រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកាន់តែគៀកថ្ងៃសម្រាលហើយនោះ សុផា លីនដា បានបង្ហោះរូបភាពដ៏សិចស៊ីមួយសន្លឹកក្នុងសភាពពពោះជិតសម្រាលតាមគណនេយ្យហ្វេសប៊ុក ដែលរូបភាពនោះបានធ្វើឲ្យមហាជនមួយចំនួនបាននាំគ្នារិះគន់យ៉ាងខ្លាំង បើទោះបីជារូបភាពនោះ គឺជារូបបែបសិល្បៈក៏ដោយ។
ក្នុងឈុតអាវធំចំហរលេចបញ្ចេញក្បាលពោះ និងសុដន់ស្ទើរទាំងស្រុង ត្រូបាន សុផា លីនដា បង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះ អមជាមួយនឹងសារថា «ពេលវេលាដែលទទឹងរង់ចាំ និងជិតចូលមកដល់នៃការជួបមុខរបស់ my princess ម៉ាក់ៗប៉ាៗ»។ ខណៈពេលរូបភាពនេះ ក៏បានទទួលរងនូវការរិះគន់ដូចទឹកបាក់ទំនប់ពីមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក ដែលពួកគេចាត់ទុកថា ជារូបភាពមិនសមភ្នែក។
មនុស្សមួយចំនួនបានចាត់ទុកការបញ្ចេញរូបភាពបែបនេះពីតារារូបនេះថា មិនសមរម្យក្នុងនាមជាស្ត្រីខ្មែរ និងជាអ្នកសិល្បៈដែលជាមនុស្សរបស់មហាជន ខណៈពេលដែលមានអ្នកខ្លះបានប្រើពាក្យមិនសមរម្យ ពោលបែបអសុរផងដែរដាក់ទៅលើរូបនាង។
យ៉ាងណា សុផា លីនដា ហាក់មិនបានតបត ឬក៏មានការខឹងសម្បាខ្លាំងទៅលើអ្វីដែលមហាជនបានប្រើពាក្យមិនសមរម្យមកលើរូបភាពដែលនាងបានបញ្ចេញនោះឡើយ ប៉ុន្តែនាងត្រឹមតែសំណូមពរឲ្យអ្នករិះគន់ទាំងអស់នោះគួរប្រើពាក្យឲ្យបានសមរម្យនៅក្នុងការសរសេរខំមិនខាងក្រោមរូបភាពរបស់នាង។
ទោះជាបែបណា ទន្ទឹមនឹងការរិះគន់ពីមហាជនមួយចំនួននោះ ក៏មានមហាជនអ្នកគាំទ្រ ជាពិសេសបណ្តាមិត្តភក្តិអ្នកសិល្បៈដូចគ្នាបាននាំគ្នាសរសើរពីរូបសម្រស់របស់ សុផា លីនដា ដែលនៅតែស្រស់ស្អាត បើទោះបីជានាងកំពុងតែពពោះជិតសម្រាលក៏ដោយ។
ជាការកត់សម្គាល់ ការបញ្ចេញរូបភាពបែបសិចស៊ីក្នុងសភាពពោះពី សុផា លីនដា នាពេលនេះមិនមែនជាលើកទីមួយឡើយសម្រាប់អ្នកសិល្បៈខ្មែរ ពោលគឺកន្លងមកក៏មានអ្នកសិល្បៈមួយចំនួនទៀតក៏បានថតរូបនោះបង្ហោះតាមហ្វេសប៊ុកដូចគ្នានេះផងដែរ។ ទោះជាយ៉ាងណា រូបភាពដែល សុផា លីនដា បានបង្ហោះនាពេលនេះត្រូវបានគេចាត់ទុកថា វាជារូបភាពបែបសិល្បៈប៉ុណ្ណោះ ហើយវាក៏មិនហួសហេតុពេកដែរ ក្នុងនាមជាតារាសម្តែង និងបង្ហាញម៉ូតមួយរូប ដែលតែងតែបង្ហាញនូវរូបភាពប្លែកៗសម្រាប់អ្នកគាំទ្ររបស់ខ្លួន។
គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេ សុផា លីនដា នឹងទទួលស្វាគមន៍កូនស្រីរបស់នាងជាលើកដំបូងនៅអំឡុងខែមេសាខាងមុខនេះ បន្ទាប់ពីនាងបានសម្រេចភ្ជាប់ពាក្យរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយអនាគតស្វាមីដែលជាអាណិកជនខ្មែរមួយរូប។
ពិធីភ្ជាប់ពាក្យរបស់នាងបានធ្វើឡើងជាផ្លូវការកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ខណៈពេលដែលអ្នកទាំងពីរក៏បានចាប់ដៃគ្នារកស៊ីបើកភោជនីយដ្ឋាននៅសង្កាត់ទំនប់ទឹក ខាងក្រោយវិទ្យាស្ថានវ៉ាន់ដា ខណ្ឌចំការមន ដោយចំណាយទុនរួមគ្នារាប់ម៉ឺនដុល្លារ។
គូស្នេហ៍កញ្ញា សុផា លីនដា ឈ្មោះ កាន់ ប៊ុណ្ណា ត្រូវគេស្គាល់ថា ជាអ្នកជំនួញបានទៅរស់នៅ និងបន្តការសិក្សាឯរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកតាំងពីកុមារភាព ហើយលោកបានត្រឡប់មកដាក់ទុនរកស៊ីនៅទឹកដីកំណើតកាលពីជាង២ឆ្នាំមុន និងមានបទពិសោធន៍លើអាជីវកម្មភោជនីយដ្ឋានក្នុងចំណោមមុខរបរជាច្រើនទៀតផងដែរ។
តាំងពីភ្ជាប់ពាក្យបង្ហាញមុខអនាគតស្វាមីជាសាធារណៈនោះមក មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីស្រស់ម៉ូដែល សុផា លីនដា កាន់តែបង្ហាញភាពសិចស៊ី តាមរយៈការលេងស្ទីលសិចស៊ី សាច់សខ្ចី គួបផ្សំដើមទ្រូងមូលក្លំយ៉ាងទាក់ទាញជាបន្តបន្ទាប់៕









ចែករំលែកព័តមាននេះ