រាជធានីភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ីនាង វ៉ាន់ វល័ក្ខ បានប្រកាសផ្អាក និងលុបចោលការងារសិល្បៈចោលមួយរយៈ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ នៅក្នុងចង្កោមអ្នកសិល្បៈ។ ការប្រកាសផ្អាករបស់តារាសម្តែងរូបនេះបានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់តារានៅក្នុងផលិតកម្មហង្សមាសមួយចំនួនត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ១៩។

វ៉ាន់ វល័ក្ខ បានបង្ហោះសារតាមគណេយ្យហ្វេសប៊ុករបស់ខ្លួនថា ដោយឡែកបានលឺដំណឹងថា តារាក្នុងស្រុកខ្មែរមានអ្នកឆ្លងកូវីដហើយ នាងខ្ញុំ វ៉ាន់ វល័ក្ខ សូមប្រកាសជាផ្លូវការសុំផ្អាកការងារមួយរយៈសិន រួមទាំងការងារដែលទទួលរួចហើយ។ ខ្ញុំសូមសុំទោស នឹងសូមគោរពអធ្យាស្រ័យយោគយល់ផង។ សូមបួងសួងអោយពុកម៉ែ បងប្អូន រួមទាំងខ្ញុំ ព្រមទាំងគ្រួសារជៀសផុតផងចុះ។
យ៉ាងណា តារារូបនេះអាចនឹងទទួលការងារសិល្បៈឡើងវិញ នៅក្នុងពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៃប្រទេសកម្ពុជា បានឈានទៅរកការវិវត្តន៍ល្អប្រសើរឡើងវិញ។

ដោយឡែកពាក់ព័ន្ធចំពោះការរកឃើញនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងចង្កោមអ្នកសិល្បៈនាពេលនេះ គេសង្កេតឃើញអ្នកសិល្បៈជាច្រើនបានសម្តែងក្តីបារម្ភ និងបានថ្លែងថាជូនពរសុំកុំអោយស្ថានភាពនេះអាក្រក់កើតឡើងទៅលើអ្នកសិល្បៈ និងប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។
ជាការកត់សម្គាល់ពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ចន្ទលក្ខិណា នៅមិនទាន់មានការធ្វើអធិប្បាយអ្វីច្រើននៅឡើយទេ ប៉ុន្តែអ្នកនាងបានបង្ហោះសារខ្លីមួយថា បងប្អូនសូមកុំតក់ស្លុត ត្រូវពង្រឹងស្មារតី ហើយពង្រឹងការការពារថែរក្សាសុខភាពឱ្យបានហ្មត់ចត់ជាទីបំផុត ជូនពរអោយបងប្អូនជៀសផុតពីជំងឺនេះទាំងអស់គ្នា ៕









ចែករំលែកព័តមាននេះ