ខេត្តប៉ៃលិន ៖ ទោះបីជាការងារក្នុងរដ្ឋបាលខេត្ត មមាញឹកយ៉ាងណាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តមិនដែលភ្លេចដឹកនាំ និងចុះមើលក្រុមការងាររៀបចំម្ហូបអាហារជូនបងប្អូនពលករ ដែលកំពុងស្នាក់នៅធ្វើចត្ថាឡីស័កក្នុងខេត្តប៉ៃលិននោះឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះពិនិត្យដល់កន្លែងធ្វើម្ហូបអាហារ បាយសម្ល និងព្រមទាំងចុះដល់កន្លែងពលករកំពុងស្នាក់នៅធ្វើចត្តាឡីស័កផងដែរ។ ការចុះផ្ទាល់ដូចនេះដោយសារតែប្រភពព័ត៌មានបានឱ្យដឹងថា ៖
លោកជំទាវអភិបាលខេត្ត បារម្ភក្រែងក្រុមការងារធ្វើម្ហូបមិនឆ្ងាញ់ វេចខ្ចប់មិនបានល្អ និងបារម្ភដាក់តិច ខ្លាចបងប្អូនពិសារមិនឆ្អែត។ ពេលចុះដល់ទីតាំងចត្តាឡីស័ក បងប្អូនពលករបានសុំទឹកក្រូចត្រជាក់ៗ ក៏ចាត់ឱ្យក្រុមការងាររៀបចំចែកជូន រួមទាំងមីកញ្ចប់ ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអាហារសម្រន់ជូនពួកគាត់ផងដែរ ។
ប្រភពបន្តថា ក្រៅពីការចុះពិនិត្យខាងលើលោកជំទាវក៏បានឆ្លៀតពេល ចុះទៅពិនិត្យ ការដឹកទំនិញកសិផលចរាចរណ៍ចេញចូលនៅមាត់ច្រកទ្វារអន្តរជាតិព្រំដែន រវាងប្រទេសកម្ពុជា ថៃ។ ក្នុងនាមលោកជំទាវជាអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអភិបាលរង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បងប្អូនមន្ត្រីរាជការ ជុំវិញខេត្ត កូនៗយុវជន មីងៗ ពូៗ ក្រុមការងារទាំងអស់ដែលបានរួមសាមគ្គីគ្នា ចូលរួមគ្រប់សកម្មភាព ជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ដែលកុំឆ្លងរាលដាលនៅក្នុងសហគមន៍។ លោកជំទាវជូនពរ សូមជូនកុសលផលបុណ្យ ដែលយើងបានសាងរួមគ្នា នាពេលនេះ ទទួលបានដល់គ្រប់ៗគ្នា៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ