ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​តំណាង​ជាតិ​បញ្ចេញ​​ជា​ផ្លូវការ​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ហើយ អស្ចារ្យ​ណាស់​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កញ្ញាឯក Miss Grand Cambodia បាន​បញ្ចេញ​ឈុត​តំណាង​ជាតិ​ផ្លូវការ​ហើយ សម្រាប់​កញ្ញា លីវ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កញ្ញាឯក Miss Grand Cambodia បាន​បញ្ចេញ​ឈុត​តំណាង​ជាតិ​ផ្លូវការ​ហើយ សម្រាប់​កញ្ញា លីវ ជី​លី ត្រៀម​សម្រាប់​ការ​ប្រកួត​កម្មវិធី Miss Grand International 2020 ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​ផេ​ក​ផ្លូវការ​របស់ Miss Grand Cambodia កាលពី​ថ្ងៃ​ទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០២០​នេះ​។

បេក្ខភាព​តំណាង​ឱ្យ​កម្ពុជា កញ្ញា លីវ ជី​លី នឹង​ត្រូវ​គ្រង​ឈុត ស្ត្រី​ន្ទ្រ​វី​រៈ​ទេវី​នាគី​មហា​នាថ ដែល​ជា​ឈុត​ត្រៀម​សម្រាប់​យក​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ Miss Grand International 2020 នា​ពេល​ខាង​មុខ​នេះ ខណៈ​ពេល​ដែល​ឈុត​នេះ​បង្ហាញ​ពី​ភាពរឹងមាំ អង់អាច​ក្លាហាន​របស់​ស្ត្រី​ខ្មែរ ប្រកបដោយ​ភាព​ជឿជាក់​។

យ៉ាងណា បន្ទាប់​ពី​ការ​បញ្ចេញ​ឈុត​ផ្លូវការ​តំណាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ Miss Grand International 2020 ជា​ផ្លូវការ​ខាងលើ​នេះ គេ​សង្កេត​ឃើញ​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​សម្តែង​ការ​កោតសរសើរ​នូវ​ការ​រចនា​សម្លៀក​ដ៏​ល្អ​ឯក​មួយ​នេះ​ឡើង​។

ជាមួយ​សម្លៀក​បំពាក់​តំណាង​ជាតិ​ដ៏​ពិសិដ្ឋ រួម​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​ពី​កញ្ញា​លីវ ជី​លី ផង​នោះ គេ​រំ​ពឹ​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រកួត​នា​ពេល​ខាង​មុខ ហើយ​នេះ​ក៏​ជា​ការ​មុខមាត់​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​២៥ ឬ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​នេះ កញ្ញា លីវ ជី​លី នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ ទី​ដែល​នាង​នឹង​ត្រៀមខ្លួន​ដើម្បី​ការ​ប្រកួត​កម្មវិធី Miss Grand International 2020 ។

កម្មវិធី Miss Grand International 2020 នៅ​ព្រះរាជាណាចក្រ​ថៃ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ ក្នុង​នោះ​មានការ​អញ្ជើញ​ចូលរួម​ប្រកួត​ពី​បេក្ខភាព​កញ្ញាឯក​មក​ពី​បណ្តា​ប្រទេស​ច្រើន​ជាង​៧០​ប្រទេស ខណៈ​ពេល​ដែល​បេ​ក្ខ​នារី​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ មុន​ពេល​កម្ម​វី​ធី​សន្និសីទ​សារព័ត៌មាន និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ស្វាគមន៍ ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១​។

ជា​បន្តបន្ទាប់​កម្មវិធី​ផ្សេង​ៗ​ដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​បន្តបន្ទាប់​មាន​ដូច​ជា កម្មវិធី​ទស្សនកិច្ច ការ​ប្រកួត​ឈុត​ហែល​ទឹក ការ​ផ្តល់​កិច្ច​សម្ភាសន៍ ការ​ហាត់​សម​ឆាក ការ​ប្រកួត​ឈុត​តំណាង​ជាតិ ការ​បង្ហាញ​សមត្ថភាព ខណៈ​ដែល​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ត្រូវធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី​២៧ ខែមីនា​ឆ្នាំ​២០២១។

គួ​បញ្ជាក់​ថា លីវ ជី​លី ដែល​ជា​កញ្ញាឯក​រង​ទី​២ (2nd Runner-up) នៃ​កញ្ញាឯក​ដ៏​អស្ចារ្យ Miss Grand Cambodia 2020 ត្រូវ​បាន​ក្រុមហ៊ុន​ផ្ទេរតំណែង​ពី​កញ្ញា សេង រ​ដ្ឋា ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន ឱ្យ​នាង​បាន​ក្លាយជា​កញ្ញាឯក​តំណាង​ឱ្យ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​អន្តរជាតិ Miss Grand International 2020 ដែល​រៀបចំ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

ក្រោយ​ទទួល​បាន​តំណែង​ធំ​មិន​នឹក​ស្មាន​ដល់​នេះ កញ្ញា លីវ ជី​លី បង្ហាញ​ពី​អារម្មណ៍​រំភើប​ដោយសារ​មិន​នឹក​ស្មានថា ខ្លួន​អាច​មាន​ថ្ងៃនេះ បើ​ទោះបីជា​តួនាទី​ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដែល​ដើម​ឡើយ មិនមែន​ជា​មកុដ​របស់​នាង​ក៏​ដោយ ប៉ុន្តែ​នាង​សន្យា​ថា នឹង​តាំងចិត្ត​ធ្វើ​កិច្ចការ​មួយ​នេះ​ឱ្យ​បាន​ល្អ​តាម​សមត្ថភាព​ដែល​ខ្លួន​មាន ដើម្បី​បង្ហាញ​លើ​ឆាក​អន្តរជាតិ ហើយ ជា​ពិសេស​នាង​នឹង​ខិតខំ​បង្ហាញ​ពី​អ្វី​ដែល​ជា​វប្បធម៌​ជាតិខ្មែរ​ទៅ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់​កាន់តែ​ច្បាស់​។

កញ្ញា លីវ ជី​លី ដែល​ជា​អតីត​ម្ចាស់​ជ័យ​លា​ភី​រង​លំដាប់​ទី​២ និង​ជា​អតីត​បេក្ខភាព​តំណាង​ខេត្តបន្ទាយមានជ័យ នាង​មាន​អាយុ​២៤​ឆ្នាំ​កម្ពស់​១,៧០​ម៉ែត្រ បញ្ចប់​ការ​សិក្សា​ត្រឹម​ឆ្នាំ​ទី​៣​នៃ​ជំនាញ​ហិរញ្ញវត្ថុ​ធនាគារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ