រាជធានីភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ នៅទីបំផុតបានប្រកាសបញ្ជាក់នៅមុននេះបន្តិចថា រូបលោកពិតជាបានឆ្លងជំងឺ Covid-19 ពិតប្រាកដមែន ដូច្នេះលោកគឺជាអ្នកសិល្បៈទី២ ហើយដែលបានប្រកាសទទួលស្គាល់ថា បានឆ្លងជំងឺមួយនេះ បន្ទាប់ពីរកឃើញពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសារត្រូវបានតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ។
![Picture]()
តារាចម្រៀងសាច់សខ្ចី និងល្បីឈ្មោះមួយដួងរបស់ផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា «ជំរាបសួរ ពុកម៉ែ បងប្អូន ជនរួមជាតិពិសេស fans ទាំងអស់របស់ខ្ញុំ ។ ដំបូងខ្ញុំគិតថា នៅស្ងៀមសិន អត់ចង់ផុសអីទេដរាបលទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញពត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំងសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះស្ថានភាពរបស់ខ្ញុំនៅក្នុងពេលនេះ»។
![Picture]()
លោកបានបន្តថា «ហើយក៏ជាការពិតដែរ ខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច្ច័យស្វែងរកមេរោគកូវីដ១៩មែនកាលពីយប់ម៉ិញនេះ ដោយសារនៅថ្ងៃទី១ កម្មវិធីមួយដែលធ្វើការឡាយផ្ទាល់មានអ្នកនាងនិមល គាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាមេរ៉ាថត ។
ប៉ុន្តែបើទោះជាយ៉ាងណា ខ្ញុំក៏មានអការៈផ្តាសាយ ឈឺ.កខ្លះ និងល្ហិតល្ហៃនៅរយៈពេល២ទៅ៣ថ្ងៃដំបូង តែកំដៅមិនឡើងឡើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ ។ ហើយនៅយប់ម៉ិញនេះដែរ មន្ត្រីការងារខាងក្រសួងបានចុះមកយកសំណាករបស់ខ្ញុំ និងមនុស្សជាប់ពាក់ព័ន្ធទាំងអស់រួចរាល់ បច្ចុប្បន្នខ្ញុំស្នាក់នៅក្នុងហាងរបស់ខ្ញុំ ដោយមិនចេញទៅណាទាំងអស់ រហូតដឹងពីលទ្ធផល ។ ២ថ្ងៃនេះ ខ្ញុំព្យាយាមឆ្ពុងមួយថ្ងៃ២ដង ញ៉ាំទឹកក្តៅ និងវីតាមីន C បច្ចុប្បន្នខ្ញុំបាត់ឈឺ.ក តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកំដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ៣៨ទេ » ។
![Picture]()
តារាចម្រៀងរូបនេះបានបន្ថែមទៀតថា «ហ៊ឹម……សំណាងណាស់ដែលតាំងពីចូលឆ្នាំចិន គឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់ម៉ិញបានគាត់ដឹងរឿងពេលព័ត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ» ។
លោកបានបន្តថា «ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថា នឹងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែរខ្លួនយើងគ្រប់ទិសទី ដែលយើងមើលនឹងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែខ្ញុំមិនបន្ទោសនរណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្នអស់លទ្ធភាព ក៏គ្មាននរណាចង់ឈឺ គ្មាននរណាចង់អោយឆ្លងទៅគេ គ្មាននរណាដឹងមុនថាខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ប្រិចភ្នែក » ។
![Picture]()
ណុប បាយ៉ារិទ្ធ បានបន្ថែមថា លោកសូមបួងសួងវត្ថុស័ក្ដិសិទ្ធិជួយបីបាច់ថែរក្សាពលរដ្ឋខ្មែរគ្រប់រូបអោយសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ ។ ដាច់ខាតកុំធ្វេសប្រហែសអោយសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ ។
«ម៉ោងនេះ ពេលនេះ អក្ការៈខ្ញុំធម្មតា ឃុំខ្លួនក្នុងហាងរង់ចាំលទ្ធផល បើទោះជាបែបណាក៏ត្រូវក្លាហានទទួល និងចូលខ្លួនទៅព្យាបាលជាដាច់ខាត សូមអរគុណពុកម៉ែ បងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកគាំទ្រទាំងអស់របស់ខ្ញុំ» ។ នេះជាការបញ្ជាក់របស់លោក ណុប បាយ៉ារិទ្ធ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ