រាជធានីភ្នំពេញ ៖ គិតត្រឹមខែ មករា ឆ្នាំ ២០២១ ប្រទេសកម្ពុជាមានកំណត់ត្រាអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ៨,៨៦ លាននាក់ ដែលបង្ហាញថាជំនាញឌីជីថលពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពដែលពោពេញដោយបច្ចេកវិទ្យា។ ជាមួយនេះដែរ ការចូលរួមរបស់ស្ត្រីនៅក្នុងពិភពឌីជីថលគឺជាកត្តាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដែលស្មើភាព។
នៅកំឡុងថ្ងៃទី ២៧ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំដំណាក់កាលទី ១ នៃគម្រោងជាសិក្ខាសាលាបានយ៉ាងជោគជ័យ ដែលប្រព្រឹត្តឡើងរយៈពេល ៥ ថ្ងៃ។ តាមរយៈសិក្ខាសាលានេះ សិស្សនិស្សិតស្រីចំនួន១៥នាក់មកពី ៤ ខេត្ត – ក្រុងបានរៀនជំនាញសំខាន់ៗអំពី ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹងអំពីសហគមន៍ យុទ្ធនាការឌីជីថល និងជំនាញគ្រប់គ្រងគម្រោង។
ក្រោមជំនួយពីមូលនិធិ Alumni Engagement Innovation Fund និង គាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា កម្មវិធី HER Project: Digital Edition បានផ្តួចផ្តើមឡើងក្នុងគោលបំណង បង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងការធ្វើការងារសង្គម និងសកម្មភាពឌីជីថល។ នៅកំឡុងពេលកម្មវិធី អ្នកចូលរួមបានឆ្លងកាត់វគ្គបណ្តុះបណ្តាល វគ្គចែករំឡែក ដំណើរទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងការរៀបចំគម្រោងធ្វើយុទ្ធនាការផ្សព្វផ្សាយខ្នាតតូច ដើម្បីសហគមន៍របស់ពួកគេ ក៏ដូចជាគម្រោងឌីជីថលទាក់ទងទៅនឹងសារៈសំខាន់ នៃការយល់ដឹងអំពីអំពីប្រពន្ធផ្សព្វផ្សាយ។
លោក Chad Roedemeier ដែលជាមន្ត្រីទំនាក់ទំនងសាធារណៈរបស់ស្ថានទូតអាមេរិក បានថ្លែងថា ៖ «ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃអនាគត ប្រទេសនីមួយៗត្រូវតែផ្ដល់សក្ដានុពលទៅដល់ក្មេងស្រី និងនារីនៅគ្រប់វិស័យ ជាពិសេសវិស័យបច្ចេកវិទ្យា។ សហរដ្ឋអាមេរិកពិតជាមានមោទនភាពដែលបានជួយដល់និស្សិតស្រីទាំង១៥រូប ដែលនឹងអាចក្លាយជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យានាថ្ងៃអនាគតរបស់កម្ពុជា»។
ឆ្លើយយតបទៅនឹងស្ថានភាពបច្ចុប្បន្ននៃជំងឺ កូវីដ-១៩ អ្នករៀបចំគម្រោង HER Project និងអ្នកចូលរួមទាំងអស់ បានចាត់វិធានការបង្ការទុកជាមុន និងអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងតឹងរឹងក្នុងរយៈពេលនៃការចូលរួមទាំងមូល។
គម្រោងនេះបានសហការជាមួយក្រុមដៃគូចម្រុះរាប់ចាប់ពីនិស្សិតក្មេងៗ ក្រុមសង្គមស៊ីវិល រហូតដល់អ្នកជំនាញ ដែលជួយបង្ហាញបន្ថែមទៀតពីគោលដៅនៃគម្រោង និងលើកកម្ពស់ការយល់ដឹងនិងការផ្តល់សិទ្ធិអំណាច ដល់ស្ត្រីក្នុងការកសាងនិងអភិវឌ្ឍសហគមន៍របស់ពួកគេ៕
ចែករំលែកព័តមាននេះ