រាជធានីភ្នំពេញ ៖ នៅទីបំផុត កម្មវិធីប្រកួតប្រឡងកញ្ញាឯកសង្ក្រាន្តរដូវកាលទី២ឆ្នាំ២០២០បានស្វែងរកម្ចាស់ជ័យលាភីឃើញហើយ ក្នុងនោះកញ្ញាដ៏ស្រស់សោភា សាន កុសមៈ បានគ្រងតំណែងមួយនេះ។
វគ្គផ្តាច់ព្រ័ត្តនៃកម្មវិធីខាងលើ បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា កាលយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រោមការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងផ្ចិតផ្ចង់ពីគណៈកម្មការចំនួន៤រូប។

ក្រោមការសម្រិតសម្រាំងតាំងពីវគ្គជម្រុះដំបូងកម្មវិធីបានចម្រាញ់ជ្រើសបានបេក្ខនារីចំនួន១៤នាក់ប៉ុណ្ណោះ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងចំណោម១៤នាក់ កម្មវិធីក៏បានស្វែងរកឃើញបេក្ខនារី៧រូប ដើម្បីឈានដល់វគ្គជម្រុះយកបេក្ខនារី៣នាក់សម្រាប់តំណែងគ្រងម្កុដជាមួយរង្វាន់ទឹកប្រាក់ចំនួន១២លានរៀន។
យ៉ាងណា នៅទីបំផុត បេក្ខនារីដែលមកពីខេត្តពោធិ៍សាត់ កញ្ញា សាន កុសមៈ បានក្លាយបេក្ខនារីដែលល្អផ្តាច់គេក្នុងការគ្រងម្កុដកញ្ញាឯកសង្ក្រាន្តរដូវកាលទី២នេះ ខណៈកញ្ញា អ៊ុច សុគន្ធដាវី បានចំណាត់លខ៣មកពីខេត្តកែប និងលេខ២ បានទៅលើកញ្ញា ចាន់ ចារិនី មកពីខេត្តប៉ៃលិន។

បន្ទាប់ពីបានគ្រងម្កុដកម្មវិធីខាងលើនេះ សាន កុសមៈ បានបង្ហាញថា ទីបំផុត ថ្ងៃដែលពួកយើងតែងតែទន្ទឹងរង់ចាំក៏បានមកដល់ ទម្រាំមកដល់ថ្ងៃនេះពួកយើងទាំងអស់គ្នាជាបេក្ខនារីបានឆ្លងកាត់នូវការប្រកួតប្រជែង និងវិញ្ញាសារជាច្រើនទាំងរបាំ ទាំងការដើរម៉ូដបែបបុរាណ និងការសិក្សាពីវប្បធម៌ខ្មែរផងដែរ។
នាងបញ្ជាក់ថា កម្មវិធីធីតាឯកសង្ក្រាន្តនេះ បានធ្វើឱ្យពួកយើងជាយុវតីខ្មែរយល់ដឹងកាន់តែច្បាស់ពីវប្បធម៌អរិយធម៌ខ្មែរ និងអ្វីដែលបុព្វបុរសយើងបន្សល់ទុកអោយ។ បើតាមសាន កុសមៈ បានបន្តថា បទពិសោធន៍ដែលខ្ញុំទទួលបានពីការចូលរួមកម្មវិធីធីតាឯកសង្ក្រាន្ត រដូវកាលទី2 នេះគឺជាកាដូដ៏ល្អមួយដែលខ្ញុំបានប្រគល់ជូនខ្លួន ទុកជាមេរៀន និងការចង់ចាំដ៏ល្អក្នុងជីវិត។

ជាការកត់សម្គាល់ បើក្រឡេកមើល និងយល់ពីអត្ថន័យរបស់ម្កុដធីតាឯកសង្ក្រាន្តរដូវកាលទី២វិញ គឺមានន័យមិនអាចកាត់ថ្លៃបាន។ ម្កុដធីតាឯកសង្ក្រាន្តរដូវកាលទី២ គឺជាម្កុដតម្លើងតាមបែបសិល្បៈដ៏ចំណាស់ ដែលស្ទើរនឹងបាត់បង់ ហើយគឺជាប្រភេទសិល្បៈខ្មុកម្រ័ក្ស។
ទោះបីគ្មានតម្លៃស្មើមាស ត្បូងពេជ្យ តែវាពិតជាមានតម្លៃដ៏មហាសាល បែបសិល្បៈនៃព្រលឹងជាតិខ្មែរ។ អមជាមួយនឹងសន្លឹកផ្កាចំប៉ាដំរៀបជាជួរបញ្ឈរលើម្កុដ តំណាងអោយភាពក្លាហាននៃស្ត្រីខ្មែរ បានស្តែងបញ្ជាក់ឲ្យឃើញពីតម្លៃចរិកឫកពារ ថ្លៃថ្នូរសមជាស្ត្រីលើទឹកដីអង្គរកេរឈ្មោះក្រអូបសុះសាយ ដូចក្លិនផ្កាចំប៉ា ជាក្លិនប្រចាំកាយ បុប្ផាតំណាងអោយទេពធីតាសង្ក្រាន្តឆ្នាំថ្មីនេះ គឺឆ្នាំ២០២១៕









ចែករំលែកព័តមាននេះ