាទំរង់សិល្បៈដ៏ចំណាស់ មួយដែលមានកំណើតនៅលើទឹកដីខ្មែរ ជាយូរមកហើយ ។ ខេត្ដតាកែវជាខេត្ដ ជង្រុកសិល្បៈប្រភេទនេះ ហើយដែលរក្សាខ្ជាប់ខ្ជួនរហូតសព្វថ្ងៃ ។ ក្រុមសិល្បៈយីកេ ខេត្ដតាកែវមានភាពល្បីល្បាញណាស់ ជាពិសេសក្រុមរបស់មន្ទីរវប្បធម៌និងវិចិត្រ សិល្បៈតែងតែបង្ហាញទេពកោសល្យតាមកញ្ចក់ទូរទស្សន៍ជាតិជារើយៗ និងទទួលបានការកោតសរសើរពីសំណាក់ប្រិយមិត្ដទូរទស្សនិកជនទូទៅ ។ នេះចាត់ទុកជាការ រួមចំណែកដ៏ល្អមួយក្នុងការអភិរក្សទំរង់សិល្បៈយីកេរបស់ជាតិយើង ។
ចែករំលែកព័តមាននេះ