រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានចេញមកបញ្ជាក់ពីស្ថានភាពរបស់ខ្លួន បន្ទាប់ពីមានតារានៅក្នុងហង្សមាសមួយចំនួនបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៨ខែមីនា ឆ្នាំ២០២១នេះ។
ការចេញមកមុខបញ្ជាក់ពីតារាចម្រៀងខាងលើនេះ ក្រោយមហាជនកំពុងតាមដានទៅលើស្ថានភាពអ្នកសិល្បៈ ជាពិសេសតារានៅក្នុងហង្សមាស ក្រោយពិធីការិនីអ្នកនាង កែវ ចន្ទនិមល និងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធិ ក៏កំពុងមានរោគសញ្ញាថាអាចកើតជំងឺកូវីដ១៩ ផងដែរ ។
តាមគណនេយ្យហ្វេសប៊ុករបស់ខ្លួន សុគន្ធ នីសា បានបង្ហោះសារនៅថ្ងៃនេះថា ជំរាបសួរពុកម៉ែ បងប្អូន អរគុណច្រើនសម្រាប់ការបារម្ភសួរសុខទុក្ខមកលើរូបខ្ញុំ និងក្រុមគ្រួសារ។
នាងបញ្ជាក់ថា កន្លងមកនេះ ខ្ញុំមិនបានជួបជាមួយនិមលទេ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ១៩ ដែរ ប៉ុន្ដែជំងឺនេះ វាអាចជាប់ពាក់ព័ន្ធតៗគ្នាដូចសម្លរកំពិសចឹង។
នាងថា ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមើលលទ្ធផល អ្នកដែលយើងជួបជាប្រយ៉ោល តៗគ្នា បើយ៉ាងណាៗ ខ្ញុំនឹងទាក់ទងដើម្បីធ្វើតេស្តអោយប្រាកដ ។
បើតាមអ្នកនាង សុគន្ធនីសា ពេលដែលដឹងព័ត៌មានយប់មិញនេះហើយ ខាងផ្ទះខ្ញុំនេះក៏បានហាមខ្លួនឯង និងអ្នកផ្ទះមិនអោយចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែលពីរអាទិត្យហើយ ។ សូមទោសបងប្អូន ដែលខ្ញុំមិនបានតបសារផងណា ហើយសូមជូនពរនិមល និងក្រុមគ្រួសារអោយឆាប់ជា ចំណែកខ្ញុំក៏ជាជនសង្ស័យ តែមិនទាន់អី។
ល្ងាចនេះ ខ្ញុំនឹងចាំដំណឹងពីគេដែរ បើអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន ខ្ញុំនឹងធ្វើតេស្ត។ សូមជូនពរបងប្អូនអោយសុខសប្បាយ (រឿងហេតុមានជាស្រេច បើវាត្រូវកើត វានឹងកើត គ្មានអ្នកណាអាចហាមឃាត់បានឡើយ បើគេអោយហើយទទួលវាទៅ ។ អរគុណច្រើនបងប្អូនដែលបារម្ភ យ៉ាងណាៗខ្ញុំនឹងផ្តល់ព័ត៌មានជូនបងប្អូនទៀត។
ជាការកត់សម្គាល់ ការចេញមកបញ្ជាក់ពីស្ថានភាពសុខភាពពីអ្នកនាង សុគន្ធ នីសា នាពេលនេះ គឺមិនមែនធ្វើឡើងតែម្នាក់ឯងនោះឡើយ ពោលក៏មានតារាចម្រៀងនៅហង្សមាសមួយចំនួនទៀត ក៏បានមកបញ្ជាក់ស្រដៀងគ្នា សម្រាប់ប្រិយមិត្តគាំទ្រខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ