រាជធានីភ្នំពេញ ៖ ស្ត្រីនាពេលបច្ចុប្បន្ននេះ ឃើញថាមានការតស៊ូជាមួយកិច្ចការជាច្រើនប្រការមិនចាញ់បុរសប៉ុន្មាននោះឡើយ ។ ស្ត្រីបានបែងចែកកាលវិភាគជាច្រើនក្នុងមួយថ្ងៃ ដើម្បីការងារ ដើម្បីគ្រួសារ ដែលបុរសខ្លះគួរតែដឹង ហើយជួយលើកទឹកចិត្តអោយច្រើន។
តួយ៉ាងស្ត្រីដ៏ពូកែនៅក្នុងវិស័យសិល្បៈ ឃើញថាមានការតស៊ូយ៉ាងមុតមាំទម្រាំ អាចហែលឆ្លងជីវិតសិល្បៈបានយ៉ាងរលូន ហើយមានជីវិតសោយសុខពេលនេះបាន។ ស្ត្រីដែលលេចធ្លោក្នុងវិស័យសិល្បៈមាន ៖ ឌួង ហ្សូរីដា អ្នកនាង សូដា នីតា ខាត់ សុឃីម យុគ ចិន្តា គង់ សុជាតិ បវរកញ្ញា ចក្កវាឡកម្ពុជា២០២០ រ៉េត សារីតា និងថៅកែផលិតកម្ម សាស្ត្រាហ្វៀម ប៊ុន ចាន់និមល។
ឌួង ហ្សូរីដា អាចនិយាយបានថា មានសេចក្តីព្យាយាមច្រើនលើសពីការស្មាន ។ ពិធីការិនីរូបនេះ បានចេញបំពេញការងារច្រើនតាំងពីមុនចូលសិល្បៈ ដោយបម្រើការងារជានារីអាកាសចរណ៍ម្នាក់ កញ្ញាជាបង្គោលគ្រួសារដ៏រឹងមាំមួយ ដែលលះបង់ដើម្បីគ្រួសារយិតយោងជួយប្អូនៗ និងម្តាយស្ទើរតែលែងគិតពីជីវិតគូអនាគត។
ហ្សូរីដា ធ្លាប់និយាយថា ស្ត្រីមិនដូចសម័យមុនឡើយ ត្រូវហ៊ានក្រោកឈរ ដោយជំនឿជឿជាក់សម្រេចគោលដៅរបស់ខ្លួនដែលស្រឡាញ់។ មិនខុសពី ឌួង ហ្សូរីដា អ្នកនាង សូដា នីតា ដែលទើបឆ្លងទន្លេបានកូនប្រុស១ ក៏ហែលឆ្លងពោរពេញដោយ ជីវិតលះបង់ចង់ខ្សោះខ្លួនដើម្បីគ្រួសារ ដែលចិញ្ចឹមសមាជិកច្រើននាក់។
អំឡុងពេលម្តាយ សូដា នីតា នៅរស់រានជីវិត នាងក៏ស៊ូលះបង់មើលជំងឺអ្នកម្តាយច្រើនលើសលុប។ ជាពិសេសក្នុង១សប្តាហ៍ នាងនៅផ្ទះតែ២ថ្ងៃ ហើយពេលវេលាតិចនេះ គឺចង់នៅក្បែរម្តាយខ្លាំងជាងគេ។ ពេលនេះ សូដា នីតា បានរស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ ហើយ រមែងនឹកអ្នកមានគុណជានិច្ច។
អ្នកនាង ខាត់ សុឃីម ក៏ទទួលរងជាមួយបេសកកម្មតស៊ូ ដើម្បីជីវិត និងគ្រួសារ រាប់មិនអស់។ បងប្អូនមហាជនក៏បានដឹងដែរ។ បើទោះបី ជីវិតគាប់ប្រសើរ តែពេលនេះ ខាត់ សុឃីម នៅតែភ្ជាប់ខ្លួនសាមញ្ញ ។
ខាត់ សុឃីម និយាយថា ឱកាស៨ មីនា ជូនពរអោយស្ត្រី និងបុរសយើង សុខភាពល្អ។ ជាពិសេសស្ត្រី ទាំងឡាយជាមាតានៃ ពិភពលោកត្រូវក្លាហានហើយក្រោកឈរ ដើម្បីបំពេញចិត្តអ្វីដែលយើងចង់ធ្វើ។ ស្ត្រីមានកម្លាំងជួយបុរសដូចគ្នា។
អ្នកនាង យុគ ចិន្តា ដែលឆ្នើមខាងជំនួញដែរក្រៅពីសិល្បៈ បានជូនពរដែរថា ស្ត្រីមិនមែនទន់ជ្រាយគ្រប់រឿងនោះទេ ស្ត្រីយើងបច្ចុប្បន្នគឺក្លាហានបំផុត មានសមត្ថភាព ចេះគ្រប់គ្រង ហើយក៏អាចជំនួសដៃជើងបុរសបានច្រើនប្រការណាស់។ដូចនេះ ស្ត្រី និងបុរសជាកម្លាំងស្នូល ដើម្បីជួយគ្នា ហើយបុរសក៏ត្រូវចេះលើកទឹកចិត្តស្ត្រីផងដែរ។
គង់ សុជាតិ លះបង់ជាមួយការងារច្រើន ឆ្នាំមកហើយនោះ បានលើកឡើងថា ជូនពរឱ្យស្ត្រីយើង ជោគជ័យការងារ ធ្វើអ្វីអោយបានសម្រេចដូចបំណង។ ស្ត្រីមិនត្រឹមតែជាមេផ្ទះគោរពប្តី តែស្ត្រីក៏ជាដៃគូជួយ សេដ្ឋកិច្ចគ្រួសារបានយ៉ាងច្រើនផងដែរ។
រ៉េត សារីតា មានតែឪពុកបាត់បង់ម្តាយយូរមកហើយ នាងធ្លាប់រស់នៅផ្ទះជួល ដោយពុះពារព្យាយាម សារីតា ចាប់បានចំណេះដឹងខាងភាសាច្រើន។ ក្នុងនោះ ចេះយ៉ាងស្ទាត់ ខាងភាសាអង់គ្លេស បន្ទាប់មកបារាំង និងភាសាថៃខ្លះៗ។ សារីតា ចេះក្បាច់គុនល្បុក្កតោវាយតប់មិនអន់ដែរ ហើយចំណង់ចំណូលចិត្តគឺចង់ក្លាយជាអ្នកដឹកនាំភាពយន្តដ៏ឆ្នើមម្នាក់ក្នុង ប្រទេសកម្ពុជា ហើយក៏ធ្លាប់សម្តែងបានពានរង្វាន់ក្នុងសាច់រឿងមួយ នៃកម្មវិធីមហោស្រពភាពយន្តខ្មែរផងដែរ។
នាងលើកឡើងថា ស្ត្រីត្រូវរឹងមាំហើយជឿជាក់ ការជឿជាក់នេះហើយជួយអោយនាងដើរដល់គោលដៅពេលនេះ។
អ្នកនាង ប៊ុន ចាន់និមល ដែលមានប្រវត្តិក្នុងសិល្បៈជាអ្នកនិពន្ឋ បទចម្រៀង នៅផលិតកម្មសាន់ដេរ ហង្សមាស ហើយជាអ្នកដឹកនាំរឿងភាគមួយចំនួនដែរ។ បច្ចុប្បន្នជាចាងហ្វាងផលិតកម្ម សាស្ត្រាហ្វៀម បានលើកឡើងថា គ្មានអ្វីដែលស្ត្រីធ្វើមិនបានឡើយ ហើយស្ត្រីត្រូវតែឈរលើភាពច្បាស់លាស់ គោរពការងារ គោរពគ្រួសារ យិតយោងគ្នា ។ អ្នកនាងចង់បានការលើកទឹកចិត្តពីបុរសជាស្វាមី ដែលងាយសម្រេចគោលដៅ។
ចែករំលែកព័តមាននេះ